ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន Ronaldo ឬ Messi តែ​ជា Mbappé ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​ប្រចាំឆ្នាំ ២០២២

1 ឆ្នាំ មុន

បារាំង ៖ ខណៈ​ពេល​ដែល​កំពូល​កីឡាករ Cristiano Ronaldo និង Lionel Messi បាន​គ្របដណ្ដប់​លើ​

បារាំង ៖ ខណៈ​ពេល​ដែល​កំពូល​កីឡាករ Cristiano Ronaldo និង Lionel Messi បាន​គ្របដណ្ដប់​លើ​វិស័យ​កីឡាបាល់ទាត់​ពិភពលោក ព្រមទាំង​កម្រៃជើងសារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​អស់​រយៈពេល​ជិត​២​ទស​វត្ស​កន្លង​មក​ហើយ​នោះ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​បាន​ប្រែប្រួល​ហើយ ដោយ​កីឡាករ Kylian Mbappé កំពុង​ក្លាយជា​តំណាង​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​។

បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Bleacher Report Football បាន​ចេញផ្សាយ​ថា Kylian Mbappé ខ្សែប្រយុទ្ធ​ឆ្នើម​វ័យក្មេង​របស់​ក្រុម​អ្នកមាន​បារាំង PSG បាន​ក្លាយជា​កីឡាករ​បាល់ទាត់​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​ជាងគេ​បំផុត​សម្រាប់​ឆ្នាំ ២០២២​។ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​សម្រេច​ចុះហត្ថលេខា​បន្ត​កុងត្រា​រយៈពេល​៣​ឆ្នាំ​បន្ថែម​ទៀត​ជាមួយ PSG កាលពី​ខែឧសភា​កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​បន្ត​រួម​រស់នៅ​លើ​ទឹកដី Parc des Princes រហូត​ដល់​ឆ្នាំ ២០២៥​។

ប្រភព​ពី​គេហទំព័រ Bleacher Report Football បាន​បង្ហាញ​ថា នៅ​ក្នុង​រដូវ​កាល ២០២២-២៣ ខ្សែប្រយុទ្ធ Kylian Mbappé រក​ចំណូល​បាន​រហូត​ដល់​១២៥​លាន​ដុល្លារ ដោយ​ក្នុង​នោះ ១០៥​លាន​ដុល្លារ​បាន​មក​ពី​ក្លិប PSG ហើយ​និង ២០​លាន​ដុល្លារ​ផ្សេង​ទៀត​បាន​មក​ពី​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ​។ ខណៈ​បច្ចុប្បន្ន​កីឡាករ​រូប​នេះ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ម៉ាក​យីហោ​ធំ​ៗ​ក្នុង​ពិភពលោក​មួយ​ចំនួន​ក្នុង​នោះ​រួម​មាន Nike, Hublot, Electronic Arts, Oakley និង Christian Dior​។

ដោយឡែក កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo របស់​ក្រុម Manchester United ស្ថិត​នៅ​លំដាប់​ទី​២​ក្នុង​បញ្ជី​កីឡាករ​បាល់ទាត់​រក​ចំណូល​បាន​ខ្ពស់​បំផុត​សម្រាប់​ឆ្នាំ ២០២២ ដោយ​រូបគេ​រក​ចំណូល​បាន ១១៣​លាន​ដុល្លារ ក្នុង​នោះ ៥៣​លាន​ដុល្លារ​បាន​មក​ពី​ក្លិប និង​៦០​លាន​ដុល្លារ​បាន​មក​ពី​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ​។ ចំណែកឯ​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi របស់​ក្រុម PSG ស្ថិត​លំដាប់​ទី​៣ ដោយ​រូបគេ​រក​ចំណូល​បាន ១១០​លាន​ដុល្លារ ក្នុង​នោះ ៦២​លាន​ដុល្លារ​បាន​មក​ពី​ក្លិប និង​៤៨​លាន​ដុល្លារ​បាន​មក​ពី​ក្រុមហ៊ុន​ដៃគូ​ឧបត្ថម្ភ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