ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ធនាគារ​អេ​ស៊ី​លី​ដា នឹង​ប៉ះពាល់​ប្រាក់​ចំណេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ផ្លាស់​ប្តូរ​និមិត្តសញ្ញា (Logo) រូប​ហង្ស ដើម្បី​កុំឱ្យ​ច្រឡំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច …

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ផ្លាស់​ប្តូរ​និមិត្តសញ្ញា (Logo) រូប​ហង្ស ដើម្បី​កុំឱ្យ​ច្រឡំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួច​មក ធនាគារ​អេ​ស៊ី​លី​ដា​បាន​ស្វះស្វែង និង​ខិតខំ​រចនា​ឡូ​ហ្គោ​ថ្មី ហើយ​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ក្រសួងពាណិជ្ជកម្ម ក៏​បាន​យល់ព្រម​ឱ្យ​ធនាគារ​អេ​ស៊ី​លី​ដា ប្រើ​និមិត្តសញ្ញា​ថ្មី​ដែល​ខ្លួន​រចនា​នេះ​ផង​ដែរ ។ ការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ថ្មី​នេះ មិនមែន​ផ្លាស់​ត្រឹមតែ​នៅ​ការិយាល័យ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ផ្លាស់​ទាំងអស់ ទាំង​នៅ​ទូ​អេ​ធី​អឹ​ម និង​កាត​ផ្សេង​ៗ ព្រមទាំង​ធនាគារ​អេ​ស៊ី​លី​ដា និង​មីក្រូហិរញ្ញវត្ថុ​អេ​ស៊ី​លី​ដា នៅ​ក្រៅប្រទេស​ថែម​ទៀត ។ ដូចនេះ ការ​ចំណាយ​លើ​ការ​ផ្លាស់​ប្តូរ​នេះ ក៏​អស់​ច្រើន​ដែរ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​ខ្លួន ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ពិធី​ប្រជុំ​នាយក នាយិកា​គ្រប់​សាខា​ពី​ការ​ផ្លាស់​ប្តូ​រឡូ​ហ្គោ​ថ្មី លោក​បណ្ឌិត អុ​ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ និមិត្តសញ្ញា​ថ្មី ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គ្រោង​នឹង​ចំណាយ​ប្រមាណ​៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ​១​លាន​ដុល្លារ​សម្រាប់​ផ្លាស់​ប្តូរ ដោះ​ស្លាក​ចាស់​ចេញ ដាក់​ស្លាក​ថ្មី ហើយ​ក្រៅពី​នោះ មានការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា នៅ​តាម​ទូ​អេ​ធី​អឹ​ម​នានា ព្រមទាំង​នៅ​វិ​សា​កាត និង​កាត​ផ្សេង​ៗ របស់​ធនាគារ​ទៀត ។

លោក​មាន​ប្រសាសន៍​ថា ៖ « ការ​ខាតបង់​សម្រាប់​ធនាគារ​អេ​ស៊ី​លី​ដា គឺ​នៅ​ពេល​ដែល​យើង​ត្រូវការ​ដោះ​ស្លាក​ចាស់ ដាក់​ស្លាក​ថ្មី​នោះ គឺ​ត្រូវការ​ចាយ​លុយ ។ ជាក់ស្ដែង គ្រាន់តែ​និមិត្តសញ្ញា​ដែល​បំពាក់​នៅ​ការិយាល័យ​កណ្ដាល ទាំង​មុខ និង​ក្រោយ ត្រូវ​ចំណាយ​អស់​ប្រមាណ​៣០​ម៉ឺន​ដុល្លារ ហើយ​បើ​បូក​សរុប​សាខា​នៅ​ទូទៅ​ប្រទេស​គិតតែ​លើ​និមិត្តសញ្ញា​សុទ្ធ គឺ​ត្រូវ​ចំណាយ​១​លាន​ដុល្លារ​អា​មេ​រិ​ក » ។

