ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ហ៊ុន​កម្ពុជា​គ្រោង​ផ្តល់ ព័ត៌មាន​ជួញដូរ​ភាគហ៊ុន​តាម​អន​ឡាញ​នៅ​ពាក់ កណ្តាល​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​អះអាង​ថា ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​បង្កើត​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ផ្តល់​ព័ត៌មាន​ស្តី​ពី​ការ​ជួញដូរ​ភាគហ៊ុន …

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​អះអាង​ថា ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​បង្កើត​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ផ្តល់​ព័ត៌មាន​ស្តី​ពី​ការ​ជួញដូរ​ភាគហ៊ុន ហើយ​ប្រជាពលរដ្ឋ​ក៏​អាច​ជួញដូរ​ភាគហ៊ុន​របស់​ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ ។

លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​តាំងពិព័រណ៍​ផ្សារភាគហ៊ុន ឬ​ផ្សា​រមូល​ប​ត្រ​ស្តី​ពី «​ភាគហ៊ុន​ដំបូង​របស់ខ្ញុំ​» ថា ស្រប​ពេល​ប្រជាពលរដ្ឋ និង​វិនិយោគិន​ជា​ច្រើន​បាន​និង​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ទំនើប និង​អាច​ប្រើ​អ៊ីន​ធើ​រ​ណេ​ត នៅ​ក្នុង​ខែកក្កដា ឬ​ខែសីហា ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា បាន​បង្កើត​គេហទំព័រ​មួយ​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ជួញដូរ​ភាគហ៊ុន​ទាំងអស់​អាច​ជួញដូរ ទិញ​លក់​ភាគហ៊ុន និង​ទទួល​ព័ត៌មាន​ស្តី​ពី​ដំណើរការ​ជួញដូរ​ភាគហ៊ុន​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ ។ ការ​បង្កើត​ប្រព័ន្ធ​ជួញដូរ​តាម​អន​ឡាញ​នេះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចង់​បង្កើន​ប្រាក់​ចំណូល ឬ​បង្កើន​ដើមទុន​ទៅ​លើ​អាជីវកម្ម​របស់​ខ្លួន ។

បច្ចុប្បន្ន ផ្សារ​ហ៊ុន​កម្ពុជា​មាន​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​បាន​ចុះបញ្ជី​បោះផ្សាយ​លក់​ភាគហ៊ុន​ចំនួន​៤ ក្នុង​នោះ​រួម​មាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​, ក្រុមហ៊ុន​ហ្គ្រី​ន​ធ្វី​ន អ៊ិន​ធើ​រណា​សិន​ណ​ល​, កំពង់​ផែ​ស្វយ័ត​ភ្នំពេញ និង​ភ្នំពេញ​អេអ៊ីហ្សិត ភី​អិ​ល​ស៊ី ហើយ​យ៉ាង​យូរ​នៅ​ក្នុង​អំឡុង​ដើម​ខែមេសា​នេះ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា និង​បោះផ្សាយ​មូល​ប​ត្រ​របស់​ខ្លួន​ជួញដូរ​ជា​សាធារណៈ ។

លោក ហុង សុ​ហួរ ថ្លែង​បន្ត​ថា បច្ចុប្បន្ន នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​មាន​អ្នក​ជួញដូរ​ប្រមាណ​ជាង​៨​ពាន់​នាក់ ស្មើនឹង​៨​ពាន់​គណនី​បាន​និង​កំពុង​ដំណើរការ​ជួញដូរ​យ៉ាង​សកម្ម​ជា​រៀងរាល់ថ្ងៃ និង​មាន​ទំហំ​ទឹកប្រាក់​ជួញដូរ​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ​។ លោក​បន្ត​ថា នៅ​ថ្ងៃ​ខាង​មុខ នឹង​មាន​ចំនួន​អ្នក​សម្រេចចិត្ត​ចូល​ជួញដូរ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កាន់តែ​ច្រើន ខណៈ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​នឹង​រៀបចំ​ឲ្យ​មាន​វី​ធី​សាស្ត្រ​សម្រាប់​ជួញដូរ​ផ្ទាល់ និង​ប្រភេទ​បញ្ជា​ទីផ្សារ​ហ៊ុន ជា​ពិសេស ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​នឹង​ដំឡើង​ដែន​កំណត់​ថ្លៃ​ពី​៥​ទៅ​១០% គ្រោង​នឹង​ដាក់​ដំណើរការ​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​ការ​ដំឡើង​នេះ នឹង​ជួយ​បង្កើន​ទំហំ​ជួញដូរ និង​អនុញ្ញាត​ឲ្យ​វិនិយោគិន​អាច​ចំណេញ​ពី​ការ​ឡើង​ចុះថ្លៃ​បាន​ច្រើន​ជាង​មុន ។

លោក ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ថ្លែង​ថា ទីផ្សារ​នេះ​នឹង​ស្វាគមន៍​ក្រុមហ៊ុន​ថ្មី​ៗ​បន្ថែម​ទៀត​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​សកម្មភាព​រស់​រវើក ហើយ​ដើម្បី​ឲ្យ​ផ្សារ​មាន​សកម្មភាព​ជួញដូរ​ច្រើន ទាល់តែ​ផ្សារ​នេះ​មាន​ផលិតផល​ច្រើន ពោល​គឺ​មាន​ក្រុមហ៊ុន​ចូល​មក​បោះផ្សាយ​មូល​ប​ត្រ​ច្រើន​ដើម្បី​ផ្តល់​ជម្រើស​កាន់តែ​ច្រើន​ដល់​អតិថិជន ។

លោក​បន្ត​ថា លើស​ពី​នេះ គណៈកម្មាធិការ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក៏​គ្រោង​នឹង​បោះផ្សាយ​មូល​ប​ត្រ​បំណុល​នា​ពេល​ខាង​មុខ​ផង​ដែរ ដើម្បី​ឲ្យ​សាធារណជន​ចូលរួម​ទិញ និង​ជួញដូរ​ក្នុង​ផ្សារ​នេះ​កាន់តែ​ច្រើន ៕