ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរីគូទស្វិតមួយគ្រឿងដែលដឹកឈើប្រណីតត្រូវមន្ត្រីអធិការដ្ឋានព្រៃឈើខាងត្បូងបឹងទន្លេសាប សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងមន្ត្រីផ្នែកសង្កាត់ ស្ទាក់ចាប់បាននៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ មីនា នៅចំណុចផ្លូវលំក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ។
លោកនូវ ប៉ោលីន នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានឱ្យដឹងថា រថយន្តកាមរីដឹកឈើគ្រញូងនោះ ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ ឃ-៤៥២៦ ភព២ អ្នកបើកបរបានរត់គេចខ្លួនបាត់។ លោកបានបន្តថា ឈើប្រណីតមួយរថយន្តនេះត្រូវបានដឹកតាមរទេះគោ ហើយមកដល់ចំណុចជិតភូមិអញ្ចាញរូង ក៏បានរើដាក់ចូលរថយន្តរួចក៏ដឹកចេញមក ទើបត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននៅក្នុងភូមិសាស្ត្រនោះតែម្តង ។ ប្រភពមួយទៀតថា ឈើនោះត្រូវបានដឹកតាមព្រៃចេញពីខេត្តពោធិ៍សាត់ រួចមកសាងចូលរថយន្តតូច ហើយបន្តបើកកាត់តាមផ្លូវលំសំដៅទៅរាជធានីភ្នំពេញ ។
បច្ចុប្បន្នវិធីដឹកឈើរបៀបនេះគឺឈ្មួញលួចលាក់ដឹកតាមច្រកផ្លូវលំវិញ មិនព្រហើនបើកកាត់តាមថ្នល់ជាតិដូចមុនទៀតទេ ព្រោះត្រូវទំនាក់ទំនងសុំផ្លូវសមត្ថកិច្ចជាច្រើនកន្លែង ច្រើនដំណាក់អស់លុយច្រើនណាស់ ម៉្លោះហើយលេងផ្លូវវាងស្ងាត់វិញ តែនៅគេចមិនផុត៕
ចែករំលែកព័តមាននេះ