ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តទួរីសបុកជាមួយម៉ូតូ កើតឡើងកាលពីកាលពីវេលាម៉ោង០៨ និង២០នាទីយប់ថ្ងៃទី១៩ កុម្ភៈ ស្ថិតនៅលើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ86-87 ក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
រថយន្តបង្កខាងលើម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ2R-6794 ត្រូវអ្នកបើកចុះរត់បាត់ បន្សល់តែរថយន្តនៅនឹងកន្លែង ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះឡាយ ទិត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពឱ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តតួរីសខាងលើ ដឹកអីវ៉ាន់ចាប់ហួយ បើកបរពីទិសខាងកើតទៅលិច លុះមកដល់ចំណុចខាងលើ ក៏ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ។ សមត្ថកិច្ចបានប្រាប់ថា មុនពេលជួបហេតុការណ៍អាក្រក់នេះ ជនរងគ្រោះទើបនឹងត្រឡប់មកពីហូបការកូនមិត្តភក្តិ។
ចែករំលែកព័តមាននេះ