ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចូរ​! ប៉ូលិស​ស្រុក​ស្វាយ​លើ​បង្ក្រាប​ល្បែង​បញ្ជល់មាន់​ដល់​ក្នុង​ព្រៃ ចាប់​បាន​តែ​អា​គក​និង​ម៉ូតូ

7 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើសហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់​)​

ខេត្តសៀមរាប ​៖ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើសហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់​)​លួចលាក់​មួយ​កន្លែង ស្ថិតនៅ​ក្នុង​ព្រៃ ខណៈ​ពួក​គេ​បានឃើញ​សមត្ថកិច្ច​ទៅ​ដល់​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត​អស់​តែ​ម្តង ប៉ុន្តែ​បន្សល់​ទុក​នៅ​វត្ថុ​តាង​មួយ​ចំនួន​ធំ រួច​យក​មក​ទុក​នៅ​អធិការ​ស្រុក​ជា​បណ្តោះ​អាសន្ន ​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់​)​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ខ្នា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ​។

លោក​វរសេនីយ៍ត្រី ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ​បានឱ្យ​ដឹង​​ថា មុន​និង​ឈាន​ដល់​ការ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​ប្រជល់​មាន់​នេះ គឺ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ ជា​ច្រើន​លើក​មក​ហើយ​ ទើប​ឈាន​ដល់​ការ​បង្ក្រាប ដោយសារ​តែ​ក្រុម​អ្នក​ញៀន​ល្បែង​នេះ តែងតែ​នាំ​គ្នា​ចល័ត​ទីតាំង​ជល់​មាន់​ជា​រៀង​រហូត ជា​ពិសេស​ពេល​ម៉ោង​១១​តែ​ម្តង ​ដែល​ជា​ពេលវេលា​របស់​​សមត្ថកិច្ច​​យើង​សម្រាក​ពេលបាយ​ថ្ងៃត្រង់​តែ​ម្តង ​។

​លោក​បាន​បន្ត​ថា បន្ទាប់​ពី​កម្លាំង​យើង​តាមដាន​ឃើញ​ទាន់ ខណៈ​ពេល​នោះពួក​ញៀន​ល្បែង​ទាំង​អស់នោះ ក្រ​ឡេ​ង​ឃើញ​កម្លាំង​យើង​ភ្លាម​ៗក៏​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត ពី​ចម្ងាយ ធ្វើ​ឱ្យ​ពួក​យើង​តាម​ចាប់​មិន​បាន ​។

ក្នុង​កិច្ច​ប្រ​តិ​បត្ត​ការណ៍​ខាងលើ​នេះ ​សមត្ថកិច្ច​នគរបាល​របស់​លោក​បាន​ចាប់​បាន​តែវត្ថុ​តាងមាន​ដូច​ជា​ ​ជ​ញ្ជើ​ង​ថ្លឹង​មាន់​ចំនួន​០១​គ្រឿង មាន់​ជល់​០២​ក្បាល ម៉ូតូ​ចំនួន​០៨​គ្រឿង​ ។

បច្ចុប្បន្នវត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​អប់រំ​ បើ​ករណី​នៅ​មិន​រៀងចាល​ទេ​ សមត្ថកិច្ច​នគរបាល​យើង​និង​អនុវត្ត​តាម​វិធានការ​ច្បាប់ ​៕​