ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​ជនជាតិដាណឺម៉ាក​ម្នាក់​សង្ស័យ​​ជួញ​ដូរគ្រឿងញៀន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​កម្មការ​ចម្រុះ​ដឹក​នាំ​ដោយ​លោក​ឯក ​ឆេង​ហួត ព្រះរាជ​​​អាជ្ញា​រង​អមសាលា​ដំបូង​រាជធានីភ្នំពេញ បានចុះធ្វើការ​​ត្រួតពិនិត្យ​​បន្ទប់​លេខ​​២០៤ ក្នុងសណ្ឋាគារ​ឡាក់​គីរ៉ូ ដែលមានទីតាំង​​លេខ​​១២២D ផ្លូវ​លេខ​​១១០ ​សង្កាត់ផ្សារ​​ចាស់ ខណ្ឌ​ដូនពេញ កាលពីថ្ងៃទី​​​៣១ មីនា ​២០១១ ​វេលាម៉ោង​​​៩​និង​​៣០នាទី​ព្រឹក​​ក្រោយពី​​នគរបាលប៉ុស្តិ៍​​រដ្ឋ​បាល​ផ្សារ​ថ្មីទី​​​៣ ចាប់​​ខ្លួន​បុរស​ជនជាតិ​ដាណឺម៉ាកម្នាក់ និង​ស្ត្រី​​ខ្មែរ​ម្នាក់​ហើយ​ដក​ហូត​បានគ្រឿង​ញៀន កាល​ថ្ងៃ​ពុធ កន្លង​មក​នេះ ។

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​​​ផ្សារ​ថ្មីទី​៣ បាន​ឱ្យ​​​​ដឹង​ថា ​កាលពីថ្ងៃទី​​​៣០ មីនា ​២០១១ វេលា​ម៉ោង​​​៦​និង​​៣០នាទី​​​ល្ងាច​កម្លាំង​​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​​​ផ្សារថ្មីទី​៣ ​បានឃាត់ខ្លួន​ជនសង្ស័យ​​​ជួញ​ដូរ​​គ្រឿងញៀន​​ចំនួន​​​២នាក់ ​ម្នាក់ឈ្មោះ JESPER LESEN ភេទប្រុស អាយុ​​៤៣​ឆ្នាំ ​ជនជាតិដាណឺម៉ាក ​មុខ​របរ​ជា​ង​ជួសជុល​ម៉ូតូ ស្នាក់នៅ​​សង្កាត់​​​លេខ​២ ខណ្ឌ​មិត្ត​ភាព​ ខេត្តព្រះ​សីហនុ ​និង​ស្ត្រី​​ជនជាតិខ្មែរ​​ឈ្មោះ​សំ ស្រីស្រស់ ​អាយុ​​២៥​ឆ្នាំ មានទីលំនៅ​សង្កាត់​​ព្រៃស ខណ្ឌ​ដង្កោ ។ ​​ជនសង្ស័យ​​ទាំង​​២នាក់នោះ​ត្រូវបាន​​ឃាត់ខ្លួន​នៅមុខ​រង្គសាល​អ័ររ៉ែង ផ្លូវលេខ​​​៥១ ភូមិ​ទី​​១០ ​សង្កាត់ផ្សារថ្មីទី​៣ ខណ្ឌ​ដូនពេញ ​ហើយ​សមត្ថ​កិច្ច​​​ឆែកឆេរ​​រកឃើញ​គ្រឿងញៀន​​មួយ​ចំនួន​ ។

យោ​ងតាម​​​ការ​សារ​ភាព​​របស់ជន​សង្ស័យ​​​ខាងលើ​នៅព្រឹកថ្ងៃទី​​៣១ មីនា​ ២០១១ ​គណៈ​កម្មការ​​ចម្រុះ​សាលា​ខណ្ឌ​ដូនពេញ ​ដឹកនាំ​ដោយ​​លោក​ឯក ឆេង​ហួត ​ព្រះរាជាអាជ្ញា​​​រង​អម​សាលា​​ដំបូង​​រាជធានីភ្នំពេញ លោក​ឯក ឃុន​ឌឿន ​​អភិបាល​រង​ខណ្ឌ​ដូនពេញ ​នគរបាល​ខណ្ឌ​​បានធ្វើការ​ត្រួតពិនិត្យបន្ទប់ស្នាក់នៅ​​​ជន​ខាងលើ​​លេខ​​២០៤ ក្នុងសណ្ឋាគារ​​​ឡាក់គីរ៉ូ ​ទីតាំង​​លេខ​១២២D ​ផ្លូវ​លេខ​​១១០ សង្កាត់ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ​​ដើម្បី​ស្វែង​រក​វត្ថុតាង​​ពាក់ព័ន្ធ​​ការជួញ​ដូរគ្រឿងញៀន ។ ​សមត្ថកិច្ច​បញ្ជាក់​ថា ​នៅ​ក្នុង​​បន្ទប់​ស្នាក់នៅ​​របស់​​ជនសង្ស័យ​​​​​ជនជាតិ​ដាណឺ​ម៉ាក សមត្ថកិច្ច​រកឃើញប្រដាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ ។ បច្ចុប្បន្ន​​​ជនសង្ស័យ​ទាំង​​ជនជាតិ​ដា​ណឺ​ម៉ាក ទាំងស្ត្រីជនជាតិខ្មែរ​ត្រូវ​បា​ន​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​​នគរ​បាល​ខណ្ឌ​ដូន​ពេញ ៕​