ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​ឡា​ប៉ា​ខេ បើកដៃ​ឲ្យ​ខ្មែរ​ចូល​លេង​កាស៊ីណូ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី​៖ បន​ល្បែង​បញ្ជល់មាន់ ឬ​គេ​ហៅ​ថា បក្សី​កីឡា និង​ល្បែង​ចាក់​អាប៉ោង ត្រូវ​បាន​មហាជន​រាយ​ការ​ណ៏​ថា កំពុង​បើក​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង យ៉ាង​អនាធិបតេយ្យ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ

ខេត្តមណ្ឌលគិរី​៖ បន​ល្បែង​បញ្ជល់មាន់ ឬ​គេ​ហៅ​ថា បក្សី​កីឡា និង​ល្បែង​ចាក់​អាប៉ោង ត្រូវ​បាន​មហាជន​រាយ​ការ​ណ៏​ថា កំពុង​បើក​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង យ៉ាង​អនាធិប​តេយ្យ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ Hoang Dieu គ្មាន​ការ​រំខាន​ពី​អាជ្ញាធរ​ឡើយ ហើយ​សង្វៀន​ជល់​មាន់​នេះ​ត្រូវ​គេ​ដឹង​ថា លោក​ប៊ូ សំ​អុល នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក​ឡា​ប៉ា​ខេ ចំណុះ​ឲ្យ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ ជា​អ្នក​ប៉ាវ​ផ្តាច់​ពី​ម្ចាស់​កាស៊ីណូ ដើម្បី​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ដោយ​សេរី ។

កាស៊ីណូ​ដែល​ទើប​ចាប់ផ្តើម​ដំណើរការ​ឈ្មោះ HOAN GIEU មាន​ទីតាំង​ក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ឡា​ប៉ា​ខេ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​បើក​ដំណើរ​ការ​តាំងពី​ដើមឆ្នាំ​២០១២ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​១​អាទិត្យ​សង្វៀន​ជល់​មាន់​ខាងលើ បើក​លេង​បី​ថ្ងៃ គឺ​ថ្ងៃ​អង្គារ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍ ។

ប្រភព​បាន​បន្ត​ថា រាល់ថ្ងៃ​ដែល​គេ​បើក​លេង គឺ​មាន​ជនជាតិ​ខ្មែរ​មិន​តិច​ជាង​១០០​នាក់​នោះ​ទេ ដែល​បាន​យក​មាន់​ទៅ​ជល់​ជាមួយ​ជនជាតិ​វៀតណាម ឬ​ជល់​ជាមួយ​ជនជាតិ​ខ្មែរ​គ្នា​ឯង ដោយ​មាន​ភ្នាល់​ដាក់​លុយ​ក្នុង​មួយគូ​ៗ​ចាប់ពី​៥០០​ដុល្លារ ទៅ​៥០០០​ដុល្លា​រ។ មិន​ត្រឹម​ល្បែង​ជល់​មាន់​ទេ​ដែល​បាន​បូម​លុយ​ពី​ខោ​ប៉ាវ​ជនជាតិ​ខ្មែរ នៅ​មាន​ល្បែង​អាប៉ោង​​មួយ​មុខ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ខេត្តមណ្ឌលគិរី ខ្លះ​បាន​ចាញ់​អស់រលីង​ពី​ខ្លួន​។ ការ​បើក​ឲ្យ​មាន​ជនជាតិ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់ ដែល​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​មាន​តែ​ជនបរទេស​ប៉ុណ្ណោះ ដែល​មាន​សិ​ទ្ឋិ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នៅ​តាម​ព្រំដែន​។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា កាស៊ីណូ Hoang Dieu ដែល​បើក​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​តាម​ចិត្ត​បែប​នេះ គឺ​មានការ​ប៉ាវ​ផ្តាច់​ដោយ​លោក​ប៊ូ សំ​អុល នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន ។

ទ​ង្វើ​របស់​លោកនាយ​ប៉ុស្តិ៍​ព្រំដែន​គោក​ឡា​ប៉ា​ខេ​ខាងលើ​នេះ គឺ​បាន​និង​កំពុង​ប្រឆាំង​ទៅ​នឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ សម្រាប់​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ចុះ​បង្ក្រាប​និង​បង្ការ​មិន​ឲ្យ​មាន​បទល្មើស​ល្បែងស៊ីសង​ក្នុងភូមិ​ឃុំ​របស់​ខ្លួន​គ្រប់គ្រង​។

