ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​ត្រៀម​ផ្តល់​ថាមពល​អគ្គិសនី​មានគុណ​ភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ប៉ោយ​ប៉ែ​ត ភី​ភី អេសអុ​ី​ហ្សិត និង​ក្រុមហ៊ុន B.Grimm Power Public Company Limited បាន​បង្កើត​ក្រុមការងារ​សហការ​គ្នា​សិក្សា​ពី​ឱកាស​ …

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ប៉ោយ​ប៉ែ​ត ភី​ភី អេសអ៊ី​ហ្សិត និង​ក្រុមហ៊ុន B.Grimm Power Public Company Limited បាន​បង្កើត​ក្រុមការងារ​សហការ​គ្នា​សិក្សា​ពី​ឱកាស​វិនិយោគ​លើ​ការ​បញ្ជូន និង​ចែកចាយ​ថាមពល​អគ្គិសនី​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត ដែល​មាន​គុណភាព​សម្រាប់​ប្រើប្រាស់ ។ នេះ​បើ​យោង​តាម​អគ្គ​នាយិកា​ក្រុមហ៊ុន​ប៉ោយ​ប៉ែ​ត ភី​ភី អេសអ៊ី​ហ្សិត ។

ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់ (MOU) ជាមួយ​ក្រុមហ៊ុន B.Grimm Power Public កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា លោក​ជំទាវ​ឧកញ៉ា លី​ម ឈី​វ​ហូរ អគ្គ​នាយិកា​ក្រុមហ៊ុន​ប៉ោយ​ប៉ែ​ត ភី​ភី អេសអ៊ីហ្សិត មាន​ប្រសាសន៍​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត​មាន​សក្តានុពល​ទាក់ទាញ​រោងចក្រ​ឧស្សាហកម្ម​ដែល​ផលិត​នូវ​ផលិតផល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់ ជា​ពិសេស មក​ពី​ប្រទេស​ថៃ ។

ក្រុមហ៊ុន B.Grimm Power ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ប្រកបដោយ​គុណភាព នឹង​ជួយ​ធ្វើ​ឱ្យ​ដំណើរការ​គម្រោង​នេះ​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយ​ប៉ែ​ត ។

លោក​ជំទាវ​លើក​ឡើង​ថា ប្រទេស​ថៃ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទាក់ទាញ​រោងចក្រ​ឧស្សាហកម្ម ដែល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់​នេះ តាំងពី​ដើម​ទសវត្សរ៍​៩០ ក្នុង​នោះ​ហេតុផល​ចម្បង​ដែល​ប្រទេស​ថៃ​អាច​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ទៅ​រោងចក្រ​ឧស្សាហកម្ម​ទាំងនោះ​បាន ដោយសារ​មាន​កិច្ច​ប្រឹងប្រែង​ទាំង​វិស័យ​សាធារណៈ និង​ឯកជន ។

លោកស្រី Preeyanart Soontornwata ប្រធាន​ក្រុមហ៊ុន B.Grimm Power Public Company មាន​ប្រសាសន៍​ថា ៖ « ក្រុមហ៊ុន​យើង​ទាំង​ពីរ​នឹង​សិក្សា​សមិទ្ធ​លទ្ធភាព​សម្រាប់​ការ​សាងសង់ ដំណើរការ និង​ថែទាំ​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​ប្រវែង​១២,៤​គីឡូម៉ែត្រ និង​ប្រព័ន្ធ​ចែកចាយ​មួយ​ដែល​ត​ភ្ជាប់​ពី​ស្ថានីយ​តូច​នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ក្នុង​ទីក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​៦៥,៧​ហិ​កតា ។ ក្រុង​ប៉ោយ​ប៉ែ​ត​មាន​សក្តានុពល​អស្ចារ្យ​ក្នុង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​រោងចក្រ ដែល​នៅ​ផ្នែក​ខាងលើ​ក្នុង​ទឹកដី​ថៃ ហើយ​ពួក​គេ​បាន​និង​កំពុង​សម្លឹង​រក​មើល​ទីតាំង​ដើម្បី​ពង្រីក​រោងចក្រ » ។

លោក​ជំទាវ​ឧកញ៉ា លី​ម ឈី​វ​ហូរ បញ្ជាក់​ថា ៖ « តាម​រយៈ​កិច្ចសហការ​របស់​យើង​អាច​នឹង​បង្កើត​ឱ្យ​មាន​អត្ថប្រយោជន៍​បន្ថែម​ទៀត​សម្រាប់​ប្រជាជន​កម្ពុជា ដោយ​បន្ថែម​ទៅ​លើ​កំណើនសេដ្ឋកិច្ច ដែល​ពឹងផ្អែក​លើ​រោងចក្រ​ឧស្សាហកម្ម​ពី​បរទេស​ដូច​ជា បង្កើត​ការងារ​បន្ថែម និង​បង្កើន​ចំណូល​សម្រាប់​កម្មករនិយោជិត​កម្ពុជា​, កាត់​បន្ថយ​ពលករ​ចំណាកស្រុក និង​រក្សា​បាន​នូវ​សាមគ្គីភាព​ក្នុង​សង្គម ព្រមទាំង​បំពេញបន្ថែម​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ឈ្នះ​-​ឈ្នះ​រវាង​កម្ពុជា និង​ថៃ » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ប្រសាសន៍​ថា ៖ « ប្រទេស​កម្ពុជា​យើង​មាន​អគ្គិសនី​មែន តែ​អគ្គិសនី​អត់​មានគុណ​ភាព​ខ្ពស់ មិន​ទាន់​អាច​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​បាន​ទេ ។ បើ​យើង​មាន​ភ្លើង និង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​នោះ ខ្ញុំ​ជឿ​ថា កម្ពុជា​នឹង​មាន​សក្តានុពល​ខ្ពស់​ណាស់ នឹង​ទាក់ទាញ​ក្រុមហ៊ុន​ផ្សេង​មក​បន្ត ។ យើង​គិត​ថា ក្រុមហ៊ុន​ថៃ និង​ជប៉ុន​មាន​ជាង​២​ពាន់ ហើយ​បូក​រួម​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​ប្រទេស​ថៃ នូវ​ចំណែក​តូច​ណាមួយ​មក​កម្ពុជា​នឹង​ធ្វើ​ឱ្យ​ស្រុក​យើង​កម្រើក » ។

លោក​បណ្ឌិត​បន្ត​ថា ៖ « ការ​ចុះ MOU រវាង​ក្រុមហ៊ុន​ខ្មែរ​និង​ថៃ​ពេល​នេះ គឺជា​រឿង​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ។ បើ​យើង​អាច​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​បាន កម្ពុជា​នឹង​មានការ​ជឿនលឿន​បន្ត មាន​កំណើន​បន្ត មាន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ កាត់​បន្ថយ​ការ​ចំណាកស្រុក​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ពួក​គាត់​អាច​នៅ​ធ្វើការ​ជាមួយ​ក្រុម​គ្រួសារ​ដើម្បី​រួបរួម​គ្នា​កសាង​ប្រទេស » ៕