ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​ឌុប​​ត្រូវ​​ចោរ​ប្លន់​វាយ​ផុង​លលាដ៍​យក​ប្រាក់​ និង​ម៉ូតូ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ស្ទាក់​វាយ​នឹង​ដុំថ្ម​ផុង​លលាដ៏​ក្បាល​បណ្តាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ទៅសង្គ្រោះ​ដល់​​​មន្ទីរ​ពេទ្យ​កាល់​ម៉ែត កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២១ មីនា។ ការ​ស្ទាក់​វាយ​រហូត​ដល់​ស្លាប់​នេះ​ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២០ មីនា នៅ​តាម​ផ្លូវ​K5 ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ ខណៈ​ពេល​​ជន​រង​គ្រោះ​ដឹក​ម៉ូយ​ជា​ជន​ដៃ​ដល់​ម្នាក់​ទៅ​កន្លែង​ស្ងាត់ ហើយ​បក្ស​ពួក​៤​នាក់​ទៀត​ស្ទាក់​ចាំ​វាយ។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា ការ​ស្ទាក់​វាយ​នេះ​ជា​អំពើ​វាយ​ប្លន់​យក​ប្រាក់ និង​ម៉ូតូ។ ទោះ​បី​ជា​យ៉ាង​ណា​​ក្តី ចោរ​យក​ម៉ូតូ​មិន​បាន​ឡើយ។ ភ្លាម​ៗ​​នោះ​សមត្ថ​កិច្ច​មូល​ដ្ឋាន​មិន​បាន​សួរ​នាំ​​ជុំ​វិញ​ហេតុ​ការណ៍​នោះ​ទេ រហូត​ដល់​ជន​រង​គ្រោះ​ស្លាប់​ទើប​​ទៅ​សួរ​នាំ​នៅ​កន្លែង​កើត​ហេតុ។ អ្នក​រត់​ម៉ូតូ​ឌុប​​នោះ​ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា ឈ្មោះ​កែវ វ៉ារិ ហៅ​ម៉ៅ ​អាយុ​៣៤​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​លេខ​០៦២ ផ្លូវ​លេខ​៩៣ ភូមិ​ទួល​សង្កែ សង្កាត់​​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ បាន​រង​របួស​​ផុង​​លលាដ៏​ក្បាល ហើយ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។ អ្នក​រត់​ម៉ូតូ​ឌូប​ដូច​គ្នា​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​​ចាំ​ដឹក​ម៉ូយ​នៅ​ក្បែរ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា រង្វង់​មូល​ស្តាត​ចាស់ ហើយ​បាន​ឌុប​ម៉ូយ​ម្នាក់​​ទៅ​ចំណុច​ផ្លូវ​K5 កន្លែង​កើត​ហេតុ ​ក៏​រង​គ្រោះ​តែ​ម្តង ៕