សូម​បញ្ជាក់​ថា កន្លង​មក​កាស៊ីណូ Hoang Dieu ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត អាវុធហត្ថ​ស្រុក នឹង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ ចុះ​ទៅ​ត្រួតពិនិត្យ និង​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ផង​ដែរ កាលពី​ថ្ងៃ​ទី​៣១ មិ​នា ២០១៦​។

ក្នុង​ប្រតិបត្តិការ​ពេល​នោះ លោក​ចេ​ង សូ​រិ​យា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ដែល​ចុះ​ប្រតិបត្តិការ​ករណី​លើ​ខាងលើ​បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​នេះ​បាន​ហួស​ច្បាប់​អនុ​ញ្ញាត​​តាំងពី​ខែធ្នូ ២០១៥ មក​ម្ល៉េះ ប៉ុន្តែ​ថៅកែ​កាស៊ីណូ​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​លេង​។ លោក​បាន​បន្ត​ថា នៅ​ពេល​សមត្ថកិច្ច​សុំ​ត្រួតពិនិត្យ​ច្បាប់​អនុញ្ញាត តំណាង​របស់​កាស៊ីណូ បាន​យក​ច្បាប់​ដែល​ហួស​សុពលភាព​មក​បង្ហាញ រួម​ជាមួយនឹង​លិខិតស្នើ​សុំ​ច្បាប់​ថ្មី​មួយ​ច្បាប់ ដែល​ចុះ​ថ្ងៃខែ​កាលពី​ខែមករា ២០១៦ មក​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​មើល ខណៈ​ច្បាប់​អនុញ្ញាត​ថ្មី​មិន​ទាន់​ធ្លាក់​មក​ទេ​។ ដូច្នេះ​កាស៊ីណូ​នេះ មិន​ខុស​ពី​កាស៊ីណូ​ខុសច្បាប់​ឡើយ ព្រោះ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ថ្មី​ធ្លាក់​មក​ផង តែ​ម្ចាស់​កាស៊ីណូ​នោះ​ហ៊ាន​ឲ្យ​ភ្ញៀវ​ចូល​លេង​ពេញ​ៗ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត​។

ចំណែក លោក សាន សុភៈ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ យើង​គ្រាន់តែ​ចុះ​មក​ពិនិត្យ​នឹង​ធ្វើ​ស្ថិតិ​ចំពោះ​ជនបរទេស​ដែល​ចូល​មក​លេង​ក្នុង​កាស៊ីណូ​ខាងលើ ថា​តើ​មានច្បាប់​ត្រឹមត្រូវ​ដែរ ឬក៍​អត់​? ។ ចំពោះ​ចំណាត់ការ​យ៉ាងណា​នោះ មិន​ត្រូវ​បាន​លោក សាន សុភៈ បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ ព្រោះ​សមត្ថ​កិច្ច​កំពុងធ្វើការ​បន្ត​។ ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ច្បាប់​របស់​កាស៊ីណូ​ដែល​មានឈ្មោះ HOANG DIEU គេ​សង្កេត​ឃើញ​មាន​ជន​វៀតណាម​ទាំងស្រី​ប្រុស ក្មេង​ចាស់​ប្រមាណ​ជិត​៣០០​នាក់ កំពុង​សម្ងំ​លេងល្បែង​រាប់​សិប​មុខ​ក្នុង​កាស៊ីណូ​យ៉ាង​កងរំពង មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​ក៏​ឃើញ​មាន​វត្តមាន​ជនជាតិ​ខ្មែរ​ចូល​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ខាងលើ​ដែរ តែ​អ្នកខ្លះ​រត់​ចេញ​ក្រៅ​អស់​មួយ​ចំនួន​ធំ ។

