ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ខុន​ដូ​ខ្លះ​ត្រូវ​ពន្យារ​ឬ​លុប​ចោល ខណៈ​មួយ​ចំនួន​នៅ​តែ​បន្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ឆ្នាំ​២០១៥ និង​២០១៦ មាន​គម្រោង​ខុន​ដូ និង​អគារ​ជា​ច្រើន​ត្រូវ​បាន​ប្រកាស​សាងសង់​នៅ​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​គម្រោង​ដែល​ប្រកាស​សាងសង់​ច្រើន​ជាងគេ

រាជធានី​ភ្នំពេញ ៖ កាលពី​ឆ្នាំ​២០១៥ និង​២០១៦ មាន​គម្រោង​ខុន​ដូ និង​អគារ​ជា​ច្រើន​ត្រូវ​បាន​ប្រកាស​សាងសង់​នៅ​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​គម្រោង​ដែល​ប្រកាស​សាងសង់​ច្រើន​ជាងគេ ជា​គម្រោង​ខុន​ដូ និង​អគារ​ការិយាល័យ ។ រហូត​មក​ដល់​ពេល​នេះ មាន​គម្រោង​ចំនួន​តូច​បាន​ពន្យារ​ការ​សាងសង់ ឬ​លុប​ចោល​តែ​ម្ដង តែ​ក៏​មាន​គម្រោង​មួយ​ចំនួន​ធំ​នៅ​តែ​បន្ត​ការ​អភិវឌ្ឍ​របស់​ខ្លួន​ដដែល ។

លោក ឌឹ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​វិស័យ​ខុន​ដូ មិន​ទាន់​មាន​អ្វី​ជា​បញ្ហា​ចោទ​នៅឡើយ​ទេ ព្រោះ​តាម​ការ​សង្កេត​ជាក់ស្ដែង ការ​លក់​គម្រោង​ខុន​ដូ និង​អគារ​នៅ​តែ​មាន​ជា​បន្តបន្ទាប់ គ្រាន់តែ​មិន​មមាញឹក​ច្រើន​ដូច​កាលពី​អំឡុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ។

លោក​និយាយ​ថា ៖ « តាំងពី​ចុងឆ្នាំ​២០១៦​រហូត​ដល់​ដើមឆ្នាំ​២០១៧​នេះ ទីផ្សារ​ខុន​ដូ មិន​ទាន់​មានការ​ប្រែប្រួល​ប៉ុន្មាន​ទេ តែ​គម្រោង​ថ្មី​ៗ​ដូច​ជា​ខុន​ដូ និង​អគារ​ផ្សេង​ៗ​ជាដើម មិន​ទាន់​មាន​ប្រកាស​សាងសង់​ច្រើន​ដូច​មុន ។ ដោយឡែក​បើ​និយាយ​ពី​ការ​លក់​គម្រោង​វិញ នៅ​ឆ្នាំ ២០១៧​នេះ​ក៏​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ដែរ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ គឺ​ម្ចាស់​គម្រោង​នៅ​តែ​បន្ត​លក់​គម្រោង​ដដែល » ។

បើ​ទោះជា​យ៉ាងណា​ក្តី តាំងពី​ចុងឆ្នាំ ២០១៦ រហូត​មក​ដល់​បច្ចុប្បន្ន មាន​គម្រោង​មួយ​ចំនួន​បាន​ប្រកាស​ពន្យារ និង​លុប​ចោល​តែ​ម្ដង ក្នុង​ហេតុផល​ផ្សេង​ៗ ។ លោក ឌឹ​ត ចណ្ណា ក៏​បាន​និយាយ​ផង​ដែរ​ថា ទាក់ទង​នឹង​រឿង​នឹង​គម្រោង​ខ្លះ ដោយ​អ្នក​វិនិយោគ​មើលឃើញ​ថា ទីផ្សារ​ហាក់​ចង្អៀត មិន​អាច​ទៅ​រួច ក៏​ប្រកាស​លុប​ចោល​ឬ​ពន្យារ ដោយ​ទុក​លុយ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​ដែល​កំពុង​មាន​សក្ដានុពល ។ ក្នុង​ចំណោម​គម្រោង​ប្រកាស​ផ្អាក ឬ​លុប​ចោល​មួយ​ចំនួន​ទៀត អាច​មិន​មាន​ទុន​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​ឬ​សាងសង់ ជាក់ស្ដែង​មាន​តែ​ដី តែ​មិន​មាន​ប្រភព​ទុន​ច្បាស់​ជាដើម ។ មួយវិញទៀត ក៏​ទាក់ទង​នឹង​សន្ទុះ​នៃ​ការ​លក់​របស់​គាត់​ផង​ដែរ ។

ទោះជា​យ៉ាងណា លោក ឌឹ​ត ច​ណ្ណា បាន​បញ្ជាក់​ថា សកម្មភាព​នៃ​ដំណើរការ​របស់​ខុន​ដូ នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ដូច​ជា​មិន​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​ខុន​ដូ​ទាំងមូល​ទេ ព្រោះ​បើ​ដឹង​ថា​ខ្លួន​ទៅ​មិន​រួច ហើយ​ឈប់​នោះ តែបើ​ដឹង​ថា​ទៅ​មិន​រួច​ហើយ នៅ​តែ​ប្រឹង​ទៀត​នោះ ទីបំផុត​វា​នឹង​មាន​បញ្ហា​កាន់តែ​ធំ ។

លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ Khmer Foundation Appraisals បានឱ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់​បច្ចុប្បន្ន​នេះ ការ​លក់​គម្រោង​ខុន​ដូ​នៅ​កម្ពុជា មានការ​ធ្លាក់​ចុះ​មែន ហើយ​ការ​ធ្លាក់​ចុះ​នេះ​ដោយសារ​តែ​ការ​ដាក់​តម្លៃ​ខ្ពស់​លើស​ពី​តម្លៃ​ទីផ្សារ​ជាក់ស្ដែង​នៅ​កម្ពុជា​។ លោក​និយាយ​ថា ៖« អ្នកលក់​មិន​បាន​គិត​ថា​ខុន​ដូ​អភិវឌ្ឍន៍​នៅ​ស្រុក​ខ្មែរ តែ​មិន​បាន​ដាក់​តម្លៃ​ឱ្យ​សម​នឹង​តម្លៃ​ស្រុក​ខ្មែរ បែរ​ជាក់​តម្លៃ​នៅ​ទីផ្សារ​អន្តរជាតិ ដូច​ជា​នៅ​ចិន ឬ​សិង្ហ​បុរី​ទៅ​វិញ អីចឹង ហើយ​ទើប​ការ​លក់​មាន​ភាព​យឺតយ៉ាវ » ។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ​បើ​ក្រឡេក​មើល​ពី​តម្លៃ​ខុន​ដូ​នៅ​កម្ពុជា ដែល​មាន​តម្លៃ​ចាប់ពី ៣,៥​ម៉ឺន​ទៅ​៦​ឬ​៧​ម៉ឺន​ដុល្លារ​នៅ​តែ​លក់​បានជា​ធម្មតា តែបើ​តម្លៃ​ខ្ពស់​ៗ​ជាង​នេះ​ពិបាក​លក់ និង​មិនសូវ​មាន​អ្នកទិញ​នោះ​ទេ ។ ម្យ៉ាងទៀត​ការ​លក់​ខុន​ដូ​មួយ​ចំនួន​មិន​ដាច់​នោះ ដោយសារ​តែ​អតិថិជន​នៅ​រង់ចាំ​មើល​ពេល​ខុន​ដូ​នោះ សាងសង់​រួច ទើប​ទិញ​តាម​ក្រោយ ។

លោក ប៉ូ អ៊ា​វ​គង់ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Advance Real Estate​បានឱ្យ​ដឹង​ដែរ​ថា ពិតជា​មានការ​លុប​ចោល​នូវ​គម្រោង​ខុន​ដូ​មួយ​ចំនួន​មែន តែ​តួលេខ​ប៉ុន្មាន​នោះ មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ។ បើសិនជា​ការ​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នេះ​កាន់តែ​ច្រើន​នោះ វា​ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​មួយ​ចំនួន​ដល់​វិស័យ​ខុន​ដូ​នេះ​ដែរ ហើយ​រាជរដ្ឋាភិបាល​ក៏​គួរតែ​មានច្បាប់​សម្រាប់​ចង​ដល់​អ្នក​អភិវឌ្ឍន៍​ដើម្បី​កុំឱ្យ​មាន​ករណី​បែប​ហ្នឹង​កើត​ឡើងជា​បន្តបន្ទាប់​ទៀត ។

លោក​បន្ត​ថា បញ្ហា​ក្នុង​វិស័យ​ខុន​ដូ​នៅ​កម្ពុជា វា​បាន​កើតឡើង​តាំង​តែ​ពី​ពាក់កណ្ដាល និង​ចុងឆ្នាំ ២០១៦​មក​ម្ល៉េះ ដោយសារ​តែ​មាន​គម្រោង​ខ្លះ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ មិនសូវ​ជា​សម្រុក​ធ្វើ​ប៉ុន្មាន​ទេ គឺ​នៅ​ធ្វើ​យឺត​ៗ ដែល​ខុស​ពី​ការ​សន្យា​ជាមួយ​អតិថិជន​ថា នឹង​បញ្ចប់​នៅ​ពេល​នេះ ឬ​នៅ​ពេល​នោះ ។

គួរ​រំលឹក​ថា តម្លៃ​គម្រោង​ខុន​ដូ​មួយ​ចំនួន​នៅ​កម្ពុជា ប្រហាក់ប្រហែល​នឹង​តម្លៃ​ផ្ទះល្វែង និង​វីឡា​នៅ​តាម​បុរី​មួយ​ចំនួន​នៅ​ជាយក្រុង តែ​យ៉ាងណា ក៏​ពលរដ្ឋ​នៅ​តែ​គាំទ្រ​ផ្ទះល្វែង ឬ​វីឡា​ជាង​ខុន​ដូ​ដែរ ។

លោក​ប៉ូ អ៊ា​វ​គង់ បញ្ជាក់​ថា ៖ « រឿង​នេះ​ជា​ការ​ពិត​ហើយ ព្រោះ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មក​លើ​ខុន​ដូ មិន​ទូលំទូលាយ​នៅឡើយ​ទេ គឺថា​ពួក​គាត់​នៅ​តែ​ស្រលាញ់ និង​ចង់​រស់នៅ​ផ្ទះល្វែង​ផ្ទាល់​ដី និង​ជា​លក្ខណៈ​កម្មសិទ្ធិឯកជន ដែល​ខុស​ពី​រស់នៅ​ជា​សហកម្មសិទ្ធិ ។ ម្យ៉ាងទៀត​ការ​ស្នាក់​នៅផ្ទះ​ល្វែង ឬ​វីឡា​អាច​នៅ​បាន​គ្នា​ច្រើន និង​អាច​សង់​ឡើង​លើ​បន្ត​ទៀត​បាន តែបើ​នៅ​ខុន​ដូ មាន​តែ​១​បន្ទប់ ឬ ២​បន្ទប់​ប៉ុណ្ណោះ » ៕