ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្នើ​សុំ​ប្រើប្រាស់​ឥណទាន​នៅ​កម្ពុជា​តាម CBC ឆ្នាំ​២០១៦ ​កើន​ប្រមាណ​៣១%

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ដាក់​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ឥណទាន​ផ្ទាល់ខ្លួន​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ មាន​កំណើន​ប្រមាណ​៣១%​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ …

រាជធានី​ភ្នំពេញ ៖ ការ​ដាក់​ពាក្យ​ស្នើ​សុំ​ប្រើប្រាស់​ឥណទាន​ផ្ទាល់ខ្លួន​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ មាន​កំណើន​ប្រមាណ​៣១%​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ នេះ​មិន​រាប់​បញ្ចូល​ឥណទាន​ដែល​អតិថិជន​ស្នើ​សុំ​ខ្ចី​សម្រាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ ។ នេះ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ( CBC ) ។

តាម​ទិន្នន័យ​ពី​ការិយាល័យ​ឥណទាន​កម្ពុជា ក៏​បាន​បង្ហាញ​ផង​ដែរ នៅ​ត្រីមាស​ទី​១ និង​ទី​៣ ការ​ស្នើ​សុំ​ប្រើប្រាស់​ឥណទាន មាន​កំណើន​គួរសម តែ​នៅ​ត្រីមាស​ទី​២​និង​ទី​៤ ឆ្នាំ​២០១៦​ការ​ដាក់​ពាក្យ​ស្នើ​សុំ​បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​២០១៦ តែ​យ៉ាងណា​ក៏​នៅ​តែ​មាន​កំណើន​ឡើងជា​បន្តបន្ទាប់ ។

លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា​( CBC )​បានឱ្យ​ដឹង​ថា បើ​ធៀប​នឹង​ឆ្នាំ ២០១៥​កន្លង​ទៅ ការ​ស្នើ​សុំ​ឥណទាន​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​ការិយាល័យ​ឥណទាន​ទទួល​បាន​មាន​កំណើន​តិចតួច ដែល​មាន​អត្រា​ប្រមាណ​៣១% ។ លោក​មាន​ប្រសាសន៍​ថា ៖ « ការិយាល័យ​ឥណទាន​កម្ពុជា មាន​តួនាទី​ត្រួតពិនិត្យ​មើល​ប្រវត្តិរូប​អ្នក​ស្នើ​សុំ​ប្រើប្រាស់​កម្ចី​ឥណទាន​ពី​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ តែ​ការ​ផ្ដល់​កម្ចី​ឱ្យ​ឬ​ក៏​អត់​នោះ វា​អាស្រ័យ​លើ​ស្ថាប័ន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ជា​អ្នក​សម្រេច » ។

តាម​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៦ អ្នក​ស្នើ​សុំ​ប្រើប្រាស់​ឥណទាន មាន​ចំនួន​៦៧៩​ពាន់​ករណី ហើយ​គិត​ជា​ទឹកប្រាក់​ដែល​បាន​ស្នើ​សុំ​មាន​ប្រមាណ​៣,១៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ចំនួន​គណនី​កើន​ឡើងជា​រៀង​រាល់​ត្រីមាស​ចាប់តាំងពី​ដើមឆ្នាំ ប៉ុន្ដែ​កើនឡើង​ក្នុង​សន្ទុះ​យឺត​ពី​ការ​ប្រែប្រួល​ក្នុង​កម្រិត​១១,៤៤% ក្នុង​ត្រីមាស​ទី​១ និង​៧,៨៦% ក្នុង​ត្រីមាស​ទី​២ ។ បច្ចុប្បន្ន​នេះ វា​កើនឡើង​ត្រឹមតែ​១,៨%​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​មុន ។ សមតុល្យ​ប្រាក់​កម្ចី​សរុប​ដែល​មាន​កំណើន​យ៉ាង​លឿន​នៅ​ក្នុង​ត្រីមាស​ទី​៣ នៅ​តែ​មិន​ប្រែប្រួល​ជាមួយនឹង​ការ​កើនឡើង​៤% ។

គួរ​បញ្ជាក់​ថា ការិយាល័យ​ឥណទាន​កម្ពុជា​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ឥណទាន ឧបករណ៍​វិភាគ និង​សេវាកម្ម​រាយការណ៍​ដល់​ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុន​ផ្ដល់​ប្រាក់​កម្ចី ប្រតិបត្តិ​ករ​ឥណទាន និង​អ្នក​ប្រើប្រាស់​នានា​នៅ​កម្ពុជា ។ CBC ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែមីនា ឆ្នាំ​២០១២ ដោយ​មានការ​គាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៃ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ក្រុមប្រឹក្សា​ហិរញ្ញវត្ថុ​អន្តរជាតិ ។

CBC ជំរុញ​ឱ្យ​លំនឹង​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​ឡើង​ដោយ​ផ្ដល់​ទិន្នន័យ​ទាន់​ហេតុការណ៍ និង​ត្រឹមត្រូវ​ដល់​អ្នក​ប្រើប្រាស់ និង​ឧស្សាហកម្ម​ដែល​ជួយ​ក្នុង​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ធុរកិច្ច​របស់​ពួក​គេ ។ យើង​ជួយ​ធុរកិច្ច​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​នៃ​ឥណទាន ការពារ​ការ​ក្លែងបន្លំ និង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ដោយ​ស្វ័យប្រវត្តិ ។ CBC ក៏​ជួយ​បុគ្គល​ប្រើប្រាស់​ក្នុង​ការ​ត្រួត​ព​និត្យ​របាយការណ៍​ឥណទាន​របស់​ពួក​គាត់​ដើម្បី​ធានា​ថា ពួក​គាត់​អាច​ទទួល​បាន​ប្រាក់​កម្ចី និង​ហិរញ្ញវត្ថុ និង​ការពារ​ខ្លួន​ពី​ការ​ក្លែងបន្លំ​អត្តសញ្ញាណ ៕