ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចូល​កាន់​តំណែង​ជា​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ជា​ផ្លូវការ

7 ឆ្នាំ មុន

ទីក្រុង​ហ្សឺ​ណែវ​, ប្រទេស​ស្វ៊ី​ស ៖ តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយជា​ប្រធាន​សម្របសម្រួល​ផ្លូវការ …

ទីក្រុង​ហ្សឺ​ណែវ​, ប្រទេស​ស្វ៊ី​ស ៖ តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្លាយជា​ប្រធាន​សម្របសម្រួល​ផ្លូវការ​នៃ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬ​ហៅ​ថា LDCs ដែល​មាន​សមាជិក​ចំនួន​៣៦ និង​ប្រទេស​សង្កេតការណ៍​ចំនួន​៨ សម្រាប់​អាណត្តិ​ដែល​មាន​រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៧ ដល់​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៨ ។ ពិធី​ផ្ទេរតំណែង​ជា​ផ្លូវការ​នេះ បាន​ធ្វើ​ឡើង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៧ ។

នៅ​ក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា បាន​ទទួល​ញញួរ​ឈើ​ពី​លោក ឡា​ហ្សា​រ៍ ម៉ូ​រី ស៊ូ​អៀ​តូ (Lazare Maurice Sethoueto) រដ្ឋមន្ត្រី​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​សិប្បកម្ម​ប្រទេស​បេ​នី​ន ដែល​ជា​និមិត្តរូប​នៃ​ការ​ចូល​កាន់​តំណែង​ជា​ប្រធាន​ផ្លូវការ ក្រោម​ការ​ចូលរួម​ជា​សាក្សី​តំណាង​ក្រុម LDCs ចំនួន​៣៣​ប្រទេស ។

លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​លើក​ឡើង​ពី​សមិទ្ធផល​សំខាន់​ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន ដូច​ជា​ការ​រក្សា​បាន​កំណើនសេដ្ឋកិច្ច​យ៉ាងតិច​៧%​ជាង​ពីរ​ទសវត្សរ៍ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​មក​នៅ​ត្រឹម​១៣,៥% នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​ជា​បច្ច័យ​ធ្វើ​ឲ្យ​កម្ពុជា សម្រេច​បាន​នូវ​គោលដៅ​សហស្ស​វត្សរ៍​កាលពី​ឆ្នាំ​២០០៩ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ពី​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​កម្ពុជា ជាមួយ​ប្រទេស LDCs ដូច​ជា ទី​ម័​រ​ខាងកើត និង​អេ​ត្យូ​ពីរ ព្រមទាំង​បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ WTO ដែល​តម្រូវ​ឲ្យ​មានការ​ចូលរួម​សហការ​ពី​បណ្តា​ប្រទេស LDCs ជា​សមាជិក ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖ « យើង​ត្រូវ​តែ​ធ្វើការ​ទាក់ទង​យ៉ាង​សកម្ម និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង ។ ដូច្នេះ អត្ថប្រយោជន៍​របស់​យើង ត្រូវ​បាន​ដាក់​ចេញ » ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ « ដើម្បី​សម្រេច​គោលដៅ​អាទិភាព​របស់​យើង ប្រទេស LDCs ទាំងអស់​ត្រូវ​តែ​រួបរួម​គ្នា និង​បង្កើត​ជា​សំឡេង​តែ​មួយ » ។

យោង​តាម​របាយការណ៍​របស់​លោក ឡា​ហ្សា​រ៍ ម៉ូ​រី ស៊ូ​អៀ​តូ អតីត​ប្រធាន​សម្របសម្រួល​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា កិច្ចការ​ដែល​កម្ពុជា​ត្រូវធ្វើ​បន្ត​ពី​ប្រទេស​បេ​នី​ន មាន​ដូច​ជា ៖

១-​ដាក់​ជូន​ផែនការ​អាទិភាព​របស់ LDCs ក្រោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ប្រទេស​ណៃ​រ៉ូ​ប៊ី ទៅ​ក្នុង​សន្និសីទ​រដ្ឋមន្ត្រី WTO ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទី​ន​។
២-​បញ្ចូល​សំណើ​ប្រទេស LDCs ស្តី​ពី​គោលការណ៍​ឧបត្ថម្ភ​ធន​លើ​វិស័យ​ជលផល និង​ការ​មិន​កំណត់​ចំនួន​នាំ​ចូល​-​មិន​យកពន្ធ​នាំ​ចូល ។
៣-​ដឹកនាំ​ចរចា​បែប​ទន់ភ្លន់​សម្រាប់​វិស័យ​ពាណិជ្ជកម្ម និង​សេវាកម្ម ។
៤-​ពិភាក្សា​លើ​ការ​អនុគ្រោះ​វិធាន​ប្រភព​ដើម​ទំនិញ និង​ពាណិជ្ជកម្ម​អ​ឡិច​ត្រូ​និក ។​ល​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែង​ថា ការ​ដែល​កម្ពុជា​បាន​ក្លាយជា​ប្រធាន​សម្រប​ស​ម្រួ​ប​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដោយសារ​កម្ពុជា ជា​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​ល្អ​ប្រសើរ​ក្នុង​រយៈពេល​វែង ហើយ​កម្ពុជា​អាច​ទទួល​បាន​ផល​ចំណេញ​ច្រើន​ដូច​ជា ៖

១-​អាច​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក​ថា កម្ពុជា​មាន​កាលានុវត្តភាព និង​សក្តានុពល​អ្វីខ្លះ ។
២-​កម្ពុជា​មានឱកាស​ប្រមូល​ព័ត៌មាន និង​យុទ្ធសាស្ត្រ​ពី​ការ​អភិវឌ្ឍ​ប្រទេស​យក​មក​អនុវត្ត​បន្ថែម​នៅ​កម្ពុជា ។
៣-​កម្ពុជា​អាច​មើល ឬ​ចាប់​ឱកាស​នៅ​តាម​បណ្តា​ប្រទេស​តិចតួច​នានា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​ទាំងនោះ ។
៤-​អ្នក​វិនិយោគ​ចូល​មក​ប្រទេស​របស់​យើង​អាច​ស្វែងរក​ឱកាស​វិនិយោគ និង​ចាប់​ដៃគូ​ជាមួយ​អ្នក​ធុរកិច្ច​ក្នុងស្រុក​ដើម្បី​វិនិយោគ​នៅ​កម្ពុជា ៕