ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​តាម​មាត់ទន្លេ​ភូមិ​ចុង​កោះ នៅ​តែ​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ថ្លៃ​រុះរើ​លំនៅ​ដ្ឋា​ន

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​តវ៉ា​ជា​បន្តបន្ទាប់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជាប់មាត់​ច្រាំង​ទន្លេ ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កន្លង​មកនេះ

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មានការ​តវ៉ា​ជា​បន្តបន្ទាប់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជាប់មាត់​ច្រាំង​ទន្លេ ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កន្លង​មកនេះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ នៅ​សាលា​បុណ្យ​ភូមិ​ចុង​កោះ មាន​កិច្ចប្រជុំ​មួយ របស់​គណៈកម្មការ​រៀបចំ​អភិវឌ្ឍន៍​ច្រាំង​ទន្លេ ក្នុង​កំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ អ្នក​ភូមិ​ចុង​កោះ​ដែល​នឹង​ត្រូវ​បន្លាស់​ទី​ទៅ​រស់នៅ​លើ​ដី​ថ្មី​។ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​តវ៉ា​នឹង​ការ​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ខេត្ត​នោះ​ទេ តែ​សូម​ឲ្យ​មានការ​ដោះស្រាយ​ឲ្យ​បាន​សម​ស្រប អាច​ទទួលយក​បាន ដូច​ជា​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ចេញថ្លៃ​រុះរើ​លំនៅ​ឋាន​របស់​ពួក​គាត់ ដែល​ត្រូវ​ទៅ​តាំងទី​លំនៅ​ថ្មី ទើប​ពួក​គាត់​ព្រម​ចាកចេញ​ទៅ​កាន់​ទីលំនៅ​ថ្មី ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​បង់​រំ​លោះ​ថ្លៃ​ចាក់​ដី​ចំនួន​១​ពាន់​ដុល្លារ​ក្នុង​១​ប្លង់​។

ចំពោះ​ប្រជាពលរដ្ឋ ដែល​បំបែក​គ្រួសារ មាន​សៀវភៅ​គ្រួសារ​បែក​អស់ហើយ តើ​ពួក​គាត់​អាច​ទទួលយក​ដី​ថ្មី​នោះ​បាន​ឬ​អត់ ចំណុច​មួយទៀត​ចំពោះ​សាលា​បុណ្យ​ភូមិ​ចុង​កោះ​នេះ ខេត្ត​មិន​ទាន់​ចង្អុល​ទីតាំង​ត្រូវ​រុះរើ​ទៅ​នៅ​ទីកន្លែង​ណា អត់​ឃើញ​មាន​ដោះស្រាយ និង​ចំណុច​ចុង​ក្រោយ ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​គ្មាន​លទ្ធភាព បង់​រំ​លោះ​ទៅ​នៅ​ដី​ថ្មី​នោះ​ទេ តើ​អាជ្ញាធរ​ខេត្ត​គិត​យ៉ាងម៉េច​។ ឆ្លើយ​តប​នឹង​សំណូមពរ​នេះ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​អភិវឌ្ឍន៍​ច្រាំង​ទន្លេ​ក្រុង​កំពង់ឆ្នាំង​បាន​លើក​ឡើង​ថា ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ថ្លៃ​រុះរើ​ផ្ទះ​គឺ សូម​បញ្ជាក់​ថា កាលពី​ដំបូង​ឡើយ យើង​បាន​ឯកភាព​គ្នា​ហើយ​ថា ព្រម​ចាកចេញ​ទៅ​ទីតាំង​ថ្មី ដោយ​បង់​រំ​លោះ​ក្នុង​ដី​មួយ​ប្លង់​ទំហំ ៥​គុណ​នឹង​២០​ម៉ែត្រ ក្នុង​តម្លៃ ៣.៤០០​ដុល្លារ ហើយ​អាជ្ញាធរ​ខេត្ត​នឹង​ត្រូវ​ចេញថ្លៃ​រុះ​ជូន​ប្រជាពលរដ្ឋ ចាប់ពី​៤០០​ដល់​១២០០​ដុល្លារ តាម​ទំហំ​ផ្ទះ​តូច​ធំ​។

