ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាល ម៉ា​ក្ស កំពូល​អ្នក​បដិវត្ត​វណ្ណៈ​នៅ​អឺរ៉ុប

7 ឆ្នាំ មុន

កាល ម៉ា​ក្ស គឺជា​អ្នកប្រាជ្ញ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​ដែល​មាន​ឥទ្ធិពល​បំផុត​ម្នាក់​លើ​ពិភពលោក ។ គាត់​ជា​ទស្សនវិទូ​ផង ជា​អ្នក​សារព័ត៌មាន​ផង​និង​ជា​អ្នក​សេដ្ឋកិច្ច​នយោបាយ​ផង ។ គោល​គំនិត សំខាន់​ៗ​របស់​គាត់​ដែល​មាន​ឥទ្ធិពល​រហូត​

កាល ម៉ា​ក្ស គឺជា​អ្នកប្រាជ្ញ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​ដែល​មាន​ឥទ្ធិពល​បំផុត​ម្នាក់​លើ​ពិភពលោក ។ គាត់​ជា​ទស្សនវិទូ​ផង ជា​អ្នក​សារព័ត៌មាន​ផង​និង​ជា​អ្នក​សេដ្ឋកិច្ច​នយោបាយ​ផង ។ គោល​គំនិត សំខាន់​ៗ​របស់​គាត់​ដែល​មាន​ឥទ្ធិពល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គឺជា​បទ​វិភាគ​ប្រវត្តិសាស្ត្រ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនាស់​រវាង​វណ្ណៈ ។ គាត់​បាន​ពោល​ពាក្យ ខ្លី​ៗ​ដូច​ក្នុង​សេចក្តីថ្លែងការណ៍​របស់​បក្ស​កុម្មុយនីស្ត​(The Communist Manifesto)​ថា​ប្រវត្តិសាស្ត្រ​របស់​សង្គម​ទាំងមូល​ក្នុង​រយៈកាល​កន្លង​មក​គឺ​សុទ្ធតែ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​រវាង​វណ្ណៈ ។ បទ​និពន្ធ​របស់​គាត់​បាន​ក្លាយជា​គោលការណ៍​សំខាន់​ក្នុង​ចលនា​លទ្ធិកុម្មុយនីស្ត លទ្ធិសង្គមនិយម លទ្ធិ​ឡេ​នី​ន និង​លទ្ធិ​ម៉ាក​ស៊ី​ស ។

កើត​ក្នុង​ត្រកូល​ជ្វី​ហ្វ ខួរក្បាល​ពូកែ
សៀវភៅ​«​បុរស​ខ្លាំង​អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​»​រៀបរៀង​ដោយ​លោក​គឹ​ម ចាន់​ណា​ក់ និទាន​ថា​ម៉ា​ក្ស​កើត​នៅ​ទីក្រុង​ត្រៀ​រ៍ រដ្ឋ​ប្រា​ស្យា​(​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉ង់)។ គ្រួសារ​របស់​គាត់​ជា​ជនជាតិ​ជ្វី​ហ្វ ដែល​ខួរក្បាល​មាន​ភាព​រីក​ចម្រើន​ផ្នែក​គំនិត​បែប​សេរីនិយម ។

គាត់​ធំ​ដឹងក្តី​នៅ​ក្នុង​ត្រកូល​វណ្ណៈ​កណ្តាល​ទើប​ផ្ទះ​របស់​គាត់​តែង​មាន​អ្នកចេះ​ដឹង និង​សិល្បករ​ចេញចូល​ជា​ញឹកញាប់ ។ ម៉ា​ក្ស ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​ការ​រៀនសូត្រ​ថ្នាក់​កម្រិត​មធ្យមសិក្សា​នៅ​នឹង​ស្រុក​កំណើត ។ ក្រៅពី​នេះ​គាត់​នៅ​បាន​ទទួល​រង្វាន់​ពី​ការ​ធ្វើ​សារ​ណា​ក្នុង​កម្រិត​មធ្យមសិក្សា​ក្នុង​ប្រធានបទ​អំពី​«​សាសនា​ជា​ស្ពាន​ផ្សារ​ភ្ជាប់​សង្គម​ជា​ធ្លុង​មួយ​»​ដែល​ស្នាដៃ​និពន្ធ​មួយ​នេះ​ហើយ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ស្នាដៃ​វិភាគ​អំពី​សាសនា​របស់​គាត់​នៅ​ពេល ក្រោយ​ៗ​មក ។

