ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​នឹង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេដ្ឋវិទូ​កម្ពុជា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​នឹង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​មក​កម្ពុជា បន្ទាប់​ពី

រាជធានី​ភ្នំពេញ ៖ សេដ្ឋវិទូ​កម្ពុជា​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​នឹង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​មក​កម្ពុជា បន្ទាប់​ពី Poipet PPSEZ Co. Ltd បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ថៃ ដើម្បី​បញ្ជូន​ប្រព័ន្ធ​អគ្គិសនី​មានគុណ​ភាព​មក​កាន់​តំបន់​នេះ ។

កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ កន្លង​ទៅ ក្រុមហ៊ុន Poipet PP SEZ Co. Ltd ជា​បុត្រ​សម្ព័ន្ធ​របស់ Phnom Penh SEZ PLC បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន B. Grimm Power Public Company Limited ជា​សមាជិក​របស់​ក្រុមហ៊ុន B. Grimm Group របស់​ប្រទេស​ថៃ ក្នុង​ការ​ផ្ដល់​សិទ្ធិ​ផ្ដាច់មុខ​ឲ្យ​ក្រុមហ៊ុន​ថៃ​មួយ​នេះ​ធ្វើការ​អភិវឌ្ឍ និង​ប្រ​តិ​ប​តិ្ត​ការ​សមត្ថភាព​បញ្ជូន​ថាមពល​អគ្គិសនី តាម​រយៈ​កិច្ចព្រមព្រៀង​ជាវ​ថាមពល​អគ្គិសនី (PPA) សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PP SEZ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​នៅឡើយ ។

ការ​ចុះ​អនុស្សរណៈ​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​សិក្សា​លទ្ធភាព​សម្រាប់​ការ​សាងសង់​ខ្សែ​បញ្ជូន​ថាមពល​ទំហំ​២២​គីឡូវ៉ុល ដែល​មាន​ចម្ងាយ​១២,៤​គីឡូម៉ែត្រ​សម្រាប់​ដំណាក់កាល​ដំបូង ដោយ​ត​ភ្ជាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ជាមួយ​អនុ​ស្ថានីយ​ចែកចាយ​ថាមពល​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា តាម​រយៈ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ លោក​រំពឹង​ថា ក្រុមហ៊ុន​ជប៉ុន​នៅ​ប្រទេស​ថៃ​កាន់តែ​ច្រើន​នឹង​មក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​តម្លៃ​ពលកម្ម​នៅ​ប្រទេស​ថៃ​ឡើង​ខ្ពស់ ហើយ​ថៃ​កំពុង​ជួប​ការ​ខ្វះខាត​កម្លាំង​ពលកម្ម ដោយសារ​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ថៃ​បាន​ឡើង​ដល់​កំពូល​រួច​ទៅ​ហើយ ។ លោក​បន្ត​ថា ក្រុមហ៊ុន​វាយនភ័ណ្ឌ​នៅ​ប្រទេស​ថៃ​មាន​ជាង​២​ពាន់​ក្រុមហ៊ុន ពួក​គេ​នឹង​មក​ពង្រីក​ផលិតកម្ម​នៅ​កម្ពុជា បន្ទាប់​ពី​កិច្ចព្រមព្រៀង​នៃ​ការ​បញ្ជូន​បណ្តាញ​អគ្គិសនី​ប្រកបដោយ​គុណភាព​មក​ពី​ប្រទេស​ថៃ ។

លោក​បន្ថែម​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ថៃ​នេះ ជា​ក្រុមហ៊ុន​ឈានមុខ​គេ ខ្លាំង​ជាងគេ​មួយ​ក្នុង​ការ​ចែកចាយ​បណ្តាញ​អគ្គិសនី ពេល​ក្រុមហ៊ុន​នេះ​ទៅ​កាន់​ទីណា ក្រុមហ៊ុន​ជប៉ុន​នឹង​ទៅ​កាន់​ទីនោះ​ជាមួយ​គ្នា ហើយ​អនុស្សរណៈ​នេះ ខ្មែរ​ក៏​ចំណេញ ថៃ​ក៏​ចំណេញ តាម​រយៈ​ការ​សហការ​គ្នា​ក្នុង​រូបភាព​កម្ពុជា​ជា​កូនពៅ ថៃ​ជា​កូនច្បង ហើយ​ជប៉ុន​ជា​អ្នក​មក​វិនិយោគ ។

លោក​បណ្ឌិត ម៉ី កល្យាណ បន្ត​ថា ៖ «​គម្រោង​នេះ​មិន​ផ្តល់​ផល​ចំណេញ​តែ​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្តល់​ផល​ចំណេញ​ដល់​សង្គម​ផង​ដែរ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ ។ ដូច្នេះ រាជរដ្ឋាភិបាល​គួរតែ​ជំរុញ​ការងារ​នេះ​បន្ត​ទៀត ព្រោះ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ » ។

លោកស្រី Preeyanart Soontornwata ប្រធាន​ក្រុមហ៊ុន B. Grimm Power បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​នេះ​មាន​ទំហំ​ទឹកប្រាក់​ចន្លោះ​ពី​២​ទៅ​៣​លាន​ដុល្លារ ។ តាម​រយៈ​នេះ ក្រុមហ៊ុន​នឹង​ផ្ដល់​សមត្ថភាព​ផ្គត់ផ្គង់​បន្ថែម​ទៀត​ទៅ​តាម​តម្រូវការ​របស់​ក្រុមហ៊ុន ដែល​នឹង​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​មួយ​នេះ​នា​ពេល​អនាគត​។​លោកស្រី​បន្ត​ថា គម្រោង​នេះ​មិន​ត្រូវការ​ថវិកា​ធំ​ពេក​ទេ ហើយ​សម្រាប់​ដំណាក់កាល​ដំបូង គឺ​ត្រូវ​បោះទុន​វិនិយោគ​៣​លាន​ដុល្លារ​ប៉ុណ្ណោះ ។

លោក​ជំទាវ​ឧកញ៉ា លី​ម ឈី​វ​ហូរ ប្រធាន​ក្រុមហ៊ុន Phnom Penh SEZ PLC ថ្លែង​ថា កិច្ចព្រមព្រៀង​ថាមពល​នេះ នឹង​ជួយ​ឲ្យ​មានការ​អភិវឌ្ឍ​កាន់តែ​ធំ ផលិតកម្ម​ជំនាញ​ខ្ពស់​ដូច​ជា​គ្រឿង​អេ​ឡិច​ត្រូ​និក​ជាដើម នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Poipet PP SEZ ។ ក្រុមហ៊ុន​កំពុង​សម្លឹង​មើល​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ផលិតកម្ម​របស់​ប្រទេស​ជប៉ុន ដែល​ត្រូវការ​អគ្គិសនី ដោយ​ក្រុមហ៊ុន​ភាគច្រើន​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ​ប្រតិបត្តិការ​រួច​ហើយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ៕