ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់ប្រាក់​ជំងឺ​ចិត្ត​3​លាន​រៀល បញ្ចប់រឿង​«​ម៉ា​ខ្នោះ​បែកក្បាល​»

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ សំណុំរឿង​លោក សំ​រិ​ទ្ធ សុក​សេដ្ឋា ប្រធាន​ការិយាល័យ​ការពារ​និង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​លោក គង់ ផា​ន់​ណា ក្រុមប្រឹក្សា​ស្រុក

ខេត្តស្ទឹងត្រែង ៖ សំណុំរឿង​លោក សំ​រិ​ទ្ធ សុក​សេដ្ឋា ប្រធាន​ការិយាល័យ​ការពារ​និង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​លោក គង់ ផា​ន់​ណា ក្រុមប្រឹក្សា​ស្រុក
ថា​ឡា​បរិ​វ៉ា​ត់​ដែល​ជាប់ចោទ​យក​ខ្នោះ​វាយ​ក្បាល​ពលរដ្ឋ​ដឹកឈើ​តាម​ម៉ូតូ​បណ្តាល​ឱ្យ​បែក​ហូរ​ឈាម​ត្រូវ​បាន​បញ្ចប់​ហើយ​ក្រោម​ការ​សម្របសម្រួល​បង់លុយ​ឱ្យ​ជន​រង​គ្រោះ​៣​លាន​រៀល កាលពី​ថ្ងៃ​១៩ កុម្ភៈ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្រោម​ការ​សម្របសម្រួល​ប៉ះប៉ូវ​ជំងឺ​ចិត្ត​ទៅ​លើ​ជន​រង​គ្រោះ លោកសោម សា​ផ​ន នាយ​រង​សេនាធិការ​កង​រាជអាវុធហត្ថ​ជា​អ្នក​ធានា​ជួសមុខ​ឱ្យ​លោក សំ​រិ​ទ្ធ សុក​សេដ្ឋា រីឯ​លោក ញ៉ុញ រឿង តំណាង​ឱ្យ​ជន​រង​គ្រោះ ។

គួរ​រំលឹក​ថា លោក ញ៉ែ​ម វ៉ា ជន​រង​គ្រោះ​រស់នៅ​ភូមិ​អន្លង់​ស្អំ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​រង​ការ​វាយដំ​ដោយ​ខ្នោះដៃ​ព្រមទាំង​គំរាម​ដោយ​ដក​កាំភ្លើងខ្លី​ភ្ជង់ កាលពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ក្នុង​ពេល​ដែល​គាត់​ដឹកឈើ​មូល​ក្រាក់​តាម​ម៉ូតូ​ចេញពី​ភូមិ​មក​លក់​ឱ្យ​គេ​នៅ​ទីរួមខេត្ត​ហើយ​ជួប​លោក សំ​រិ​ទ្ធ សុក​សេដ្ឋា ប្រធាន​ការិយាល័យ​អន្តរាគមន៍​នៅ​លើ​ផ្លូវជាតិ​លេខ​៩ បាន​បើករថយន្ត​ដេញ​តាម​កាក់​ម៉ូតូ​ឱ្យ​ឈប់​។ ពេល​នោះ​លោក ញ៉ែ​ម វ៉ា បាន​សុំ​សម្រុះសម្រួល​ដោយ​ជូន​កាក​ទូរស័ព្ទ​៥​ដុល្លារ តែ​លោក​ប៉ូលិស​នោះ​មិន​ព្រម​ទើប​កើតជា​អំពើ​ហិង្សា​តែ​ម្តង ។ ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ឬ​ស្សី តែ​ដោយសារ​ជន​ដៃដល់​ជា​សមត្ថកិច្ចទើប​នគរបាល​ប៉ុស្តិ៍​មិន​ហ៊ាន​ចាត់ការ ។ ជន​រងគ្រោះ​ក៏​បាន​សម្រេចចិត្ត​ទៅ​កាន់​អង្គការ​អា​ដ​ហុ​កដើម្បី​សុំ​ជួយ​អន្តរាគមន៍​លើ​សំណុំរឿង​នេះ រហូតមានការ​ដាក់​ពាក្យ​ប្តឹង​នៅ​បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​ឱ្យ​ជួយ​រក​យុត្តិធម៌ ។

ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះកងរាជអាវុធហត្ថ​បាន​អនុវត្ត​តាម​នីតិវិធី ដោយជួយ​សម្របសម្រួល​ឱ្យ​គូភាគី​ខាងលើ​ត្រូវរ៉ូវ​គ្នា​ផង​ដែរ ។ ការ​សម្របសម្រួល​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សំ​រិ​ទ្ធ សុក​សេដ្ឋា និង​លោក គង់ ផា​ន់ណា ដែល​ជាប់ចោទ​ជា​ជន​ដៃដល់​បាន​ទទួលស្គាល់​កំហុស​តាម​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ ព្រមទាំង​ចូលខ្លួន​មក​សម្រុះសម្រួល​ជាមួយ​ជន​រង​គ្រោះ​ដោយ​សុំ​បង់លុយ​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​៣​លាន​រៀល​ជា​ថ្នូរ​សុំ​ឱ្យ​ជន​រង​គ្រោះ​ដក​ពាក្យបណ្តឹង​ដើម្បី​បញ្ចប់រឿង ៕