លោក​បន្ត​ថា ក្រៅពី​និមិត្តសញ្ញា​ដែល​បំពាក់​នៅ​តាម​ការិយាល័យ​អេ​ស៊ី​លី​ដា​ហើយ ក៏​មាន​កាត និង​ប័ណ្ណ​ផ្សេង​ៗ​ទៀត​ផង​ដែរ ដែល​ត្រូវការ​បោះពុម្ព​នៅ​ក្រៅប្រទេស ហើយ​បើ​សរុប​ទាំងអស់ ទាំង​ការ​បោះពុម្ព និង​ការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា ត្រូវ​ចំណាយ​មិន​តិច​ជាង​៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ លោក​មាន​ប្រសាសន៍​ថា ៖ « បើ​ទោះជា​មាន​គម្រោង​ផ្លាស់​ប្តូរ​កាត និង​ប័ណ្ណ​ឥណ​ពន្ធ​នានា​ក៏​ដោយ តែ​អតិថិជន​នៅ​តែ​អាច​បន្ត​ប្រើប្រាស់​កាត​ចាស់​បាន​ដដែល មិន​ទាន់​មានការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​ទេ លុះត្រាតែ​កាត​ថ្មី​បោះពុម្ព និង​បញ្ជូន​មក​ដល់ ទើប​មានការ​ប្រែប្រួល » ។

លោក​បន្ថែម​ថា ការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​ថ្មី​របស់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មិនមែន​ផ្លាស់​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ចំពោះ​ធនាគារ​អេ​ស៊ី​លី​ដា នៅ​ប្រទេស​ឡាវ និង​មីក្រូហិរញ្ញវត្ថុ អេ​ស៊ី​លី​ដា នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ក៏​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ដែរ ប៉ុន្តែ​គ្រាន់តែ​ត្រូវការ​ពេលវេលា​យូរ​ជាង​នៅ​កម្ពុជា ព្រោះ​តាម​ច្បាប់​ប្រទេស​គេ ការ​ស្នើ​សុំ​អ្វីមួយ ត្រូវការ​ពេល​យូរ មិន​ដូច​នៅ​កម្ពុជា​នោះ​ទេ ។

លោក​បញ្ជាក់​ថា ៖ « ការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា​នេះ​ដែរ យើង​មិន​ធ្វើ​ឱ្យ​អតិថិជន​មានការ​អាក់អន់ចិត្ត ឬ​ខាតបង់​ជាមួយ​យើង​នោះ​ទេ គឺ​យើង​នឹង​ប្រើប្រាស់​ការ​ចំណាយ​ផ្ទាល់​របស់​យើង​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​នេះ​ដោយ​យើង​នឹង​មិន​មាន​បន្ថែម​ការ​ប្រាក់​ពី​អតិថិជន​នោះ​ទេ​។ យ៉ាងណាមិញ ចំពោះ​និមិត្តសញ្ញា​ថ្មី​នេះ​ដែរ យើង​ឃើញ​ថា មានការ​ពេញចិត្ត​ពី​សំណាក់​អតិថិជន​របស់​យើង តាម​រយៈ​បណ្ដាញ​សង្គម​ហើយ​សម្រាប់​បុគ្គលិក​និយោជិត​របស់​យើង​វិញ ក៏​ពួក​គាត់​ពេញចិត្ត​នូវ​អ្វី​ដែល​យើង​បាន​កំពុង​ធ្វើ​រួម​គ្នា​ដែរ » ។

បើ​តាម​លោក​បណ្ឌិត​ថា ចាប់តាំងពី​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បើក​ដំណើរការ​រហូត​មក​ដល់​ពេល​នេះ ធនាគារ​បាន​ចូលរួម​ចំណែក​បង់ពន្ធ​ជូន​រដ្ឋ​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ ប្រមាណ​៤៧​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ឆ្នាំ​២០១៧​នេះ ធនាគារ​អេ​ស៊ី​លី​ដា ក៏​នឹង​បង់ពន្ធ​មិន​តិច​ជាង​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧​នេះ ធនាគារ​អេ​ស៊ី​លី​ដា គ្រោង​នឹង​រក​ប្រាក់​ចំណេញ​ឱ្យ​បាន​១៣៤​លាន​ដុល្លារ​អា​មេ​រិ​ក ដូចនេះ​ក្រោយ​ពី​មានការ​ចំណាយ​លើ​ការ​ផ្លាស់​ប្តូរ​និមិត្តសញ្ញា ថ្មី​នេះ ប្រាក់​ចំណេញ​របស់​ខ្លួន អាច​នឹង​មានការ​ប្រែប្រួល​បន្ដិចបន្ដួច ៕