ម៉ា​ក្ស និង​ក្រុម​ហេ​ហ្គែ​ល​និយម​ឆ្វេង
ម៉ា​ក្ស បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ និង​មាន​ចំណាប់អារម្មណ៍​លើ​មុខ​វិជ្ជា​ទស្សនវិជ្ជា​ជា​ខ្លាំង ។ បន្ទាប់​ពី​បាន​ទទួល​ឥទ្ធិពល​ពី​គំនិត​របស់​លោក​ច​ច ហេ​ហ្គែ​ល​(George Hegel)​ដែល​ជា​អ្នកមាន​ទស្សនៈ​ទំនោរ​ទៅ​រក​លទ្ធិ​មនោ​និយម​(Idealist) គាត់​ក៏​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​របស់​ក្រុម​ហេ​ហ្គែ​ល​និយម​ឆ្វេង​(Young Hegelians)​ដែល​ដឹកនាំ​ដោយ​ប្រ៊ុ​យ​ណូ បូ​អេ​(Bruno Bauer)​ជា​សាស្ត្រាចារ្យ​ដ៏​ពូកែ​ម្នាក់​បង្រៀន​មុខ​វិជ្ជា​ទស្សនវិជ្ជា​នៅ​សាកលវិទ្យាល័យ​ប៊ែ​រ​ឡាំង ។

គោលដៅ​សំខាន់​របស់​ក្រុម​ហេ​ហ្គែ​ល​និយម​ឆ្វេង ក្រៅ​អំពី​ធ្វើការ​វិភាគ​រិះគន់​ទៅ​លើ​សាសនា​ហើយ​នោះ ក៏​មាន​និន្នាការ​រិះគន់​រដ្ឋាភិបាល​ប្រា​ស្យា​ផង​ដែរ ។ ដោយ​ម៉ា​ក្ស ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ចាប់ផ្តើម​គំនិត​យក​លទ្ធិ​ហេ​ហ្គែ​លម​ក​វិភាគ​ទៅ​លើ​សង្គម និង​នយោបាយ​រហូត​ទទួល​រហស្សនាម​ថា​ជា​…«​ជា​អ្នកវិភាគ​ដល់​ឫសគល់​» ។

ឆ្ពោះទៅ​រក​អាជីព​ជា​អ្នក​សារព័ត៌មាន
នៅ​ពេល​ប្រ៊ុ​យ​ណូ បូ​អេ ត្រូវ​គេ​បណ្តេញ​ចេញពី​តំណែង​មក ម៉ា​ក្ស​ក៏​លែងរ​វីរ​វល់​អំពី​រឿង​ទស្សនវិជ្ជា ហើយ​ងាក​មក​ចាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​ដោយ​ចាប់ផ្តើម​ធ្វើការ​ឱ្យ​កាសែត​រ៉ៃ​នី​ស​(Rheinische Beitung) ។ គាត់​បាន​សរសេរ​អត្ថបទ​ជា​ច្រើន​ចុះ​តាម​កាសែត​ជា​ប្រចាំ ។ ទន្ទឹម​គ្នា​នោះ​ម៉ា​ក្ស ក៏​មាន​ចំណែក​ចូលរួម​ក្នុង​ផ្នែក​នយោបាយ​ដោយ​ផ្ទាល់​ផង​ដែរ ។

ដោយសារ​ទីក្រុង​រ៉ៃ​ឡិន​ដ៍ ដែល​គាត់​រស់នៅ​នោះ​ជា​កន្លែង​ដែល​គំនិត​សេរីនិយម​មាន​សន្ទុះ​រីក​ដុះដាល​ខ្លាំង មានការ​ទា ម​ទារ​ឱ្យ​មាន​ច្បា ប់​រដ្ឋធម្មនុញ្ញ​ជា​គោល ក្នុង​ការ​គ្រប់​គ្រង​ប្រទេស ដែល​ជា​ការ​ប្រឆាំង​ជំទាស់​ទៅ​នឹង​របប​គ្រប់គ្រង​បែប​ផ្តាច់​ការ​របស់​ប្រា​ស្យា​ជា​ខ្លាំង ទើប​កាសែត​ច្បាប់​នេះ​ត្រូវ​គេ​ឃ្លាំមើល​យ៉ាង​តឹង​រុ​ឹ​ង​បំផុត​ពី​រដ្ឋាភិបាល​ប្រា​ស្យា។ បន្ទាប់​ពី​ម៉ា​ក្ស​បាន​ឡើង​តំណែង​ជា​បណ្ណាធិការ​មក កាសែត​មួយ​នេះ​ទទួល​ការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ធ្វើ​ឱ្យ​បរិមាណ​នៃ​ការ​លក់​ឡើង​កាន់តែ​ខ្ពស់​ជា​បន្តបន្ទាប់​រហូត​ក្លាយ​ជា​កាសែត​ក្នុង​លំដាប់ថ្នាក់​ជាតិ ។

