ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​មានអី​មិន​ប្រក្រតី​ហើយ​មើលទៅ​បានជា​ចុះ​រត់គេច​បាត់​បែប​នេះ?

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​ពេល​បើក​វាង​បា​រ៉ា​ស់​ក៏​ជ្រុល​ទៅ​បុក​ស្លាក​គណបក្ស ហើយ​ស្រាប់តែ​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់ ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍ …

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង​ពេល​បើក​វាង​បា​រ៉ា​ស់​ក៏​ជ្រុល​ទៅ​បុក​ស្លាក​គណបក្ស ហើយ​ស្រាប់តែ​អ្នកបើកបរ​ចុះ​រត់គេច​ខ្លួន​បាត់ ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​នាំ​គ្នា​និយាយ​ថា ទូ​កុងតឺន័រ​នេះ​សង្ស័យ​ផ្ទុក​អីវ៉ាន់​ខុសច្បាប់ ឬ​ក៏​អ្នកបើកបរ​ចង់​យក​ទូ​កុងតឺន័រ​ទៅ​វះ​ដើម្បី​លួច​យក​អីវ៉ាន់​ហើយ​មើលទៅ ។ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៥ (​ផ្សារ​ស្លាប​លែង​បា​ង្ក​សី​) ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោក នួន សុខុម អាយុ​៥៦​ឆ្នាំ ជា​មេ​ភូមិ​ត្រពាំង​ខ្យង បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​រូប​លោក​កំពុង​នៅផ្ទះ​ជា​ធម្មតា ស្រាប់តែ​រថយន្ត​ដឹក​ទូ​កុងតឺន័រ​១​គ្រឿង បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​កន្លែង​ដាក់​បា​រ៉ា​ស់​អ្នកបើកបរ​បាន​ឈប់​ចុះ​មើលផ្លូវ ដោយ​បា​រ៉ា​ស់ទាប​ជាង​ដំបូល​ទូ​កុងតឺន័រ​ក៏​បាន​បើក​វៀង​មក​ខាងឆ្វេង​ដៃ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​ស្លាក​គណបក្ស​ប្រជាជន​ខូច​អស់​១​ផ្ទាំង ។

លោក​មេ​ភូមិ​បន្ត​ថា ក្រោយ​ពេល​ជ្រុល​ចង្កូត​បុក​ស្លាក​គណបក្ស​រួច អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​បណ្ណ​បើកបរ​នៅ​លើ​ឡាន​១​សន្លឹក​មានឈ្មោះ ប្រាក់ សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។ រថយន្ត​បង្ក​ម៉ាក​យូ​ឌី ក្បាល​ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​3A-0833 ចំណែក​កន្ទុយ​កុងតឺន័រ ពាក់​ស្លាក​លេខ 4A-1407 ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​លើក​ឡើង​ថា ឡាន​ដឹក​ទូ​កុងតឺន័រ​នេះ​អាច​ផ្ទុក​អីវ៉ាន់​ល្មើសច្បាប់​ណាមួយ​ដែល​ច្បាប់​ហាមឃាត់ ឬ​ក៏​រត់គេច​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​ណាមួយ​ហើយ បើ​មិន​ដូច្នោះ​ទេ​អាច​អ្នកបើកបរ​មាន​បំណង​នាំ​យក​កុងតឺន័រ​នេះ​ទៅ​វះ​ដើម្បី​លួច​យក​អីវ៉ាន់​ហើយ​មើលទៅ​បានជា​គ្រាន់តែ​ជ្រុល​ចង្កូត​ប៉ុណ្ណឹង​ក៏​រត់គេច​ខ្លួន​ដែរ ។

ទោះបីជា​យ៉ាងណា ទាំងនេះ​គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ រឿងរ៉ាវ​ពិត​យ៉ាងណា​នោះ​ទាល់តែ​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​បន្ត​ចំពោះ​ករណី​នេះ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​លើក​ឡើង​ថា នេះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។ ក្នុង​នេះ​ផង​ដែរ​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ទូ​កុងតឺន័រ​ដែល​មាន​ភិនភាគ​ដូច​រូបភាព​នេះ​សូម​មក​ទំនាក់ទំនង​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ស្នើ​សុំ​យក​ឡាន​ត្រឡប់​ទៅ​វិញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​វាស់វែង​រាយការណ៍​ទៅ​ថ្នាក់លើ​រួចរាល់​អស់ហើយ ដើម្បី​សុំ​គោលការណ៍​បន្ត​បើសិនជា​ស្រាវជ្រាវ​រក​ម្ចាស់​ឡាន​មិនឃើញ ៕