ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ផ្ដល់​ឱកាស​ដល់​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ជំរុញ​ឲ្យ​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍​ចូលរួម​ការ​ប្រកួតប្រជែង​សហគ្រិន​វ័យក្មេង​ពិភពលោក ថែម​ទាំង​ប្រកាស​ផ្តល់​អ្នកជំនាញ​ឲ្យ​ជួយ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ជំរុញ​ឲ្យ​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍​ចូលរួម​ការ​ប្រកួតប្រជែង​សហគ្រិន​វ័យក្មេង​ពិភពលោក ថែម​ទាំង​ប្រកាស​ផ្តល់​អ្នកជំនាញ​ឲ្យ​ជួយ​រៀបចំ​ដំណើរការ​អាជីវកម្ម​ទៀត​ផង ។

លោក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ នៅ​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី « ការ​ត្រៀមខ្លួន​របស់​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដើម្បី​ចូលរួម​ការ​ប្រកួត​ប្រជែង​សហគ្រិន​វ័យក្មេង​ពិភពលោក​ឆ្នាំ​២០១៧» កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា សហគ្រិន​វ័យក្មេង​ដែល​ទើប​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន សូម​ចូលរួម​ប្រកួត ហើយ​ការ​ប្រកាស​ជ័យ​លា​ភី នឹង​ប្រព្រឹត្ត​ទៅ​នា​ឱកាស​វេទិកា​ទេសចរណ៍​ពិភពលោក (World Tourism Forum) នៅ​ទីក្រុង Luoem ប្រទេស​ស្វ៊ី​ស ក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០១៧​ខាង​មុខ ។ ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​ផ្តល់​ឱកាស​ឲ្យ​សហគ្រិន​វ័យក្មេង​កម្ពុជា​ទទួល​បាន​នូវ​គំនិត​ថ្មី​ៗ ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ​ទេសចរណ៍ ក៏​ដូច​ជា​កិត្យានុភាព​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ផ្តល់​អ្នកជំនាញ​បរទេស​ដល់​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍ ដែល​មាន​តម្រូវការ​ផ្នែក​បច្ចេកទេស​ក្នុង​ការ​បង្កើត​អាជីវកម្ម​ថ្មី ដោយ​ក្រសួងទេសចរណ៍​អញ្ជើញ​អ្នកជំនាញ​ប្រមាណ​ជាង​៧០០​រូប​ក្នុង​បណ្តាញ​របស់​ខ្លួន ដែល​ភាគច្រើន​ជា​អ្នកជំនាញ​ចូល​និវត្តន៍​មានបទពិសោធន៍​ខ្ពស់ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Swisscontact ។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​បាន​ប្រកាស​ឲ្យ​មណ្ឌល​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ចូលរួម​បណ្តុះបណ្តាល​ជំនាញ​ដល់​បុគ្គលិក​របស់​ខ្លួន ក្នុង​ទម្រង់​ជា​ការ​បណ្តុះ​បណ្តាល​​ខាងក្នុង (In-House Training) ដោយ​ក្រសួង​នឹង​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល ព្រមទាំង​ជួយ​បណ្តុះបណ្តាល​ម្ចាស់​អាជីវកម្ម ឬ​អ្នកគ្រប់គ្រង​ឲ្យ​មាន​សមត្ថភាព​បណ្តុះ​បណ្តាល​បន្ត​ដល់​បុគ្គលិក​របស់​ខ្លួន ។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​៥​លាន​នាក់ កើនឡើង​៥% និង​បង្កើត​ការងារ​សរុប (​ការងារ​ផ្ទាល់ និង​មិន​ផ្ទាល់​) ចំនួន​២,៣​លាន​នាក់ ប្រមាណ​ជាង​២៧% ក្នុង​នោះ​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​១,២​លាន​នាក់​ស្មើនឹង​១៤%​នៃ​ការងារ​សរុប ដោយ​បង្កើត​ចំណូល​ចូល​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ ស្មើនឹង​១៣,៥%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)៕