ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​កង់​ទៅ​ទិញ​ផ្លែ​ឈើ​លក់ ត្រូវ​រថយន្ត​បុក​ទាំង​២​នាក់​បងប្អូន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បងប្អូន​ជីដូនមួយ ខណៈ​ជិះ​កង់​២​គ្រឿង​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​ដើម្បី​យក​ទៅ​លក់​បន្ត ស្រាប់តែ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​បើក​មក​បុក​ …

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បងប្អូន​ជីដូនមួយ ខណៈ​ជិះ​កង់​២​គ្រឿង​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​ដើម្បី​យក​ទៅ​លក់​បន្ត ស្រាប់តែ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​បើក​មក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​២០​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន ឡោ​ទី​ហ្វា​ង ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

អ្នក​បើករថយន្ត​បង្ក​ឈ្មោះ ត្រាំ​ង ហ៊ុយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៣១ ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ ចំណែក​ជន​រង​គ្រោះ ម្នាក់​ឈ្មោះ សំរិត សា​រម្យ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​លក់​ផ្លែ​ឈើ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៥០៨ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រង​របួស​បាក់ជើង​ខាងឆ្វេង និង​ម្នាក់​ទៀត​ឈ្មោះ ផែង សុភា អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ​ខាងលើ រង​របួសស្រាល ។

តាម​សម្តី​ជន​រង​គ្រោះ​ដែល​រង​បួស​ស្រាល​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូប​គាត់​មាន​២​នាក់​បងប្អូន​ជីដូនមួយ​បាន​ជិះ​កង់​ម្នាក់​មួយ​ចេញពីផ្ទះ​នៅ​ម្តុំ​បឹង​ត្របែក គោលបំណង​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​ដើម​ដឹក​ដើរ​លក់​បន្ត ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើត​ស្រាប់តែ​រថយន្ត​ម៉ាក SIENNA XLE ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 2A-2100 ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ស្របគ្នា​ក្នុង​ល្បឿន​លឿន និង​ស្រវឹង បាន​រេ​ចង្កូត​ទៅ​បុក​គាត់​ទាំង​ពីរ​នាក់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ប្អូនប្រុស​របស់​គាត់​ដួល​រង​របួស​បាក់ជើង​ខាងឆ្វេង​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ហុង ហាក់ ចំណែក​រូប​គាត់​វិញ​រង​របួស រលាត់​ដៃជើង​ស្រាល​មិន​បាន​ទៅ​ពេទ្យ​តែ រីឯ​កង់​រង​កា​ខូចខាត​វៀច​ខ្នង​ក្រោយ​ទាំង​ពីរ ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា បន្ទាប់​ពី​បុក​ពួក​គាត់​រួច រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ចរាចរណ៍​បាក់​អស់​១​ដើម រួច​បាន​ជ្រុល​ទៅ​បុក​ដើម​តា​សេក​ទៀត ធ្វើ​ឲ្យ​រថយន្ត​ស្រុញ​ខ្ទេច​ផ្នែក​ខាង​មុខ និង​ផ្ទុះ​ពោង​សុវត្ថិភាព ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​អត់​មាន​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​មក​ដល់​ក៏​ធ្វើការ​វាស់វែង រួច​បាន​យក​រថយន្ត កង់ ព្រមទាំង​អ្នកបើកបរ ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