ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឃាត់ខ្លួន ពី​បទ​ចូល​អារឈើ​ក្នុង​ព្រៃ​ឡង់

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឧ​ទ្យា​នុ​រក្ស​ក្រុម​ចល័ត​អន្តរាគមន៍​ធ្វើការ​បង្ក្រាប​បាន​ដែល​កំពុង​ធ្វើ​សកម្មភាព​លួច​អារឈើ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​។

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឧ​ទ្យា​នុ​រក្ស​ក្រុម​ចល័ត​អន្តរាគមន៍​ធ្វើការ​បង្ក្រាប​បាន​ដែល​កំពុង​ធ្វើ​សកម្មភាព​លួច​អារឈើ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​។ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឧ​ទ្យា​នុ​រក្ស​ក្រុម​ចល័ត​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​កំពុង​តែ​ធ្វើ​សកម្មភាព​លួច​ចូល​កាត់​ដើមឈើ​មួយ​ដ៏​ធំ​ដែល​មានមុខ​កាត់​០,៩០​ម៉ែត្រ រួម​ជាមួយ​វត្ថុ​តាង មាន​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​១​គ្រឿង កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​អូរ​ក្បាល​រាំ ស្ថិត​ក្នុងដែនជម្រក សត្វព្រៃ​ព្រៃ​ឡង់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។

ជនសង្ស័យ​ឈ្មោះ ផាត ទិ​ត្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បា​ជ័យ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ដោយសារ ខ្លួន​អត់​លុយ​ចាយ​ក៏​បាន​ទៅ​ខ្ចី​លុយ​របស់​លោក​ថៅកែ​ម្នាក់​ឈ្មោះ ភា រៀ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ចំនួន​៤០​ម៉ឺន​រៀល ដោយ​សន្យា​ថា​នឹង​ចូល​ទៅ​អារឈើ​ក្នុង​ព្រៃ​ឡង់​ដើម្បី​ទូទាត់​កាត់​សង​លុយ​ដែល​បាន​ខ្ចី​គាត់ ហើយ​លោក​ថៅកែ​រូប​នោះ​ក៏​បាន​ប្រគល់​ឲ្យ​នូវ​រណា​យន្ត​១​គ្រឿង និង​ប្រេងសាំង​១​កាន គ្នា​២​នាក់​ចូល​ទៅ​អារឈើ​។

នៅ​ពេល​ដែល​អារ​ដើមឈើ​ទាល​ធំ​១​ដើម​រលំ កំពុង​តែ​រៀបចំ​ច្រៀក​ស្រាប់តែ​សមត្ថកិច្ច​ទៅ​ចាប់ ឃើញ​ដូច្នេះ​គ្នា​គេ​ម្នាក់​ទៀត​ដែល​ជា​អ្នក​ចាំ​បោស​អាចម៍រណា​ឈ្មោះ សាន ឃើញ​ទាន់​ក៏​រត់គេច​ខ្លួន​បាត់​ទៅ នៅ​សល់​តែ​រូបគេ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​ប្រធាន​មន្ទីរ​បន្ត​ថា​ដោយសារ​តែព្រៃ​ឡង់​មាន​ទំហំ​ធំ ផ្លូវ​ចេញចូល​ក្នុង​ព្រៃ​មាន​ច្រើន​រាប់​មិន​អស់ ចំណែក​សមត្ថកិច្ច​ជំនាញ​មាន​គ្នា​តិច ហើយ​ជនសង្ស័យ​បាន​ប្តូរ​រូបភាព​ពី​ការ​ធ្វើ​សកម្មភាព​លួច​ចូល​អារឈើ​ពេល​ថ្ងៃ មក​ធ្វើ​នៅ​ពេល​យប់​វិញ។

នៅ​ពេល​ធ្វើ​សកម្មភាព​ពួក​គេ​មាន​អ្នក​កាន់​អាយ​កូ​ម​រង់ចាំ​មើលផ្លូវ ព្រមទាំង​មាន​អាវុធ​កែ​ច្នៃ​ដាក់​តាម​ខ្លួន​ទៀត​ផង បើ​សមត្ថកិច្ច​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ច្បាស់​ជា​គ្រោះថ្នាក់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បង្ក្រាប​ជួប​បញ្ហា​លំបាក​ជា​ខ្លាំង ដូច​ជា​ករណី​នេះ​ជាដើម​ទំ​រាំ​តែ​ចាប់​បាន កម្លាំង​សមត្ថកិច្ច​យើង​ត្រូវ​លូន​ក្នុង​ព្រៃ​ពេល​យប់​ងងឹត​ពី​ចម្ងាយ​ទំ​រាំ​ចូល​ទៅ​ចាប់​បាន​នោះ​។ ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់។

ជុំ​វិញ​បញ្ហា​ខាងលើ​នេះ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​ស្ថាប័ន​តុលាការខេត្ត​កំពង់ធំ សូម​មេត្តា​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​មេខ្លោង​ដែល​នៅ​ពីក្រោយ​ខ្នង នៃ​ការ​ឲ្យ​ចូល​ទៅ​កាប់​ទន្ទ្រានព្រៃ​ឡង់​នេះ​ឲ្យ​បាន យក​មក​ធ្វើការ​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ពីព្រោះ​ពួក​នេះ​គឺជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ បើ​មិន​ដូច្នោះ​ទេ​នោះ​គឺ​មិន​អាច​ថែរក្សា និង​ការពារ​ព្រៃ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​នេះ​ឲ្យ​បាន​គង់វង្ស​នោះ​ឡើយ​៕