ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេធាវី គី តិច ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​ទី​2​ប្រឆាំង​លោក គឹ​ម សុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​សម្តេច​ត​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ បាន​ចូល​ទៅ​កាន់​អយ្យការ​អម​

រាជធានី​ភ្នំពេញ ៖ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​សម្តេច​ត​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ បាន​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​បណ្តឹង​ទី​២​បន្ថែម​ជូន​អយ្យកា​រលើ​ពាក្យបណ្តឹង​ចុង​ក្រោយ​ដែល​សម្តេច​តេ​ជោហ៊ុន សែន បាន​ប្តឹង​លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​សង្គម​និង​នយោបាយ ដោយ​ទាមទារ​១០​លាន​រៀល និង​សូម​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជនជាប់ចោទ​តាម​ច្បាប់ ។

លោក គី តិច បាន​ដាក់​ពាក្យ​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំនួន​២ ដែល​ប្តឹង​ចោទប្រកាន់​លោក គឹ​ម សុខ ថា​បាន​និយាយ​មិន​ពិត​និង​បំផ្លើស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​និង​ដឹកនាំ​ប្រទេស​ជាតិ​បច្ចុប្បន្ន​មិន​អាច​ទទួលយក​បាន​ឡើយ ។ លោក​មេធាវី បាន​ចូល​ទៅ​បំភ្លឺ​ដល់​លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​ដែល​កាន់​សំណុំរឿង​នេះ ។

មេធាវី​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់​បណ្តឹង២​ដាច់​ពី​គ្នា​ប្តឹង​លោក គឹ​ម សុខ គឺ​ពាក្យបណ្តឹងទី​១ ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ចោទប្រកាន់​លោក គឹ​ម សុខ ពី​បទ​ញុះញង់​បង្កចលាចល ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បរិហារកេរ្តិ៍​ជា​សាធារណៈ បន្ទាប់​ពី​លោ គឹ​ម សុខ និយាយ​ម្តង​ហើយ​ម្តងទៀត​ដដែល​ៗថា គណបក្ស​ប្រជាជន​កម្ពុជា​នៃ​សម្តេច ហ៊ុន សែន រៀបចំ​ផែនការ​ប្លន់​អំណាច និង​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស និង​មិន​បាន​ចាប់​ឃាតករ​សម្លាប់​ជន​រង​គ្រោះ​កន្លង​មក​ទេ ។

ពាក្យបណ្តឹង​ទី​២ លោក​មេធាវី​បាន​ដាក់​កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ គឺ​មួយ​ថ្ងៃមុន​ពេល​ដែល​លោក គឹ​ម សុខ ត្រូវ​បាន​ចោទ​និង​ចាប់ខ្លួន​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ។ ចំពោះ​ពាក្យបណ្តឹង​ទី​២​នេះ លោក​មេធាវី​ទើប​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ តុលាការ​នៅ​មិន​ចាត់ការ​ឬ​ចោទប្រកាន់​យ៉ាងណា​លើ​លោក គឹ​ម សុខ បន្ថែម លើ​ករណី​បណ្តឹង​ទី​២​នេះ​នៅឡើយ​ទេ ។

រហូត​មក​ដល់​ពេល​នេះ លោក គឹ​ម សុខ ទើបតែ​មាន​មេធាវី​ការពារ​ក្តី​គឺ​លោក ជួង ជូ​ងី ដែល​ទើប​ដាក់​ពាក្យ​ការពារ​លោក គឹ​ម សុខ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន ថា លោក​បាន​ដាក់​ពាក្យ​ការពារ​កូនក្ដី​រួចរាល់​ហើយ ។ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ លោក​ទៅ​ជួប​លោក គឹ​ម សុខ នៅ​ពន្ធនាគារ មុន​ឈាន​ដល់​ការ​ដាក់​ពាក្យសុំ​ឲ្យ​លោក គឹ​ម សុខ នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ។

លោក គឹ​ម សុខ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ករណី​ដែល​លោក គឹ​ម សុខ ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​លោក គឹ​ម សុខ បន្ទាប់​ពី​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ សម្រេច​ចោទប្រកាន់​ចំនួន​២​បទល្មើស គឺ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។ បណ្តឹង​ទី​១-​តាម​បទចោទប្រកាន់​នេះ​ក្រៅពី​ដើមបណ្តឹង​ទាមទារ​២០០​លាន​រៀល​ក្នុង​សំណុំរឿង​ទី​១ លោក គឹ​ម សុខ អាច​ប្រឈម​នឹង​ទោស​ជាប់ពន្ធ​នាគា​រហូត​ដល់​៥​ឆ្នាំ ប្រ​សិន​តុលាការ​រក​ឃើញ​កំហុស ៕