ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​គាស់កកាយ​តាម​ចិត្ត​អត់​មាន​អ្នកគ្រប់គ្រង

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​បាន​កម្រើក​ឡើង​វិញ​ហើយ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈពេល​ដែល​ភាគច្រើន​គេ​សង្កេត​ឃើញ​ការ​ជីក​កកាយ​ភ្នំ​នេះ ប៉ះ​ចំ​កន្លែង​ដែល​នៅ​ក្បែរ​ៗ​ផ្លូវ​ថ្នល់

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​បាន​កម្រើក​ឡើង​វិញ​ហើយ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈពេល​ដែល​ភាគច្រើន​គេ​សង្កេត​ឃើញ​ការ​ជីក​កកាយ​ភ្នំ​នេះ ប៉ះ​ចំ​កន្លែង​ដែល​នៅ​ក្បែរ​ៗ​ផ្លូវ​ថ្នល់ជាតិ​តែ​ម្តង ។ ខណៈ​ពេល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក​គេ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ពាក់ព័ន្ធ ដោយ​មិន​ចេះ​ការពារ​សោភ័ណ​ភាព​នោះ​ទេ  ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ មាន​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ជាប់​ខាងឆ្វេង បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​សារព័ត៌មាន និង​ទូរទស្សន៍​បាន​ចុះ​ផ្សាយ​ជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​ការ​ជីក​កកាយ​ដី​ភ្នំ​លក់ ក៏​ដូច​ជា​យក​ទៅ​អភិវឌ្ឍន៍​ផ្លូវថ្នល់ ធ្វើ​សាលារៀន វត្ត​អា​រ៉ា​ម​ជាដើម ដោយ​គេ​មិនឃើញ​ជីក​កកាយ​ភ្នំ​ដែល​នៅ​ជ្រៅ​ផុត​ពី​ភ្នែក​មនុស្ស​នោះ​ឡើយ គឺ​នាំ​គ្នា​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​នៅ​ក្បែរ​ៗ​ផ្លូវ​ថ្នល់​យ៉ាង​បើកចំហរ​ទៅ​វិញ ។ ប្រភព​បន្ត​ទៀត​ថា ជាក់ស្តែង​ភ្នំ​ជា​ច្រើន​នៅ​ចំណុច​ភ្នំ​ដោះ​ក្រមុំ ក្នុងភូមិ​ក្ងោ ក ឃុំ​ស្ទឹង​កាច់ ត្រូវ​បាន​អាជ្ញាធរ​យក​គ្រឿងចក្រ​ទៅ​ជីក​យ៉ាង​ក្រហេង​ក្រហូង​បាត់​អស់​រូបរាង​ដើម ដោយ​ជីក​ភ្នំ​នេះ​បន្តិច ភ្នំ​នោះ​បន្តិច លុះ​ពេល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បើកបរ​ម៉ូតូ ឬ​រថយន្ត​ក្បែរ​នោះ គេ​មើលទៅ​មិន​សម​ភ្នែក​ទាល់តែ​សោះ ។

រហូត​មក​ដល់​ពេល​នេះ ស្រាប់តែ​ភ្នំ​ដ៏​ស្រស់​ស្អាត​ជាទី​ទាក់ទាញ​ភ្នែក​ភ្ញៀវ​ទេសចរ បែរជា​ត្រូវ​គេ​ជីក​កកាយ​ធ្វើ​ឱ្យ​បាត់បង់​អស់​សោភ័ណ​ភាព​ក្រុង ហើយ​បាត់បង់​ទ្រង់ទ្រាយ​ដើម ថែម​ទាំង​អាក្រក់​មើល​ទៀត​ផង ។ ម្យ៉ាងវិញទៀត នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ភ្នំ​ជា​ច្រើន​ដែល​នៅ​ជ្រៅ​ៗ ឆ្ងាយ​ពី​ផ្លូវជាតិ ឬ​ឆ្ងាយ​ពី​ភ្នែក គួរ​ណាស់​ទៅ​ជីក​កកាយ​យក​ដី​កន្លែង​នោះ​វិញ ទើប​មិន​ប៉ះពាល់​ដល់​វិស័យ​ទេសចរ ។