ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​ចាប់​គោ​ស៊ី​សម្ងំ ឆ្មា​ស៊ី​ត្រីអាំង​ជាន់ក​ដកស្លាប

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​អន្លង់​ស្អំ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នៅ​រសៀល​ថ្ងៃ​ទី១៦ ខែកុម្ភៈ បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ប្រធាន​ការិយាល័យ​អន្តរាគមន៍​

ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​អន្លង់​ស្អំ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នៅ​រសៀល​ថ្ងៃ​ទី១៦ ខែកុម្ភៈ បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​លោក គង់ ផា​ន់​ណា ក្រុមប្រឹក្សា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដោយ​ចោទ​ថា រួម​គ្នា​ប្រើ​ហិង្សា​បណ្តាល​ឱ្យ​គាត់​បែកក្បាល​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ នៅ​តាម​ផ្លូវជាតិ​លេខ​៩ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

លោក ញ៉ែ​ម វ៉ា អាយុ​៣៧​ឆ្នាំ បាន​សរសេរ​ក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ដាក់​ចូល​ទៅ​កងរាជអាវុធហត្ថ​ខេត្ត អះអាង​ថា ខ្លួន​គាត់​ជា​ជន​រង​គ្រោះ​ស្នើ​សុំ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌លើ​ករណី​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ផ្លូវជាតិ​លេខ​៩ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ។ ពាក្យបណ្តឹង​បាន​ចោទ​លោក​វរសេនីយ៍ទោ សំ​រិ​ទ្ធ សុក​សេដ្ឋា ប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​លោក គង់ ផា​ន់​ណា ក្រុមប្រឹក្សា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ថា​បាន​ប្រើ​កាំភ្លើងខ្លី​ភ្ជង់​គុម្ពត្រចៀក​គំរាម​បាញ់ និង​ប្រើ​ខ្នោះដៃ​វាយ​ក្បាល​គាត់​បណ្តាល​ឱ្យ​បែក​ហូរ​ឈាម ដោយសារ​ខឹងសម្បា​ខណៈ​បើករថយន្ត​ព្យាយាម​តាម​កាក់​ម៉ូតូ​ដឹកឈើ​របស់​គាត់ ។

លោក ញ៉ែ​ម វ៉ា បាន​រៀបរាប់​ទៀត​ថា នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ គាត់​បាន​ដឹកឈើ​មូល​ក្រាក់​តាម​ម៉ូតូ ដើម្បី​ដោះស្រាយ ជីវភាព​គ្រួសារ ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ លោក សំ​រិ​ទ្ធ សុក​សេដ្ឋា បាន​បើករថយន្ត​ស៊ី​រ៉ែ​ន​កាក់​ឱ្យ​ឈប់  ហើយ​គាត់​បាន​សុំ​សម្រុះសម្រួល​ដោយ​ជូន​កាត​ទូរស័ព្ទ​៥​ដុល្លារ តែ​លោក​ប៉ូលិស​មិន​ព្រមយក​។

ពេល​នោះ​គាត់​ក៏​បន្តដំណើរ​ទៅ​មុខ ទៀត ហើយ​លោក​ប៉ូលិស​ក៏​បន្ត​ដេញ កាក់​ដដែល រហូត​ឈាន​ទៅ​ប្រើ​ហិង្សា ដោយ​លោក គង់ ផា​ន់​ណា ក្រុមប្រឹក្សា​ស្រុក ជា​អ្នក​ចាប់​ក្រៀក​ក​ពីក្រោយ ហើយ​លោក សំ​រិ​ទ្ធ សុក​សេដ្ឋា ជា​អ្នក​យក​ខ្នោះ​វាយ​ក្បាល ព្រមទាំង​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​គុម្ពត្រចៀក គំរាម​បាញ់​បំបែក​ក្បាល​ថែម​ទៀត ។ បន្ទាប់​មក ដោយ​ឃើញ​មនុស្ស​ផ្អើល​ឈូឆរ​ទៅ​មើល ទើប​លោក​ប៉ូលិស​រូប​នោះ​យក​កាំភ្លើងខ្លី​ស៊ក​ចង្កេះ​វិញ ។