ភៀសខ្លួន​ទៅ​ប៉ា​រី​ស និង​មា​គា៌​ឆ្ពោះទៅ​រក​បដិវត្តន៍
ក្នុង​ឆ្នាំ​១៨៤៣ សារព័ត៌មាន​រ៉ៃ​នី​ស ត្រូវ​គេ​បញ្ជា​ឱ្យ​បិទ ដែល​បណ្តាល​មក​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​ម៉ា​ក្ស​ជាមួយនឹង​វិធានការ​គាបសង្កត់​របស់​រដ្ឋាភិបាល ទើប​ម៉ា​ក្សត្រ​ឡប់​ទៅ​ចាប់​អារម្មណ៍​ផ្នែក​ទស្សនវិជ្ជា​វិញ ហើយ​ក៏​ត្រូវ​ប្រឡូក​ចូល​ក្នុង​សកម្មភាព​នយោបាយ ព្រមទាំង​ធ្វើការ​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​ផង​ដែរ ។ មិនយូរ​ប៉ុន្មាន​ម៉ា​ក្ស ក៏​ត្រូវ​ភៀសខ្លួន​ជា​បន្តបន្ទាប់​ដោយសារ​តែ​គំនិត​វែកញែក​រក​ឫសគល់​របស់​ខ្លួន​នេះឯង​។​ម៉ា​ក្ស​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង​ហើយ​ក៏​រស់នៅ​ក្នុង​ទី​ក្រុងប៉ារីស​នោះ ។ គាត់​បាន​ជួប​ជា​មួយ​នឹង​ហ្វ្រុី​ឌ្រិ​ក អង់​ហ្គែ​ល ដែល​ក្រោយមក​គាត់​ក៏​បាន​ក្លាយជា​មិត្តសម្លាញ់​រួមការ​ងារ​ដ៏​យូរអង្វែង​ជាមួយ​គ្នា ។ អង់​ហ្គែ​ល បាន​ជំរុញ​ម៉ា​ក្ស​ឱ្យ​ផ្តោតអារម្មណ៍​ទៅ​លើ​ស្ថានភាព​របស់​វណ្ណៈ​កម្មករ និង​សេដ្ឋកិច្ច​នយោបាយ ។

ចលនានយោបាយ​នៅ​ទី​ក្រុងប៉ារីស​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម ។ ប៉ា​រី​ស​ជា​ទឹកដី
សម្រាប់​ជ្រកកោន​របស់​អ្នក​បដិវត្តន៍​ជា​ច្រើន​ដែល​ភៀសខ្លួន​មក​ទី​ជិត​ឆ្ងាយ ។ ជីវិត​របស់​ម៉ា​ក្ស នៅ​ក្នុង​ពេល​នេះ​ពោរពេញ​ដោយ​ក្តី​រំភើប ។ ម៉ា​ក្ស បាន​បន្ថែម​នូវ​ចំណេះដឹង ថ្មី​ៗ និង​កាន់តែ​យល់​បាន​យ៉ាង​ច្បាស់លាស់​អំពី​រឿង​នយោបាយ ។ គាត់​កាន់តែ​ជិត​ស្និទ្ធ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ក្រុមបដិវត្តន៍ ដោយ​ចូលរួម​ក្នុង​សន្និបាត ដើម្បី​ភាព​យុត្តិធម៌​(League of the Just)​ដែល​ជា​អង្គការ​បដិវត្តន៍​សម្ងាត់​របស់​អ្នក​ភៀសខ្លួន​សញ្ជាតិ​អា​ល្លឺ​ម៉​ង់ ។ គោលដៅ​របស់​សន្និបាត ដើម្បី​ភាព​យុត្តិធម៌​គឺ​ត្រូវ​ផ្តួលរំលំ​របប​រាជា​និយម និង​បង្កើត​របប​សាធារណរដ្ឋ​សង្គមនិយម​នៅ​លើ​ទឹកដី​អា​ល្លឺ​ម៉​ង់ ហើយ​ដែល​គំនិត​ទាំងនេះ​បាន​រាលដាល​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​ទៅ​ហើយ ។

