ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បៈ​ចម្លាក់​ស្បែក​នៅ​ស្រុក​ប្រាសាទបាគង

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អ្នក​ភូមិ​មួយ​ចំនួន​នៃ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ទល់មុខ​ប្រាសាទ​ព្រះ​គោ បើក​អាជីវកម្ម​ចម្លាក់​ជា​ច្រើន​ប្រភេទ ដោយ​ឆ្លាក់​ពី​ស្បែក​គោ​សម្រាប់​លក់​ឱ្យ​អ្នកទេសចរ ។ ជាក់ស្តែង​

ខេត្តសៀមរាប ៖ អ្នក​ភូមិ​មួយ​ចំនួន​នៃ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅ​ទល់មុខ​ប្រាសាទ​ព្រះ​គោ បើក​អាជីវកម្ម​ចម្លាក់​ជា​ច្រើន​ប្រភេទ ដោយ​ឆ្លាក់​ពី​ស្បែក​គោ​សម្រាប់​លក់​ឱ្យ​អ្នកទេសចរ ។ ជាក់ស្តែង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​តូច​មួយ​តាំង​លក់​ចម្លាក់​ស្បែក​កំពុង​ទាក់ទាញ​អ្នកទេសចរ​ក្នុង​តំបន់​ប្រាសាទ​ព្រះ​គោ ។ 
បច្ចុប្បន្ន​ចម្លាក់​ស្បែក​របស់​ខ្មែរ​ស្ទើរតែ​បាត់បង់ ដោយសារ​តែ​សម័យ​ទំនើប​ទាក់ទាញ​អារម្មណ៍​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​ងាក​ទៅ​ប្រើប្រាស់​សម្ភារ​ទាន់សម័យ​វិញ ។

លោក​សេរី រតនា​ម្ចាស់​ហាង​ចម្លាក់​អនុស្សាវរីយ៍​ធ្វើ​ពី​ស្បែក​គោ​រៀបរាប់​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពេល​លោក​អាយុ​៩​ឆ្នាំ ឪពុក​បាន​ស្លាប់​ចោល លុះដល់​អាយុ​១២​ឆ្នាំ កំព្រាម្ដាយ​ទៀត ដូច្នេះ​លោក​ទទួល​រ៉ាប់រង​ចិញ្ចឹម ប្អូន​ៗ​ចំនួន​៣​នាក់ ។ លោក​ដើរ​រើស​អេ​ត​ចាយ និង​លក់​នំ​តាម​ចិញ្ចើម​ផ្លូវ ដើម្បី​យក​លុយ​ចិញ្ចឹម​ប្អូន ។

ខណៈ​បណ្ឌិត​ម្នាក់​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ជួយ​ឧបត្ថម្ភ​ឱ្យ​វត្ត​ព្រះឥន្ទ្រ​កោ​សី​យ៍ បើក​បង្រៀន​ចម្លាក់​ស្បែក លោក​សេរី រតនា សុំ​គេ​ចូល​រៀន​ដែរ ។ ក្រោយមក​រយៈពេល​ជាង​៤​ឆ្នាំ លោក​ស្វះស្វែង​រៀន​ជំនាញ​ចម្លាក់​ស្បែក និង​ផ្នែក​គូររូប ពីសា​លា​ជា​ច្រើន​ទៀត នៅ​ក្នុង​ខេត្តសៀមរាប ។

នៅ​អំឡុង​ឆ្នាំ​២០០២ លោក​សេរី រតនា បាន​សម្រេចចិត្ត​បង្កើត​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ចម្លាក់​ស្បែក នៅ​មុខ​ប្រាសាទ​ព្រះ​គោ ដើម្បី​រក​កម្រៃ​ចិញ្ចឹមជីវិត ។

លោក​សេរី រតនា រៀបរាប់​ឱ្យ​ដឹង​ថា «​មុខរបរ​លក់​ចម្លាក់​ស្បែក​នេះ​មិន​បាន​ចំណូល​ច្រើន​ដែល​អាច​ឱ្យ​ក្លាយទៅជា​អ្នកមាន​ទេ គឺ​គ្រាន់តែ​ចិញ្ចឹមជីវិត​បងប្អូន​របស់ខ្ញុំ​ប៉ុណ្ណោះ ។

