ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«Laver Cup» នឹង​ក្លាយជា​ព្រឹត្តិការណ៍​ចុង​ក្រោយបង្អស់​នៃ​អាជីព​កំពូល​កីឡាករ Roger Federer

1 ឆ្នាំ មុន

ស្វី​ស ៖ កំពូល​កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស្វី​ស Roger Federer នឹង​ចូល​និវត្តន៍​ពី​អាជីព​ដ៏​អស្ចារ្យ​របស់​

ស្វី​ស ៖ កំពូល​កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ស្វី​ស Roger Federer នឹង​ចូល​និវត្តន៍​ពី​អាជីព​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅ​ស​ប្តា​ហ៍​ក្រោយ​ត្រឹម​អាយុ​៤១​ឆ្នាំ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ព្រឹត្តិការណ៍ Laver Cup ឆ្នាំ ២០២២ នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​។

ម្ចាស់​ជើងឯក​ពានរង្វាន់ Grand Slam ២០​សម័យកាល Roger Federer បាន​ប្រកាស​អំពី​ដំណឹង​នេះ នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ កន្លង​ទៅ​ថា ស​ប្តា​ហ៍​ក្រោយ និង​ក្លាយ​ជាស​ប្តា​ហ៍​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​វាយ​កូន​បាល់​អាជីព បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ព្រឹត្តិការណ៍ Laver Cup 2022​។

ក្រុមហ៊ុន Team8 ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​របស់ Federer គឺជា​ស្ថាបនិក​នៃ​ព្រឹត្តិការណ៍ Laver Cup ផ្ទាល់​តែ​ម្តង ដែល​បង្កើត​ឡើង​លើក​ដំបូង​នៅ​ឆ្នាំ ២០១៧​។ Laver Cup ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​វីរបុរស​កីឡា​វាយ​កូន​បាល់​អូស្ត្រាលី Rod Laver ដែល​ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​មួយ​នេះ​។ Laver Cup គឺជា​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ក្រុម​បុរស​លក្ខណៈ​អន្តរជាតិ​រវាង Team Europe ដែល​ក្រុម​កីឡាករ​មក​ពី​ទ្វីបអឺរ៉ុប​តទល់​នឹង Team World ដែល​ជា​កីឡាករ​មក​ពី​ទ្វីប​ផ្សេង​ទៀត​របស់​ពិភពលោក​លើកលែងតែ​ទ្វីបអឺរ៉ុប​។ ហើយ​នៅ​ឆ្នាំ ២០២២ ព្រឹត្តិការណ៍​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣ រហូត​ថ្ងៃ​ទី​២៥ ខែកញ្ញា​។

Federer មិន​បាន​ចូលរួម​ការ​ប្រកួត​កម្មវិធី​ណា​ទាំងអស់ ចាប់តាំងពី​បញ្ចប់​ការ​ប្រកួត​នៅ​ព្រឹត្តិការណ៍ Wimbledon កាលពី​ឆ្នាំ​មុន​។ នៅ​ពេល​ដែល​គាត់​បាន​ចាញ់​កីឡាករ​សញ្ជាតិ​ប៉ូ​ឡូញ Hubert Hurkacz ត្រឹម​វគ្គ​៨​អ្នក​ចុង​ក្រោយ​ក្នុង​លទ្ធផល ៦-៣, ៧-៦ (៤) និង ៦-០​។ ហើយ​ក្រោយមក Federer បាន​បញ្ជាក់​ថា ខ្លួន​បាន​រង​របួស​ជង្គង់ ដែល​ធ្វើ​ឱ្យ​គាត់​បង្ខំចិត្ត​នៅ​ក្រៅ​ទីលាន​ប្រកួត​ច្រើន​ជាង​១​ឆ្នាំ​។

ដោយ​បាន​ឆ្លងកាត់​ការ​វះកាត់​ជង្គង់​រហូត​ដល់​៣​ដង​ក្នុង​រយៈពេល​នោះ​។ ហើយ​អតីត​កីឡាករ​លំដាប់​លេខ​១​ពិភពលោក​កម្ពស់ ១,៨៥​ម៉ែត្រ ដែល​អាច​និយាយ​ban៩​ភាសា​រូប​នេះ ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​របួស​ថា ជា​ហេតុផល​សម្រាប់​ការ​ចូល​និវត្តន៍​ពី​អាជីព​ដ៏​ជោគជ័យ​របស់​គាត់​។

គួរ​បញ្ជាក់​ថា Roger Federer បាន​ក្លាយជា​កីឡាករ​វាយ​កូន​បាល់​អាជីព​នៅ​ក្នុង​ឆ្នាំ ១៩៩៦ គ្រា​ដែល​លោក​មាន​អាយុ​ត្រឹម​១៤​ឆ្នាំ ហើយ​គិត​រហូត​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈពេល​២៦​ឆ្នាំ​ហើយ ដោយ​បាន​ឆ្លងកាត់​ការ​ប្រកួត​យ៉ាងច្រើន​។

ការ​ប្រកួត​ឯកត្តជន ៖ សរុប​១៥២៦​ប្រកួត ឈ្នះ​១២៥១​លើក និង​ចាញ់​២៧៥​លើក ដោយ​ក្នុង​នោះ​ឈ្នះ​ពានរង្វាន់​សរុប​១០៣​លើក ក្នុង​នោះ​រួម​ទាំង Grand Slam ២០​លើក​ផង​ដែរ (Australian Open ៦​លើក​, French Open ១​លើក​, Wimbledon ៨​លើក និង US Open ៥​លើក​)​។

ការ​ប្រកួត​ដៃគូ ៖ សរុប​២២៣ ឈ្នះ​១៣១​លើក និង​ចាញ់​៩១​លើក ដោយ​ឈ្នះ​ពានរង្វាន់​សរុប​៨​លើក ក្នុង​នោះ​រួម​ទាំង​មេដាយមាស​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​ប៉េ​កាំ​ង ឆ្នាំ​២០០៨ ផង​ដែរ​។

ដោយ​សរុប​ចំនួន​ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការ​ឈ្នះ​ពានរង្វាន់​ទាំង​១១១​លើក​របស់​កំពូល​កីឡាករ​ស្វី​សរូប​នេះ មាន​ចំនួន ១៣០,៥៩៤,៣៣៩​លាន​ដុល្លារ​អា​មេ​រិ​ក​។ ជាមួយ​អាជីព​រយៈពេល​២៦​ឆ្នាំ Federer ធ្លាប់​កាន់កាប់​តំណែង​លេខ​១​ពិភពលោក រហូត​ដល់​៣១០​ស​ប្តា​ហ៍​តែ​ម្នាក់ឯង ឬ​៥​ឆ្នាំ (២០០៤,២០០៥,២០០៦,២០០៧ និង ២០០៩)៕ (​ដកស្រង់​ចេញពី ATP Tour និង Tennis Abstract)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