លទ្ធិ​ម៉ា​ក្ស​និយម​៖ ផ្តួលរំលំ​របប​មូលធននិយម
លទ្ធិ​ម៉ា​ក្ស​ស៊ី​ស ជា​ទ្រឹស្តី​ដែល​ប្រសូត​ចេញពី​លទ្ធផល​ការងារ​របស់​កាល​ម៉ា​ក្ស ជាមួយនឹង​ហ្វ្រុីឌ្រិ​ក​អង់​ហ្គែ​ល ។ ម៉ា​ក្ស​បាន​សិក្សា​ពី​ចំណេះដឹង និង​ចំណេះវិជ្ជា​ដែល​ទាន់សម័យ​បំផុត​នៃ​អឺរ៉ុប​ក្នុង​សតវត្ស​ទី​១៩​ដូច​ជា ទស្សនវិជ្ជា​អា​ល្លឺ​ម៉​ង់ ទ្រឹស្តី​សេដ្ឋកិច្ច​របស់​អង់គ្លេស និង​ទ្រឹស្តី​សង្គមនិយម​របស់​បារាំង ហើយ​កែ​លម្អ​ចំណុច​ខ្វះខាត​លើកកម្ពស់​គុណភាព​ទ្រឹស្តី​ទាំងនោះ បង្កើត​បានជា​ទ្រឹស្តី​មួយទៀត​ហៅ​ថា​«​លទ្ធិ​ម៉ា​ក្ស​និយម​» ។

ម៉ា​ក្ស​បាន​នាំ​យក​ទស្សនៈ និង​វិធី​គិត​វិភាគ​ទៅ​តាម​លំនាំ​ដើម​របស់​ហេ​ហ្គែ​ល ហើយ​នាំ​យក​មក​កែ​លម្អ​ទៅ​ជា​«​រូបធាតុនិយម​ប​ដិ​សំយោគ​» ដែល​ម៉ា​ក្ស​បាន​យក​គោល​គំនិត​នេះ​មក​វិភាគ​អំពី​កា​រវិ​វ​ឌ្ឍ​នៃ​សង្គម​ក្នុង​យុគ ផ្សេង​ៗ​ដែល​ហៅ​ថា​«​រូបធាតុនិយម​ប្រវត្តិសាស្ត្រ​» ។ គាត់​បាន​បន្សល់​ទុក​មរតក​នៃ​គំនិត​ជា​សៀវភៅ​មានឈ្មោះ​ថា​«​មូលធន​»(Das Capital)​ដោយ​អធិប្បាយ​ទាក់ទង​ទៅ​នឹង​លក្ខណៈ​ការ​ផលិត​បែប​មូលធននិយម​ថា គឺជា​ការ​បង្ខំ​ឱ្យ​កម្មករ​ត្រូវ​លក់​កម្លាំង​ពលកម្ម​របស់​ខ្លួន​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ ថោក​ៗ ហើយ​ផល​កម្រៃ​របស់​ពួក​នាយទុន​ទាំងនោះ​សុទ្ធតែ​បាន​មក​ពី​ការ​កេងប្រវ័ញ្ច​«​យកចំណេញ​»​ពី​វណ្ណៈ​ពលករ​នោះ​ឯង ។