ទាក់ទង​នឹង​បញ្ហា​ខាងលើ លោក​ប៉ូលិស​និយាយ​ថា អ្នក​ដឹកឈើ​តាម​ម៉ូតូ​មួយ​ចំនួន​បាន​ផ្គើន និង​ប្រើប្រាស់​សម្តី​មិន​សមរម្យ​ដាក់​សមត្ថកិច្ច​គ្រា​ចុះ​អនុវត្ត​ភារកិច្ច ។ សម្រាប់​អ្នក​ប្រកប​របរ​ដឹកឈើ​តាម​ម៉ូតូ​កន្លង​មក យល់​ឃើញ​ថា​ពួក​គាត់​ជា​ពលរដ្ឋ​ដឹកឈើ​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​ជីវភាព អ្នកខ្លះ​ក៏​មានការ​មួម៉ៅ​ដែរ​ព្រោះ​អស់​លុយ​ពី​ហោប៉ៅ ដោយសារ​សមត្ថកិច្ច​តាម​ផ្លូវ​កាក់​ទារ​លុយ​គ្រប់​គ្នា រួម​ទាំង​អ្នក​កាន់​ប័ណ្ណ​សារព័ត៌មាន​មួយ​ក្តាប់​តូច​ទៀត​ផង ។ ដោយសារ​អង្វរ​មិន​ស្តាប់​ក៏​តែង​ទាស់សម្តី​គ្នា ហើយ​នេះ​ជា​ដើមចម​រវាង​សមត្ថកិច្ច និង​ពលរដ្ឋ​ដឹកឈើ ។

ប្រភព​ពី​មហាជន​ក៏​បាន​លើក​ឡើង​ដែរ​ថា​រឿង​ផលប្រយោជន៍​បន្តិចបន្តួច​អាច​អប់រំ និង​លើកលែង​ដល់​ពលរដ្ឋ​ខ្លះទៅ ពុំគួរ​ប្រើ​ហិង្សា​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​សមត្ថកិច្ច​ម្នាក់​ទៅ​លើ​ពលរដ្ឋ​បែប​នេះ​ទេ ។

ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង លោក ម៉ៅ តារា តែង​ប្រជុំ​ផ្សព្វផ្សាយ​អប់រំ​ដល់​មន្ត្រី​នគរបាល​គ្រប់​រូប ត្រូវ​លើកកម្ពស់​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​អសន្តិសុខ​សង្គម ប្រឆាំង​រាល់​បទល្មើស​កើត​មាន​ក្នុងស្រុក​-​ក្រុង ខេត្ត ដើម្បី​ធានា​ជូន​នូវ​សន្តិសុខ សុវត្ថិភាព​ដល់​ពលរដ្ឋ​។ ជាង​នេះ​ទៀត លោក​បាន​បញ្ជា​ដាច់ខាត​មិន​ឱ្យ​មាន​មន្ត្រី​នគរបាល​រូប​ណា​ចត​រថយន្ត​ដាក់​កុងត្រូលជជុះ ឬ​ពួនស្ទាក់​យក​លុយ​ជា​ថ្នូរ​នឹង​ការ​រដោះ​លែង​បទល្មើស​នោះ​ដែរ ហើយ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ដឹកឈើ​តាម​ម៉ូតូ​ដោះស្រាយ​ជីវភាព លោក​រឹតតែ​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​នគរបាល​ប៉ះពាល់​ថែម​ទៀត ។ ដូច្នេះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង មាន​តែ​បុគ្គល​នគរបាល​មួយ​ចំនួន​ដែល​មាន​ចរិត​រឹងរូស​មិន​គោរព
បញ្ជា ។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​គំរូ​មួយ​រូប ។ លោកស្នងការ ម៉ៅ តារា បញ្ជាក់​ថា ករណី​នេះ​លោក​កំពុង​ចាត់ការ​តាម​នីតិវិធី​ហើយ បើ​រក​ឃើញ​ថា​មន្ត្រី​នគរបាល​រូប​នោះ​បាន​ប្រព្រឹត្ត​ដូច​បណ្តឹង​មែន និង​ចាត់ការ​តាម​វិន័យ​របស់​នគរបាល​ជាតិ ។

លោក អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​ថា អង្គភាព​លោក​បាន​ទទួល​សំណុំរឿង​នេះ​ហើយ ។ លោក ហូ សំ​អុល មន្ត្រី​សម្របសម្រួល​អង្គការ​អា​ដ​ហុ​ក​ប្រចាំ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ប្រសិនបើ​ដូច​ការ​លើក​ឡើង​ខាងលើ ករណី​នេះ​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ហើយ​ព្រោះ​ក្នុង​នាម​គាត់​ជា​មន្ត្រី​អនុវត្ត​ច្បាប់ បើ​គាត់​យល់​ឃើញ​ថា​ជន​ម្នាក់​នោះ​ប្រព្រឹត្ត​ខុសច្បាប់​ស្តី​ពី​ព្រៃឈើ គាត់​ត្រូវធ្វើ​តាម​នីតិវិធី​ច្បាប់ ។ ដូច្នេះ​គាត់​មិន​ត្រូវ​វ៉ៃ​គេ​នោះ​ទេ ហើយ​បើ​ទាក់ទិន​នឹង​ផ្លូវច្បាប់ កាលណា​គាត់​វ៉ៃ​គេ គាត់​ខុសច្បាប់​អុ​ី​ចឹ​ង​ព្រះរាជអាជ្ញា លោក​ត្រូវ​បើក​ការ​ស៊ើប​អង្កេត ៕