រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រតិកម្មជុំវិញបទចម្រៀង «រាំវង់អន្លង់រមៀត» ដែលត្រូវផលិតកម្មក្នុងស្រុកមួយថតជាថ្មី ហើយដាក់ថាជាបទមរតកដើម ធ្វើឲ្យម្ចាស់បទអ្នកនាងម៉េង កែវពេជ្ជតា ខឹងរួចមក ពេលនេះជម្លោះបន្តជាមួយបុរសម្នាក់ទៀត ។
អ្នកនាងម៉េង កែវពេជ្ជតា បានប្រតិកម្ម ដោយសរសេរសារវែងតាមហ្វេសប៊ុកបកស្រាយជុំវិញបទ «រាំវង់អន្លង់រមៀត» ដែលជាសំនៀងរបស់នាង ហើយព័ត៌មានមួយនេះត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ ។
បន្ទាប់ពីមានការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករួចមក គេមានហ្វេសប៊ុកមួយដែលទម្លាយដោយអ្នកនាងម៉េង កែវពេជ្ជតា ផ្ទាល់ឈ្មោះ«Darex Wa» បានឆ្លើយតបផ្ទុយទៅនឹងអ្វីដែលនាងបានបកស្រាយ ។
Darex Wa បានអះអាងថា «មិនប្រាកដថា យើងធ្វេសប្រហែស ឬគាត់ចង់មាន Scene ទេ គេដាក់ច្បាស់ណាស់ ថាទំនុកច្រៀងមរតកដើម មិនបានដាក់ថាម្ចាស់សំនៀងមរតកដើមទេ ។ បានន័យថា គេនិយាយពីអ្នកនិពន្ធ មិនបាននិយាយពីអ្នកចម្រៀងឡើយ ការដែលគាត់ជាអ្នកបានច្រៀងមុនគេជារឿងគួរឲ្យកោតសរសើរ តែកន្លងមកអ្នកចម្រៀងផលិតកម្មនានាក៏បានយកមកបកស្រាយដែរ ដោយមិនបានដាក់ឈ្មោះអ្នកចម្រៀងដើមផង ដូចមិនឃើញមានប្រតិកម្ម ឬគាស់កកាយមកនិយាយសោះ ដល់ពេលនេះ ដូចមានចេតនាតែម្តង ។ ខ្លួនផ្ទាល់ក៏មានប្រសាសន៍ហើយថាបទហ្នឹងត្រូវបានសរសេរតាំងពីឆ្នាំ១៩៧៥ ខ្ញុំមិនប្រាកដថាទំនុកបទចម្រៀងដែលមានអាយុកាលជិត៥០ឆ្នាំនេះ ចាត់ទុកថាជាបទមរតកបាន ឬយ៉ាងណាទេ តែការដែលគេដាក់ថា បទមរតកដើម ដោយសារមិនប្រាកដពីសាវតារអ្នករៀបរៀង មិនហ៊ានដាក់ផ្តេសផ្តាស ទើបប្រើពាក្យថាមរតកដើម ដើម្បីឲ្យតម្លៃបទចម្រៀង មិនមានចេតនា សំដៅដល់អ្នកណាម្នាក់ស្លាប់ហើយ ឬអត់នោះទេ គំនិតអគតិបែបនេះ មិនគួរលើកយកមកវាយប្រហារគេដើម្បីឲ្យខ្លួនបានខ្ពស់នោះទេ ព្រោះអ្នកវែកញែកគេនឹងសើច សើចនឹងការបែងចែកមិនច្បាស់រវាងពាក្យថាទំនុកច្រៀង និងអ្នកចម្រៀង» ។
ជាការឆ្លើយតបវិញអ្នកនាង ម៉េង កែវពេជ្ជតា បានអះអាងថា «ពេលខ្លួនចេញចម្រៀង មួយបទៗ ចេះដាក់ឈ្មោះអ្នកនិពន្ធទំនុក បទភ្លេង អ្នកចម្រៀង រៀបរាប់ភ្ជាប់ឈ្មោះតាំងពីកន្លុកកន្លៀតកៀនកោះអស់សាច់ស្ទើរគ្មានកន្លែងដាក់ នោះត្រឹមតែជាបទចម្លងពីបរទេសផង តែហេតុអីបទ «រាំវង់អន្លង់រមៀត» ដែលគ្រប់គ្នាដឹងហើយស្គាល់ហើយថាអ្នកណាខ្លះជាម្ចាស់ស្នាដៃ ម្តេចក៏អ្នកមិនដាក់ឈ្មោះឱ្យគេ តែបែរជានិយាយបែបរវើរវាយថា «មិនប្រាកដពីសាវតារអ្នករៀបរៀង មិនហ៊ានដាក់ផ្តេសផ្តាសទើបប្រើពាក្យថាមរតកដើម» ចុះបើមិនដឹងម៉េចមិនមកសួរគេអ្នកដឹង ? អ្នកច្រៀង អ្នកភ្លេង អ្នកនិពន្ធនៅជ្រងោទេតើ ! បើមិនស្គាល់សាវតារអ្នកនិពន្ធ ចុះពេលយកបទបរទេសមកចម្លងធ្វើអាជីវកម្ម ម្តេចមិនដាក់ថាជាបទបរទេស បទចិន បទ…ស្អីផងទៅ ម្តេចចាំបាច់ដណ្តើមគ្នាធ្វើម្ចាស់កម្មសិទ្ធិធ្វើអី ?
