ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​សង្សារ​នឹង​គ្នា​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រុស​ម្នាក់​ស្រី​ម្នាក់​ដែល​ជា​សង្សារ​នឹង​គ្នា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ …

រាជធានី​ភ្នំពេញ ៖ ប្រុស​ម្នាក់​ស្រី​ម្នាក់​ដែល​ជា​សង្សារ​នឹង​គ្នា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ កៅ ឡុ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ  និង​ម្នាក់​ទៀត​ឈ្មោះ ធុ​ច ណា​លី ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺជា​សង្សារ​នឹង​គ្នា ហើយ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​តាម​បណ្ដា​ក្លឹ​ប​ឌី​ស្កូ​នានា​នៅ​ទូ​ទាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា ហើយ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​តែ​ម្តង ។ ដោយ​ដំបូង​បាន​ចុះ​ទៅ​កាន់​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទៅ​តាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ពេល​ទៅ​ដល់​កម្លាំង​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​១​កញ្ចប់​តូច ។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​ចាប់ខ្លួន និង​ធ្វើការ​សួរនាំ ជនសង្ស័យ​ជានា​រី​បាន​ប្រាប់​ថា នៅ​មាន​ថ្នាំ​ញៀន​១​កញ្ចប់​ធំ​នៅ​ក្នុង​បន្ទប់​ជួល​បងស្រី​របស់​នាង ចំណែក​ជនសង្ស័យ​ដែល​ជា​យុវជន​បាន​ប្រាប់​ថា ខ្លួន​បាន​លាក់​ទុក​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​បងប្រុស​របស់​ខ្លួន ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​សួរនាំ​ដឹង​សាច់​រឿង កម្លាំង​បាន​នាំ​ពួក​គេ​ទៅ​ឆែកឆេរ បន្ទប់​ជួល​លេខ​១៣ ជាន់​ទី​១ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​បន្ទប់​របស់​បងប្រុស​ជនសង្ស័យ​ឈ្មោះ កៅ ឡុ​ង ហើយ​បាន​រក​ឃើញ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​មែន ។ បន្ទាប់​មក​កម្លាំង​បាន​នាំ​ពួក​គេ​ទៅ​ឆែក​បន្ទប់​មួយទៀត លេខ​១៥ ស្ថិត​នៅ​ខាងក្រោយ​រោងចក្រ​កាត់ដេរ ប៊ឺ​រី ស្ថិត​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​បន្ទប់​បងស្រី​របស់​ជនសង្ស័យ​ឈ្មោះ ធុ​ច ណា​លី ។ ពេល​ទៅ​ដល់​ស្ត្រី​សង្ស័យ​បាន​ចាក់សោ​ទ្វារ​បន្ទប់​ដោយ​ខ្លួនឯង​ព្រោះ​នាង​មាន​កូនសោ​ជាប់​ខ្លួន ហើយ​រត់​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​បម្រុង​យក​ថ្នំ​ញៀន​ដែល​លាក់​នៅ​ក្នុង​សុដន់​បោះចោល​ក្នុង​បង្គន់ ប៉ុន្តែ​ខណៈនោះ​កម្លាំង​បាន​រត់​ចូល​ទៅ​តាម​ក្រោយ ហើយ​ឲ្យ​ស្ត្រី​នោះ​លាត់​អាវ​ស្រាប់តែ​ជ្រុះ​ថ្នាំ​ញៀន​មក​១​កញ្ចប់​ធំ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​៣០០​ដុល្លារ និង​១​កញ្ចប់​តូច​ទៀត​ផង​ដែរ ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយមក​កម្លាំង​បាន​ឆែកឆេរ​រក​គ្រឿងញៀន​បន្លែ​ម​ទៀត ប៉ុន្តែ​មិន​មាន​នោះ​ទេ គឺ​មាន​តែ​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ចំណែក​ថ្នាំ​ញៀន​ដែល​ស្ត្រី​សង្ស័យ​អះអាង​ថា​លាក់​នៅ​ក្នុង​បន្ទប់​បងស្រី​១​កញ្ចប់​ធំ​នោះ មិន​មាន​ទេ គឺ​១​កញ្ចប់​ធំ​ដែល​នាង​លាក់​នៅ​ក្នុង​សុដន់​នោះ​ហើយ ។ បន្ទាប់​មក​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​នាំ​ទៅ​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