ប្រភព​ដែល​កោះសន្តិភាព​ទទួល​បាន​និង​ទុកចិត្ត​បំផុត​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនជាតិ​វៀតណាម​ប្រមាណ​៣០០​នាក់​នោះ ភាគច្រើន​ពួក​គេ​ចូល​មក​លេងល្បែង​ដោយ​ខុសច្បាប់ គឺ​មាន​ចំនួន​តិចតួច​ណាស់ ដែល​ចូល​មក​លេង​ស្របច្បាប់ ព្រោះ​ជនជាតិ​វៀតណាម​ទាំងនោះ មិន​មាន​លិខិតឆ្លងដែន ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កាស៊ីណូ​នឹង​ច្រកព្រំដែន​ខាងលើ​បាន​និយាយ​ថា ជា​រៀងរាល់ថ្ងៃ គេ​តែង​ឃើញ​មាន​រថយន្ត​ប្រភេទ​កូរ៉េ​ពីរ​គ្រឿង បាន​ដឹក​ជញ្ជូន​ជនជាតិ​វៀតណាម តាម​ច្រក​ទ្វេរ​ភាគី​ឡា​ប៉ា​ខេ ទៅ​កាស៊ីណូ HOANG DIEU ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​២០០​ម៉ែត្រ​ពី​ដង​ប៉ា​រាស់​ព្រំដែន​។ ប្រជាពលរដ្ឋ​បាន​បន្ត​ថា មិនមែន​មាន​តែ​ជនជាតិ​វៀតណាម​ទេ ដែល​ចូល​មក​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​នេះ សូ​ម្បី​ជនជាតិ​ខ្មែរ​ទាំងប្រុស​ទាំងស្រី ក៏​និយម​ចូល​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ហ្នឹង​ដែរ ហើយ​ភាគច្រើន​ជនជាតិ​ខ្មែរ​ប្រុស​ៗ​ចូល​ទៅ​លេងល្បែង​បញ្ជល់មាន់​ស្ទើរ​រាល់ថ្ងៃ ។

ក្រុម​អ្នក​តាមដាន​ស្ថាន​ការ​ណ៏​សង្គម​បាន​លើក​ឡើង​ថា ការ​អនុញ្ញាត​ឲ្យ​ជនជាតិ​ដទៃ​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​សេរី មិន​មានច្បាប់​ទម្លាប់​បែប​នេះ គឺ​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​ខាតបង់​ថវិកា​បង់​ចូលជាតិ ព្រោះ​នៅ​ពេល​មាន​ជនជាតិ​បរទេស​ណា​ម្នាក់ ត្រូវការ​ចូល​មក​លេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ទិញ​សំបុត្រ​ចូល​ដើម្បី​សម្គាល់​អត្តសញ្ញាណ ធ្វើ​ឲ្យ​កើត​មាន​បទល្មើស​ឆក់ ប្លន់ លួច បញ្ហា​អសន្តិសុខ​នានា​និង​ស​ណ្នា​ប់​ធ្នាប់ ព្រោះ​សមត្ថកិច្ច​មិន​អាច​កំណត់​អត្តសញ្ញាណ​របស់​ជនបរទេស​ទាំងនោះ​ថា ពួក​គេ​ជាប់​ពាក់​ព័​ន្ឋ​ជាមួយនឹង​អំពើ​ខុសច្បាប់​ដែរ ឬ​យ៉ាងណា​?

ការ​ចេញចូល​ដោយ​សេរី​របស់​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​មួយ​ចំនួន ត្បិត​អាច​មាន​ជន​ឱកាសនិយម​មួយ​ចំនួន បន្លំ​ចូល​មក​ប្រព្រឹត្ត​បទល្មើស​នានា​លើ​ទឹកដី​ខ្មែរ ព្រោះតែ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​សមត្ថកិច្ច​។

មហាជន​ដែល​តាមដាន​សកម្មភាព​ចេញ​-​ចូល​របស់​ជនជាតិ​វៀតណាម ដែល​ចូល​មក​លេងល្បែង​នៅ​កាស៊ីណូ HOANG DIEU បាន​រិះគន់​នគរ​ប៉ុស្តិ៍​ច្រក​ទ្វេរ​ភាគី​ព្រំដែន​ឡា​ប៉ា​ខេ និង​មន្ត្រី​ជំនាញ​នានា ដែល​មាន​តួនាទី​យាមកាម​នៅ​ច្រកព្រំដែន​នោះ​ថា ព្រោះតែ​ប្រ​យោ​ជ​ន៏​បុគ្គល អស់លោក​បែរជា​ភ្លេច​គិត​ពី​បញ្ជា ដែល​អាច​កើត​មាន​ជាយថាហេតុ ។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គួរ​ចាត់វិធានការ​ចំពោះ​មន្ត្រី​របស់​លោក​ផង ព្រោះ​ភាព​អសកម្ម​របស់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោកស្នងការ មិនមែន​ទើបតែ​កើត​មាន​នោះ​ទេ គឺ​មាន​រាប់​ខែ​ឆ្នាំ​មក​ហើយ​តាំងពី​កាស៊ីណូ HOANG DIEU បើក​ដំណើរការ​មក​៕