ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ពាល​៣​នាក់​ជិះ​ម៉ូតូ​ដេញ​កា.ប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ដូច​ថតកុន

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​៣​នាក់​រង​របួស និង​៤​នាក់​ផ្សេង​ទៀត ខូចខាត​រថយន្ត និង​ម៉ូតូ មូលហេតុ​ក្រុម​ជនពាល​៣​នាក់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​៣​នាក់​រង​របួស និង​៤​នាក់​ផ្សេង​ទៀត ខូចខាត​រថយន្ត និង​ម៉ូតូ មូលហេតុ​ក្រុម​ជនពាល​៣​នាក់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ កាំបិត និង​បំពង់​ទីប​ក្នុង​ដៃ ខណៈ​ស្រវឹងស្រា ជិះ​ម៉ូតូ ដេញ​កាប់​ប្រហារ អ្នក​ធ្វើ​ដំណើ​តាម​ដងផ្លូវ​ជាតិ​លេខ​១ និង​តាម​ដងផ្លូវ​លំ​ស្ថិត​នៅ​ភូមិ​ថ្នល់កែង និង​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប យ៉ាង​សាហាវ ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់​ឃាត់ខ្លួន​បាន​២​នាក់ និង​ម្នាក់​កំពុង​រត់គេច​ខ្លួន​។

បើ​តាម​លោក​វរៈសេនីយ៍ត្រី សួរ រ៉ី អធិការរង នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​ថា ករណី​ក្រុម​ជនពាល​ជិះ​ម៉ូតូ​ដេញ​កាប់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៧ វេលា​ម៉ោង​៧​និង​០០​យប់ ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​រហូត​មក​ដល់​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧ ទើប​តាម​ចាប់ខ្លួន​បាន​២​នាក់​។ ជនសង្ស័យ​ទី​១-​ឈ្មោះ ឡង់​ទីណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ជា​អ្នកបើកបរ​ម៉ូតូ​។ ទី​២-​ឈ្មោះ ណំ រ៉ូ​យ៉ា​ល់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ​ភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ កាន់​កាំបិត​កា​ចែត ជា​អ្នក​កាប់ និង​វាយ​បំបែក​កញ្ចក់​រថយន្ត​។

ជន​ទាំង​ពី​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ខណៈ​លបចូល​ផ្ទះ​។ ទី​៣-​ឈ្មោះ ប៉ាន់ បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ជា​អ្នក​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ និង​ជា​អ្នក​កាប់​ប្រហារ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ និង​កាប់​កញ្ចក់​រថយន្ត​(​រត់គេច​ខ្លួន​បាត់​)​។ ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​៣​នាក់ បាន​ផឹកស្រា​ស្រវឹង​ជោក រួច​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក អ៊ែ​រ​ប្លែក ពណ៌​ខៀវ ឌុ​ប​គ្នា ដេញ​កាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​លំ​ឲ្យ​រង​របួស​៣​នាក់​។ ១-​ឈ្មោះ សួ​ស ធឿ​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ រង​របួស​បាតដៃ​ឆ្វេង​ធ្ងន់​។

២-​ឈ្មោះ ជឹ​ប រឹត​ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ របួស​ស្មា​ខាងឆ្វេង​ធ្ងន់​។ ៣-​ឈ្មោះ ប៉ែន សា​វឿ​ន ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ រង​របួស​ចង្កេះ​ខាងឆ្វេង (​វាយ​នឹង​បំពង់​ទីប​) អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​ជប់​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​។ ជន​រង​គ្រោះ​ទី​៤-​ឈ្មោះ ចុង ច​ន្ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ជនពាល​កាប់​ដាច់​កញ្ចក់​មើល​ក្រោយ​រថយន្ត​។ ទី​៥-​ឈ្មោះ ភោគ ដា​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ទួល​អង្គប់ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ត្រូវ​ជនពាល​វាយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៦ ខូច​យ៉ាងដំណំ​។

ទី​៦-​ឈ្មោះ សូរ យ៉​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ត្រូវ​ជនពាល​វាយ​បែក​កញ្ចក់​រថយន្ត ម៉ាក​កាម​រី​ឆ្លាម​បែក​កញ្ចក់​បែក​ខាង​មុខ ខាងឆ្វេង​ខូច​ទាំងស្រុង និង​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក កាម​រី​បា​ឡែ​ន របស់​លោក ព្រំ សា​វ៉េ​ត ទូរ​ទស្ស​អាស៊ី​អាគ្នេយ៍ គ្រាន់តែ​ឆ្កូត​ថ្នាំ​សំណាងល្អ​មិន​បែក​កញ្ចក់​។ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា សាហាវ​ណាស់​ដូច​រឿង​ក្នុង​កុន ជិះ​ម៉ូតូ​ដេញ​កាប់​អ្នក​ធ្វើ​ដំណើរ​គ្មាន​រើសមុខ ដេញ​កាប់​តាម​ដង​ផ្លូវលំ​អស់ចិត្ត បើក​ម៉ូតូ​ឡើង​លើ​ថ្នល់ជាតិ ដេញ​កាប់​ម៉ូតូ និង​វាយ​កញ្ចក់​រថយន្ត​រយៈពេល​មួយ​ម៉ោង​សមត្ថកិច្ច​ដេញ​ប្រមាញ់​ចាប់​អត់​បាន ៣​ថ្ងៃក្រោយ​ទើប​ចាប់​បាន​២​នាក់ ម្នាក់​ទៀត​កំពុង​គេចខ្លួន​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព កណ្តៀង​រាយ ចំណែក​ជនសង្ស័យ និង​វត្ថុ​តាង​(​កាំបិត​បំពង់​ទីប ម៉ូតូ​) សមត្ថកិច្ច​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៧ វេលា​ម៉ោ​១០​និង​០០​ព្រឹក ហើយ​បាន​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ម៉ោង​២​និង​០០​រសៀល​៕