ដៀលគេអគតិ ដៀលគេកញ្ចាស់ ដៀលគេពួកប៊ីចេង ដេញគេឱ្យទៅរៀនពីថ្នាក់ទីមួយ នេះជាការប្រមាថហើយ ! សួរថាខាងហ្នឹង សំបូរអ្នកចេះដឹងណាស់មែនទេ ? រួចបើចេះដឹងច្រើន ម្លុឹងៗ ម្តេចក៏មិនធ្វើអ្វីខ្លួនឯងទៅ ម្តេចមកឃ្លានតែរបស់គេធ្វើអី ? ម្តេចមកដណ្តើមរបស់មានជាតិប៊ីចេងរបស់មនុស្សចាស់ ស្រែៗនេះធ្វើអី ? ហើយខ្លួននោះក្មេងជាងគេប៉ុនណាដែរទៅបើស្បែកយាររត់ចូលគ្លីនិកតែរហូតហ្នឹង ? ដល់ពេលម្ចាស់គេតវ៉ា ក៏តាំងចោទថាគេទើស ថាគេវាយប្រហារខ្លួនដើម្បីឱ្យខ្ពស់មុខ ?
រួចចុះអ្នកវិញចង់បានស្អីដែរ ដែលដឹងហើយស្គាល់ច្បាស់ហើយ គេជាម្ចាស់ តែធ្វើមិនដឹង មិនឱ្យតម្លៃគេ មិនដាក់ឈ្មោះគេ មិនអរគុណគេ តើទាំងនេះជាចេតនាចង់បំបាត់ជាន់ពន្លិចគេ ខ្លាចគេមានគុណសម្បត្តិ ឬមួយក៏ខ្លាចខ្លួនឯងអន់ ? តាំងខ្លួនអ្នកមិនភ្លាវ តែនិយាយដូចមនុស្សមមើមមាយក្នុងដំណេក គ្មានមូលដ្ឋានច្បាស់លាស់សោះ ពេញមួយអត្ថបទ តើពាក្យ មិនប្រាកដមានប៉ុន្មានពាក្យ ? ពាក្យមិនប្រាកដ គឺចាប់ពីហើបមាត់ផ្តើមសេចក្តី ដល់តួសេចក្តី រហូតសេចក្តីបញ្ចប់ សុទ្ធតែ មិនប្រាកដ រហូត ! តើនរណាដែលត្រូវគេសើច ? ហើយតើគួរឱ្យអស់សំណើចទេដែលចេញបទចម្រៀងមួយទាំងមូល ប្រើពាក្យ មិនប្រាកដ គ្មានក្បាល គ្មានកន្ទុយបែបនេះ តើនេះជាជំនាញអ្នកចេះដឹងឬ ? បើចេះដឹងតើអ្នកស្គាល់ទេកម្មសិទ្ធិបញ្ញា0x017d7 ចង់ប្រាប់ទៅម្ចាស់ status ថា អត្ថបទនេះមិនបានជួយអ្វីដល់ខ្លួនអ្នកឬក៏ទ្រនំរបស់អ្នកទេ មានតែបង្កហានិភ័យ ។ បើសូមទោសឱ្យប្រាកដជាសូមទោស គ្មាននរណាបង្ខំអ្នកទេ ប៉ុន្តែកុំអាងតែសូមទោសរួចលួចមកផ្លុំភ្លើង លួចចាក់ពីក្រោយខ្នងនោះមិនក្លាហានឡើយ ។ បើមិនជឿកុំប្រមាថ ។
បញ្ជាក់អត្ថបទនេះ ខ្ញុំតបទៅលោកម្ចាស់ account នេះប៉ុណ្ណោះ មិនបានសំដៅលើអ្នកដែលដឹងខុសនោះទេ ។ ព្រោះថាអ្នកសូមទោសចេះតែសូមទោស ឯអ្នកជេរនៅតែជេរទៅ ដូច្នេះហើយទើបមានអត្ថបទនេះកើតឡើង (ពីម្សិល លោកយឹម តាស្រង់ ខលមកសូមទោសខ្ញុំម៉ោង៣រសៀល តែអ្នកជេរខ្ញុំនេះនៅម៉ោង៩យប់។ ម្ចាស់អាខោននៅមានពាក្យខមិនសន្ទនាគ្នាជាមួយមិត្តគាត់ចំអកមើលងាយខ្ញុំជាច្រើនទៀត តែខ្ញុំមិនបង្ហាញពេលនេះទេ បើគ្មានករណីចាំបាច់។ បើចង់ឱ្យស្ងាត់ សូមស្ងាត់ដូចគ្នា តែបើមិនស្ងាត់ទេ ខ្ញុំក៏រីករាយកំដរតាមការគួរ ។ ចង់ប្រាប់ថា អ្វីៗដែលខ្ញុំធ្វើ ខ្ញុំតវ៉ាទាំងពេលនេះ និងកន្លងមក បំណងតែមួយគត់គឺចង់ឱ្យសិល្បៈវប្បធម៌មានតម្លៃ ទាំងគុណភាព និងសីលធម៌ » ៕
ចែករំលែកព័តមាននេះ