បច្ចុប្បន្ន វា​មិន​ត្រឹមតែ​ចិញ្ចឹម​បងប្អូន​របស់ខ្ញុំ​ទេ គឺ​មាន​កុមារ​ក្រីក្រ និង​កុមារ​កំព្រា​ជា​ច្រើន​រូប​ទៀត ដែល​ត្រូវការ​ពឹងពាក់​លើ​រូប​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​បង្ខំចិត្ត​ប្រែ​ក្លាយជា​កន្លែង​លក់ដូរ​បែប​នេះ​ពី​អាជីវកម្ម​សម្រាប់​គ្រួសារ ទៅ​ជា​កន្លែង​មនុស្សធម៌ ជួយ​បង្ហាត់បង្រៀន​ដល់​ក្មេង​ក្រីក្រ និង​ក្មេង​កំព្រា​ឪពុក​ម្តាយ​ជា​ច្រើន​ទៀត » ។

បច្ចុប្បន្ន​មាន​កុមារ​ក្រីក្រ និង​ក្មេង​កំព្រា ឪពុក​ម្ដាយ​ចំនួន​៧០​នាក់ បាន​ស្នាក់​នៅ​កន្លែង​របស់​លោក​សេរី រតនា ដោយ​រៀន​ឆ្លាក់​រូប​អំពី​ស្បែក ដើម្បី​លក់​បាន​កម្រៃ សម្រាប់​ទៅ​សាលារៀន  ។

ហាង​ចម្លាក់​ស្បែក​គោ នៅ​ប្រាសាទ​ព្រះ​គោ ស្រុក​ប្រាសាទបាគង​របស់​លោក​សេរី រតនា មិន​ត្រឹមតែ​ជួយ​បង្ហាត់បង្រៀន​កុមារ​ឱ្យ​ចេះ​ឆ្លាក់​រូប​រក​ប្រាក់​ចំណូល​ប៉ុណ្ណោះ​ទេ គឺ​វា​ទាក់ទាញ​ជនបរទេស​ជា​ច្រើន​ឱ្យទៅ​សិក្សា​អំពី​ជំនាញ​នេះ​ដែរ​។ បច្ចុប្បន្ន​មាន​យុវជន​តៃវ៉ាន់​១​ក្រុម​កំពុង​តែ​សិក្សា​ពី​ចម្លាក់​ស្បែក​ពី​លោក​សេរី រតនា ។

លោកស្រី​ស៊ុន សុវណ្ណ​នី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ ថ្លែង​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កន្លែង​ផលិត​ចម្លាក់​ស្បែក ដែល​មាន​ទម្រង់​ពេញ​លក្ខណៈ​ជា​វប្បធម៌​បុរាណ​អាច​ធ្វើ​រូប​យក​ទៅ​សម្តែង ឬ​យក​ទៅ​តាំង​ពិ​ព​រ័​ណ៍​ថ្នាក់​ជាតិ​បាន​នោះ គឺ​មាន​តែ​មួយ​កន្លែង​ទេ ក្រៅពី​នោះ​ចម្លាក់​ស្បែក​ជា​ច្រើន​ទៀត​សុទ្ធតែ​មាន​លក្ខណៈ​អាជីវកម្ម​សម្រាប់​គ្រួសារ​ប៉ុណ្ណោះ ។

លោកស្រី​ស៊ិ​ន សុ​វ​ណ្ណា​រី ថ្លែង​ថា «​ចម្លាក់​ស្បែក គឺជា​កេរ​មតក​របស់​ដូនតា​ខ្មែរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដូច្នេះ​បើ​ទោះបីជា​បច្ចុប្បន្ន អ្នក​ឆ្លាក់​ស្បែក​ខ្លះ​នៅ​មាន​លក្ខណៈ​ជា​ទ្រង់​ទ្រាយ​​ដើម និង​លក្ខណៈ​ជា​អាជីវកម្ម​គ្រួសារ​ក្តី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​តែ​រីករាយ ពីព្រោះ​ថា សិល្បៈ​ស្បែក​នេះ​ក្រៅ​តែ​ពី​យក​ទៅ​ប្រកប​មុខរបរ​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ វា​ក៏​ជា​អត្តសញ្ញាណ​បញ្ជាក់​ថា ព្រលឹង​នៃ​សិល្បៈ​ស្បែក​របស់​ខ្មែរ​នៅ​បន្ត​រស់រាន​មានជីវិត​ដដែល​» ៕