ក្រៅពី​នេះ​ទៀត ពួក​វណ្ណៈ​នាយទុន​ត្រូវ​កែ​ច្នៃ​ឧបករណ៍ និង​វិធី​ផលិត​ឱ្យ​កាន់តែ​រីក​ចម្រើន​គ្រប់ពេលវេលា ថែម​ទាំង​ពង្រីក​ទីផ្សារ ប្រភព​វត្ថុធាតុដើម និង​សាខា​មុខរបរ​ទៅ​ទូ​ទាំង​ពិភពលោក ធ្វើ​ឱ្យ​កើត​បញ្ហា​ស្មុគស្មាញ ព្រមទាំង​វិបត្តិ​សេដ្ឋកិច្ច​បែប​«​វដ្ត​ចក្រ​»​បណ្តាល​មក​អំពី​ការ​ផលិត​ច្រើន​លើស​ពី​តម្រូវការ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ និង​ដើម្បី​រក្សា​តម្លៃ​នៃ​ផលិតផល​ឱ្យ​ខ្ពស់​ជាង​ដើមទុន ទើប​ពួក​គេ​ត្រូវ​ព្យាយាម​ពង្រីក​ទីផ្សារ ថ្មី​ៗ​ថែម​ទៀត និង​ប្រើប្រាស់​ទីផ្សារ ចាស់​ៗ​ឱ្យ​កើតជា​ប្រយោជន៍​ដែល​នៅ​ទីបំផុត​វា​នឹង​នាំ​ទៅ​រក​វិបត្តិ​កាន់តែ​ធ្ងន់​លើស​ដើម ធ្វើ​ឱ្យ​មាន​ទំនាស់​វណ្ណៈ​នៅ​ក្នុង​សង្គម ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​ផ្លាស់​ប្តូរ​សង្គម ។ ម៉ា​ក្ស យល់​ឃើញ​ថា លទ្ធិ​សេរីនិយម និង​កិត្តិយស​ក្នុង​ភាព​ជា​មនុស្ស​ក្នុង​សង្គម​មូលធននិយម​កើត​មាន​ពិតប្រាកដ​សម្រាប់​តែ​អ្នកមាន​ទ្រព្យសម្បត្តិ ឬ​ក៏​ពួក​ឈ្មួញ ធំ​ៗ​ប៉ុណ្ណោះ តែ​សម្រាប់​អ្នក​ក្រីក្រ​លំបាក​តោកយ៉ាក និង​ពួក​កម្មករ ពលករ​វិញ​មិន​ដែល​បាន​ស្គាល់​ជាតិ​អ្វី​បន្តិច​ឡើយ ។ ចំណែក​របប​សង្គមនិយម​វិញ មនុស្ស​គ្រប់​គ្នា​នឹង​ទទួលផល​កម្រៃ​ទៅ​តាម​លទ្ធផល​ការងារ​ទទួល​សិទ្ធិ​ការពារ​តាម​ផ្លូវច្បាប់ ស្មើ​ៗ​គ្នា ទទួល​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​សិក្សាអប់រំ និង​សេវាកម្ម​សុខុមាលភាព​សង្គម ព្រមទាំង​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​មាន​ឋានៈ​ជីវភាព​ប្រកបដោយ​សេចក្តីសុខ​ក្សេមក្សាន្ត ដូច​ៗ​គ្នា ដែល​នឹង​មក​ផ្លាស់​ប្តូរ​ជំនួស​របប​មូលធននិយម​ជា​មិន​ខាន ។

ព្រឹត្តិការណ៍​សំខាន់​ៗ
-​កើត​នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​១៨១៨ ។
-​ឆ្នាំ​១៨៣៣ ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​ទីក្រុង​ប៊​ន ។
-​ឆ្នាំ​១៨៤២ ធ្វើ​ការងារ​ក្នុង​តំណែង​បណ្ណាធិការ​កាសែត រ៉ៃ​នី​ស ។
-​ឆ្នាំ​១៨៤៣ កាសែត រ៉ៃ​នី​សត្រូវ​គេ​បញ្ជា​ឱ្យ​បិទ ។ គាត់​ចាប់ផ្តើម​ងាក​ទៅ​យកចិត្តទុកដាក់​លើ​ទស្សនវិជ្ជា និង​នយោបាយ​វិញ ។
-​សៀវភៅ​«​សេចក្តី​ប្រកាស​ពី​ចេតនា​»​ត្រូវ​បាន​គេ​បោះពុម្ពផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​១៨៤៨ ។
-​ឆ្នាំ​១៨៤៩ ត្រឡប់​ទៅ​នៅ​កូ​ឡូញ ហើយ​ចាប់​បោះពុម្ពផ្សាយ​កាសែត​រ៉ៃ​នី​ស​ឡើង​សា​ជា​ថ្មី​ម្តងទៀត ហើយ​ត្រូវ​គេ​បញ្ជា​ឱ្យ​បិទ​ជា​ស្ថាពរ​តែ​ម្តង ។
-​ឆ្នាំ​១៨៥២ និពន្ធ​ឯកសារ​«​ការ​បដិវត្ត​របស់ ល្វី បូ​ណា​ប៉ាត​» ។
-​បង្កើត​ចលនា​ពលករ​អន្តរជាតិ ។
-​ឆ្នាំ​១៨៦៧ សៀវភៅ​«​មូលធន​»​បោះពុម្ពផ្សាយ​លើក​ដំបូង ។
-​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​១៨៨៣ ៕