តែ​ក្រោយមក ដោយសារ​តែ​យល់​ថា​ប្រជាពលរដ្ឋ​ភាគច្រើន​គ្មាន​លទ្ធភាព អាជ្ញាធរ​ខេត្ត​បាន​ឯកភាព​ជាមួយ​ក្រុមហ៊ុន ដោយ​សុំ​ឲ្យ​ក្រុមហ៊ុន យក​តែ​ថ្លៃ​ចាក់​ដី ក្នុង​១​ប្លង់​១​ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ​។ ដូច​ច្នេះ​ប្រជា​ពល​ត្រូវ​សល់​ប្រាក់​ចំនួន ២.៤០០​ដុល្លារ​ទៀត​ពី​ការ​បន្លាស់​ទី​ទៅ​តាំងទី​លំនៅ​ថ្មី ហេតុនេះ​ប្រាក់​២.៤០០​ដុល្លារ​ដែល​នៅ​សល់​នេះ​គឺ​ស្មើនឹង​អាជ្ញាធរ​ខេត្ត​បង្វែរ​ទៅ​ជា​ថ្លៃ​រុះរើ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​វិញ​។ ចំពោះ​ប្រជាពលរដ្ឋ​បំបែក​គ្រួសារ លោក​សុំ​ឲ្យ​ទៅ​ជួប​ជាមួយ​គណៈ​ក​ម្មា​ការ​ដើម្បី​ប្រាប់​គាត់​ពី​បញ្ហា​នេះ​។​ចំពោះ​សាលា​បុណ្យ​ភូមិ​វិញ ខេត្ត​មិន​បាន​ស្នើ​សុំ​ឲ្យ​រុះរើ​ទេ តែ​សុំ​ឲ្យ​កែ​ច្នៃ​សាលា​បុណ្យ​នេះ​ទៅ​ជា​កន្លែង​ទេសចរណ៍ នៃ​កន្លែង​ទី​សក្ការៈ​វិញ​។

ដោយឡែក​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​គ្មាន​លទ្ធភាព អាជ្ញាធរ​បាន​គិតគូរ​ហើយ តែ​មិនមែន​អ្នក​ណា​ក៏​អត់​លទ្ធភាព​នោះ​ទេ អាជ្ញាធរ​ខេត្ត​នឹង​គិត​ពី​បញ្ហា​នេះ ថា​តើ​គួរ​ឲ្យ​គាត់​ទៅ​នៅ​កន្លែង​ណា​។ ចំពោះ​បញ្ហា​ទាំង​អស់នេះ ពិសេស​បញ្ហា​ស្នើ​សុំ​ដោះស្រាយ​ថ្លៃ​រុះរើ​ផ្ទះ លោក​នឹង​យក​ព័ត៌មាន​នេះ​ទៅ​ដាក់​ជូន​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​ពិភាក្សា​គ្នា​សម្រេច​លទ្ធផល​បែប​ណា​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​។  ជុំវិញ​បញ្ហា​នេះ មតិ​ខាងក្រៅ​ខ្លះ​ថា បើ​គ្មាន​ដំណោះស្រាយ​ជួយ​ចេញថ្លៃ​រុះរើ​លំនៅ​ឋាន​នោះ​ទេ ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់ទន្លេ​ក្នុងភូមិ​ចុង​កោះ ពិតជា​មិន​ឯកភាព​ឡើយ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​លួច​ប្រាប់​ដែរ​ថា អ្នក​តវ៉ា​ខ្លះ​បាន​ព្រមព្រៀង​ជាមួយ​គណៈកម្មការ​ហើយ​តែ​បែរជា​ចេញ​មុខ​តវ៉ា​ទៅ​វិញ​៕