ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​កា.ប់​-​ចាក់​គ្នា​ផ្អើល​សួន​ច្បារ​មុខ​ណា​ហ្គា​វើ​ល ចាប់ខ្លួន​បាន​២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​២​នាក់​ក្នុង​ចំណោម​ក្មេង​ស្ទាវ​២​ក្រុម​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ធ្វើការ​ឃាត់ខ្លួន ខណៈ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​កា.ប់​ចាក់​គ្នា​នៅ​ចំណុច …

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​២​នាក់​ក្នុង​ចំណោម​ក្មេង​ស្ទាវ​២​ក្រុម​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ធ្វើការ​ឃាត់ខ្លួន ខណៈ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​កាប់​ចាក់​គ្នា​នៅ​ចំណុច​លើ​សួនច្បារ​មុខ ណា​ហ្គា វើ​ល ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ស្ទាវ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន ១-​ឈ្មោះ ហូរ សី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក និង ២-​ឈ្មោះ ប៊ី សុ​វ​ណ្ណា​រាជ អាយុ ១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា​(​ជា​ក្រុម​តែ​មួយ​) ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ក្រុម​ក្មេង​ស្ទាវ​២​ក្រុម ដោយ​១​ក្រុម​មាន​គ្នា​មិន​តិច​ជាង​១០​នាក់ ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ និង​កាំបិត​គ្រប់​ៗ​ដៃ មិនដឹង​ជា​មក​ពី​ទីណា​ឡើយ បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ចាក់​គ្នា​នៅ​តាម​ដងផ្លូវ​សាធារណៈ​ដូច​ហ្វូងគោ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​សួនច្បារ​មុខ ណា​ហ្គា​វើ​ល ពួក​គេ​ក៏​បាន​ឈប់​ម៉ូតូ​ចុះ​ដេញ​កាប់​-​ចាក់​គ្នា​រត់​ប្រសេចប្រសាច​ពេញ​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​បង្ក្រាប ដោយ​ឃាត់ខ្លួន​បាន​២​នាក់ ដកហូត​ដាវ​សា​មូ​រ៉ៃ​១​ដើម និង​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BK-៨១២១ មួយ​គ្រឿង​ផង​ដែរ ។ ឆាកប្រយុទ្ធ​គ្នា​របស់​ក្រុម​ក្មេង​ស្ទាវ​ទាំង​ពីរ​ក្រុម​ខាងលើ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​មានការ​ខូចខាត​ម៉ូតូ​៣​គ្រឿង ហើយ​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​អស់ និង​មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ទាំង​២​នាក់ និង​ដកហូត​បាន​ដាវ​សា​ម៉ៃ​១​ដើម និង​ម៉ូតូ​១​គ្រឿង ដែល​ជា​វត្ថុ​តាង​រួច​ហើយ ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