ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មន្ត្រី​អង្គការ​សហការ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​៧​នាក់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​អង្គការ​សហការ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ …

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​អង្គការ​សហការ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​៧​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​ថា​បាន​ធ្វើ​សកម្មភាព​កំហែង​យក​ប្រាក់​ពួក​គាត់​ដឹកឈើ​ធ្វើ​ផ្ទះ​និង​អុស ។

ជនសង្ស័យ​ទាំង​៧​នាក់​មាន ១-​ឈ្មោះ កែវ សា​រុន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ​, ២-​ឈ្មោះ សំ សា​រ៉ាត់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​, ៣-​ឈ្មោះ សុខ សា​រឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។ ទាំង​៣​នាក់​មាន​ទីលំនៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ៤-​ឈ្មោះ ជា សាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​, ៥-​ឈ្មោះ សាក់ ថូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៦-​ឈ្មោះ ឡាយ សា​វឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង ៧-​ឈ្មោះ សុខ សុខុម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ។ ទាំង​៤​នាក់​មាន​ទីលំនៅ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

លោក​វរៈសេនីយ៍ទោ ម៉ូ លី​ដា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់​នេះ​គឺ​យោង​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ រស់នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ទី​១-​ឈ្មោះ ប៊ិ​ត បឿ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​ទី​២-​ឈ្មោះ​អ៊ុ​ម រុន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ដែល​បាន​ចោទប្រកាន់​ថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រុម​ខ្យល់ព្យុះ​ខាងលើ​នេះ​បាន​ឃាត់​គោ​យន្ដ​ដឹកឈើ​ធ្វើ​ផ្ទះ និង​ដឹកអុស​របស់​ពួក​គាត់​នៅ​ចំណុច​ជំរំ​តា​ឈឿ​ន និង​ចំណុច​ថ្ម​ខែល ស្ថិត​ក្នុងភូមិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ហើយ​បាន​ដក​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​១​គ្រឿង ។ នៅ​ពេល​ពួក​គាត់​អង្វរ​សុំ​វិញ ពួក​គេ​បាន​ទារ​លុយ​ចំនួន​១០​ម៉ឺន​រៀល​ដើម្បី​ជា​ថ្នូរ  ហើយ​ក្រោយមក​នៅ​សល់​ត្រឹម​៨​ម៉ឺន​រៀល ។ នៅ​ពេល​ពួក​គាត់​ឲ្យ​លុយ​គ្រប់​ចំនួន​ហើយ ពួក​គេ​ក៏​ចេញដំណើរ​ទៅ​មុខ​ទៀត ដោយ​បោះ​សំដី​ថា​លោក​ឯង​ចង់ទៅ​ប្ដឹង​អ្នក​ណា​ក៏​ប្ដឹង​ទៅ ព្រោះ​ពួក​គេ​ជា​អង្គការ​សហការ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ ។

លោក​ប្រធាន​ការិយាល័យ​បន្ត​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ភា្ល​ម នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ សមត្ថកិច្ច​ស្រុក​ក្រគរ បាន​ចាត់វិធានការ​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់​នេះ​ជា​បន្ទាន់ ។ សមត្ថកិច្ច​បាន​ឆែក​ឃើញ​មាន​លិខិត​បញ្ជា​បេសកកម្ម​ចុះហត្ថលេខា​ដោយ​ឈ្មោះ ហួ​ន ច័ន្ទ​ថុ​ន សុ​ទ្ទ​តែ​ជា​អគ្គនាយក​អង្គការ​សហការ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ ប៉ុន្តែ​ហួស​សុពលភាព​ហើយ ហើយ​ឈ្មោះ កែវ សា​រុន ប្រធាន​ស្នាក់​ការ​ខេត្ត បាន​ចេញ​បេសកកម្ម​បន្ត​ពេញ​មួយ​ឆ្នាំ​២០១៧ ។

លោក ម៉ូ លី​ដា មាន​ប្រសាសន៍​ថា ការ​ឃាត់ខ្លួន​ក្រុម​អង្គការ​ខ្យល់ព្យុះ​ខាងលើ​នេះ ជា​ការ​បង្ក្រាប​កុងត្រូលជជុះ​អនាធិបតេយ្យ​ដែល​តែងតែ​ដើរ​ធ្វើ​សកម្មភាព​កំហែង​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹកឈើ​ធ្វើ​ផ្ទះ និង​ដឹកអុស​គ្រប់​ទីកន្លែង ។ គេ​មិនដឹង​ថា ក្រុម​អង្គការ​ត្បាញ​អាយ​នេះ​បាន​ជួយ​ការពារ​ធនធានធម្មជាតិ​អ្វីខ្លះ​ដល់​ជាតិ​នោះ​ទេ ព្រោះ​កន្លង​មក​ឃើញ​តែ​ដើរ​ធ្វើ​សកម្មភាព​បែប​នេះ​គ្រប់​ខេត្ត​ក្រុង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៧​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ ដើម្បី​ឲ្យ​ស្ថាប័ន​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