ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេច​ដំឡូង​មី​ហុយ​ទ្រលោម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​ផ្លូវដង្ហើម

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​មានផ្ទះ​នៅ​ក្បែរ​ស្តង់​ដំឡូង​មី មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​សុខភាព​ផ្លូវដង្ហើម

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​មានផ្ទះ​នៅ​ក្បែរ​ស្តង់​ដំឡូង​មី មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​បញ្ហា​សុខភាព​ផ្លូវដង្ហើម ខណៈ​កម្ទេចធូលី​ដំឡូង​មី​ស្ងួត ដែល​ឈ្មួញ​ហាល​នៅ​ក្នុង​ស្តង់ ពេល​រុញ​កកាយ​កើប ធ្វើ​ឱ្យ​ហុយ​ទ្រលោម​ចូល​ទៅ​លើ​ផ្ទះ​របស់​ពួក​គាត់​។ ចំណែក​អ្នកខ្លះ​ទៀត ដែល​ធ្វើ​ដំណើរ តាម​ដងផ្លូវ ក៏​មានការ​ត្អូញត្អែរ ដោយសារ​កម្ទេច​ដំឡូង​មី​ហោះហើរ​ចូល​ភ្នែក​ច្រមុះ​របស់​ពួក​គាត់​ដែរ​។

ម្យ៉ាងវិញទៀត កម្ទេច​ដំឡូង​មី​មាន​សារធាតុពុល ខណៈ​ហុយ​ចូល​ក្នុង​ច្រមុះ​ប្រជាពលរដ្ឋ អាច​បង្ក​ទៅ​ជា​ជំងឺ​រលាក​ផ្លូវដង្ហើម និង​រលាក​សួត​ផង​ដែរ បើសិនជា​អត់​មាន​វិ ធាន​ការ​ទប់ស្កាត់​ចំពោះ​ការ​ហុយ​បែប​នេះ​។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ មានការ​ហុយ​កម្ទេច​ដំ​ឡង​មី​ចេញពី​ស្តង់​ជា​ច្រើន នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន និង​នៅ​តាម​ភូមិ​ជា​ច្រើន​ទៀត​។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ឈ្មួញ​ទិញ​ដំឡូង​មី​យក​ទៅ​កាប់​ចិញ្ច្រាំ​ហាល​នៅ​ក្នុង​ស្តង់​របស់​ខ្លួន ពេល​ហាល​ស្ងួត រួច​យក​គ្រឿ​ចក្រ​ទៅ​រុញ និង​កើប​ប្រមូល​ម្តង​ៗ បណ្តាល​ឱ្យ​ហុយ​ចូល​ផ្ទះ​របស់​ពួក​គាត់ ដែល​ស្ថិត​នៅ​ក្បែរ​ៗ​ស្តង់ បង្ក​ទៅ​ជា​ជំងឺ​ផ្តាសាយ រលាក​បំពង់ក និង​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ​។ ពួក​គាត់​បន្ត​ទៀត​ថា ចំណែក​អ្នកខ្លះ​ទៀត ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ជាតិ ក៏​ត្រូវ​កម្ទេចធូលី​ដំឡូង​មី​ដែល​មាន​សារធាតុពុល​ហុយ​ចូល​ក្នុង​ច្រមុះ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​គួរ​ឱ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។

ពួក​គាត់​បញ្ជាក់​ទៀត​ថា ដូច្នេះ​សូម​ឱ្យ​ឈ្មួញ ដែល​សាងសង់​ស្តង់​នៅ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ និង​ក្បែរផ្លូវ​សូម​ឱ្យ​រៀបចំ​ធ្វើ​យ៉ាងណា កុំឱ្យ​កំទេចធូលី​ដំឡូង​មី​ហុយ​ចូល​ផ្ទះ​របស់​ពួក​គាត់ និង​ហុយ​ទៅ​លើ​អ្នកដំណើរ ដែល​កំពុង​បើកបរ​ម៉ូតូ នៅ​លើ​ដងផ្លូវ​ជាតិ​រាល់ថ្ងៃ​។ ព្រះ​អី​ផល​ប៉ះពាល់​នៃ​សារធាតុ​ដំឡូង​មី ទាំង​កម្ទេចធូលី និង​កាក​សំណល់​ស្អុយរលួយ សុទ្ធតែ​បង្ក​ទៅ​ជា​ធាតុ​ពុល​ទាំងអស់ ហើយ​ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​សុខភាព​មាន​តែ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង និង​សូម​ឱ្យ​ម្ចាស់​ស្តង់​ជួយ​រៀបចំ​កន្លែង​ឱ្យ​បាន​ស្រួលបួល​ផង​ដែរ​។​

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ប៉ៃលិន បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ថា ការ​សាងសង់​ស្តង់​នៅ​ក្បែរផ្លូវ​ថ្នល់ ឬ​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ ពិតជា​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មែន​។ តែ​ខាង​លោក​បាន​ណែនាំ​ឱ្យ​ម្ចាស់​ស្តង់​ទាំងអស់​រៀបចំ​ដាក់​បាំង​ស្បៃ​មុង ដើម្បី​កាត់​បន្ថយ​ការ​ហុយ​ទៅ​លើ​ផ្ទះ អ្នក​នៅ​ក្បែរ​ស្តង់ និង​ហុយ​មក​លើ​ផ្លូវ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​រួចរាល់​អស់ហើយ ។

លោក​បន្ត​ទៀត​ថា ចំណែក​ការ​សាងសង់​ស្តង់​ដំឡូង​មី នៅ​តាម​ភូមិ​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​មិន​អនុញ្ញាត​ឱ្យ​ឈ្មួញ​ធ្វើ​នោះ​ឡើយ ហើយ​បើសិនជា​នៅ​កន្លែង​ណា​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ខាង​លោក​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ ហើយ​ណែនាំ​ម្ចាស់​ឱ្យ​គោរព​ទៅ​តាម​លក្ខខណ្ឌ​ផង​ដែរ​៕​