ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FASMEC គ្រោង​បង្កើត​ការិយាល័យ SME ឱ្យ​បាន​គ្រប់​រាជធានី​-​ខេត្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ហៅ​កាត់​ថា FASMEC គ្រោង​នឹង​បើក​ការិយាល័យ​គ្រប់​បណ្តា​រាជធានី​-​ខេត្ត​ទាំង​២៥​នៅ​ទូ​ទាំង​ប្រទេស …

រាជធានី​ភ្នំពេញ ៖ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ហៅ​កាត់​ថា FASMEC គ្រោង​នឹង​បើក​ការិយាល័យ​គ្រប់​បណ្តា​រាជធានី​-​ខេត្ត​ទាំង​២៥​នៅ​ទូ​ទាំង​ប្រទេស មុន​ខែមេសា ខាង​មុខ ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន FASMEC បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ កន្លង​មក​ថា រហូត​មក​ទល់​ពេល​នេះ FASMEC បាន​បើក​ការិយាល័យ​ចំនួន​១៨​រាជធានី​-​ខេត្ត​ហើយ និង​គ្រោង​ពង្រីក​ឲ្យ​បាន​គ្រប់​រាជធានី​-​ខេត្ត​នៅ​មុន​ខែមេសា មុន​ពេល​ពួក​គេ​ជួបជុំ​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​គ្រោង​រៀបចំ​នៅ​ក្នុង​អំឡុង​ខែមេសា ខាង​មុខ ។

លោក​បន្ត​ថា ៖ « FASMEC ចង់​ឲ្យ​មាន​សហគ្រាស​គ្រប់​រាជធានី​-​ខេត្ត ដើម្បី​អាច​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​នេះ ។ ពួក​គេ​អាច​បង្កើត​សួន​ឧស្សាហកម្ម​នៅ​តាម​បណ្តា​ខេត្ត​របស់​ខ្លួន អនុលោម​តាម​ធនធាន និង​ផលិតផល​កសិកម្ម ដែល​មាន​សក្តានុពល​សម្រាប់​ខេត្ត​នីមួយ​ៗ » ។ លោក​បន្ត​ថា ៖ « ខេត្ត​ខ្លះ​មាន​ពោត ដំឡូង​មី ស្រូវ និង​ល្ង ជាដើម ។ ដូច្នេះ អ្នក​នៅ​ក្នុង​វិស័យ​នេះ​អាច​កែ​ច្នៃ​នៅ​តាម​បណ្តា​ខេត្ត​របស់​ខ្លួន មិន​ចាំបាច់​មក​បង្កើត​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ » ។

លោក​ឧកញ៉ា តែ តាំង​ប៉ បន្ថែម​ថា អ្វី​ដែល​លោក​បាន​និង​កំពុង​ខិតខំ​ធ្វើ គឺ​ធ្វើ​ដោយ​កម្លាំងកាយ​ចិត្ត ហើយ​រាជរដ្ឋាភិបាល​ជា​អ្នកគាំទ្រ​គោលនយោបាយ ។ ចំណែក FASMEC អាច​ជួយ​ផ្តល់​ទុន​បាន មិន​អាច​ជួយ​អ្វី​លើស​ពី​នេះ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ទេ ។

យោង​តាម​ការ​អង្កេត​របស់​ក្រសួងផែនការ​រក​ឃើញ​ថា កម្ពុជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​៦៣​ម៉ឺន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា មានការ​រីក​ចម្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ឲ្យ​វាស់វែង​ថា រីក​ចម្រើន​កម្រិត​ណា លោក​មិន​អត្ថាធិប្បាយ​នោះ​ទេ ប៉ុន្តែ​អ្វី​ជា​ការ​កត់សម្គាល់​របស់​លោក គឺ SME នាំ​ចូល​ផលិតផល​ពី​បរទេស​ច្រើន ជា​ជាង​ការ​ផលិត​ក្នុងស្រុក ។ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ថៃ វិស័យ SME មានការ​រីក​ចម្រើន ដោយសារ​មាន​ស្ថាប័ន​ធំ​ៗ​របស់​ពួក​គេ​ជួយ​ជា​បច្ចេកទេស ជួយ​ជា​ទុន និង​ការ​គាំទ្រ​ផ្សេង​ៗ​ទៀត ។

លោក​បន្ត​ថា កន្លង​មក មាន​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) ជួយ​វិស័យ​នេះ​ដែរ ប៉ុន្តែ​ការ​និយាយ​ឬ​ធ្វើ​មាន​លក្ខណៈ​សើ​ៗ មិន​មានការ​គិត​ប្រកបដោយ​ភាព​ស៊ីជម្រៅ​ថា ត្រូវធ្វើ​អ្វី​ឲ្យ​ពិតប្រាកដ និង SME ខ្លួនឯង​ត្រូវធ្វើ​អ្វី​ឲ្យ​បាន​ច្បាស់លាស់​ឡើយ ។ ប្រសិនបើ​និយាយ​ពី​រឿង​ទុន គឺជា​រឿង​ទុន វា​ដូច​ជា​ការ​លើក​ឡើង​ដដែល​ៗ និង​ដូច​ជា​ការ​សុំទាន ។ ដូច្នេះ SME ខ្លួនឯង​ត្រូវ​គិត​អ្វី ចង់បាន​អ្វី​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវធ្វើ​អ្វី​ពិតប្រាកដ ។

កន្លង​មក ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​តែងតែ​លើក​ឡើងជា​រឿយ​ៗ​ពី​កង្វះ​ទុន​សម្រាប់​ពង្រីក​ផលិតកម្ម​របស់​ខ្លួន និង​បាន​ស្នើ​សុំ​ឲ្យ​ធនាគារ​ជួយ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ផង​ដែរ ។

ប៉ុន្តែ​លោក អុ​ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ថ្លែង​ថា ធនាគារ​នឹង​ផ្តល់​ទុន​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម មិន​មាន​បញ្ហា​អ្វី​ទេ ។ អ្វី​សំខាន់ គឺ​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​នានា​ត្រូវ​មាន​បញ្ជី​គណនេយ្យ ចំណូល​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ម្ចាស់​សហគ្រាស​ទាំងនោះ​គ្មាន​ឯកសារ​បញ្ជីចំណូល ចំណាយ​ច្បាស់លាស់​ទេ ជា​មូលហេតុ​ធ្វើ​ឲ្យ​ធនាគារ​មិន​អាច​ផ្តល់​ទុន​បាន ៕