ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​គី​ហ្ស៊ុណា​ជប៉ុន​-​កម្ពុជា​លើក​ទី​៦នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃនេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) និង​មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន​នៅ​អាស៊ី ក្រោម​ការ​ឧបត្ថម្ភ​ពី​ …

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) និង​មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន​នៅ​អាស៊ី ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ANA​អ៊ែ​រឡាញ នឹង​រៀបចំ​មហោស្រព​គី​ហ្ស៊ុ​ណា​ជប៉ុន​-​កម្ពុជា​លើ​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល CJCC ស្ថិត​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ កន្លង​មក ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ពិធី​មហោស្រព​នេះ មាន​រៀបចំ​កម្មវិធី​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា ការ​សម្ដែង​សិល្បៈ សិក្ខាសាលា​នៃ​ការ​សម្ដែង​ក្បាច់​រាំ​ទំនើប​ជប៉ុន ការ​បង្ហាញ​ជូន​នូវ​កីឡា​យុទ្ធ​សិល្ប៍ ការ​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់ ការ​ស្លៀកពាក់​បែប​តុក្កតា​ជប៉ុន​(​ខូ​ស​ផ្លេ​) ការ​បង្ហាញ​ជូន​នូវ​ការ​គណនា​លេខ​យ៉ាង​រហ័ស​ដោយ​ប្រើ​ក្បាច់​គិត​លេខ​បុរាណ សិល្បៈតុបតែង​ផ្កា និង​ការ​សរសេរ​អក្សរ​ផ្ចង់ ថ្នាក់រៀន​ធ្វើ​មី​ជប៉ុន ព្រមទាំង​បាឋកថា និង​ការ​តាំងពិព័រណ៍​ផ្សេង​ៗ​ទៀត ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ៖ «​ប្រធានបទ​ក្នុងឆ្នាំនេះ​គឺ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ហៅ​ថា «Fly to Japan» ដែល​ជា​ការ​ស្វាគមន៍​ការ​ហោះហើរ​ត្រង់​រវាង​ប្រទេសកម្ពុជា​និង​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ ។ យើងខ្ញុំ​សង្ឃឹមថាប្រធានបទ​ក្នុង​មហោស្រព​នេះ​នឹង​អាច​ឱ្យ​ប្រជាជន​កម្ពុជា មាន​អារម្មណ៍​កាន់តែ​ខិត​ជិត​ប្រទេស​ជប៉ុន ហើយ​ជំរុញ​ឱ្យ​ពួក​គេ​មាន​ចំណាប់អារម្មណ៍ ទៅ​លេង​ប្រទេស​ជប៉ុន​ផង​ដែរ​»​ ។

ទាក់ទង​នឹង​មហោស្រព​គី​ហ្ស៊ុណា​ជប៉ុន​-​កម្ពុជា​នេះ លោកស្រី កា​អូ​រិ តា​ណា​បេ លេខា​ទី​២​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ថា នៅ​អំឡុង​ឆ្នាំ​២០១១ ប្រទេស​ជប៉ុន​បាន​រង​គ្រោះ​ដោយ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មិ​ដ៏​ធ្ងន់ធ្ងរ ហើយ​គ្រានោះ​មាន​ប្រជាជន​ខ្មែរ​បាន​ចូលរួម​ជួយ​សង្គ្រោះ​ប្រជាជន​ជប៉ុន​ពី​គ្រោះ​ធម្មជាតិ​មួយ​នេះ ។ ចាប់ពី​ពេល​នោះ​មក ប្រទេស​ជប៉ុន​ក៏​បាន​រៀបចំ​មហោស្រព​នេះ​ឡើង ដើម្បី​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​២​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ដែល​បាន​ចាប់ផ្ដើម​ប្រារព្ធ​លើក​ទី​១​នៅ​ឆ្នាំ​២០១២ ។

លោកស្រី​ថ្លែង​ថា ៖ «​ពាក្យ គី​ហ្ស៊ុ​ណា មាន​ន័យ​ថា ចំណងទាក់ទង​ជាមួយ​មនុស្ស​សំខាន់​ៗ ដូច​ជា​គ្រួសារ សមាជិក​ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ​ដែល​សំខាន់​បំផុត​សម្រាប់​យើង ។ ដូច្នេះ​ហើយ​យើង​ប្រើ​ពាក្យ​ហ្នឹង​គឺ​សម្រាប់​តែ​មនុស្ស​សំខាន់​ៗ​ប៉ុណ្ណោះ អី​ុ​ចឹ​ង​ហើយ​បាន​យើង​ដាក់​ឈ្មោះ​មហោស្រព​គី​ហ្សុ​៊​ណា​ជប៉ុន​-​កម្ពុជា ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ជប៉ុន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​»​។

គួរ​រំឭក​ថា កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ ម​ហោស្រព​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​១៨.០០០​នាក់ ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​២​ម៉ឺន​នាក់​សម្រាប់​រយៈពេល​៤​ថ្ងៃ​នៃ​កម្មវិធី​នេះ ៕