ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​សម្តេច​តេ​ជោថ្លែង​ប្រាប់​អ្នកកាសែត

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​យក​បណ្ដឹង​មួយ​ថ្មី​ទៀត ប្ដឹង​លោក គឹ​ម សុខ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ

រាជធានីភ្នំពេញ ៖ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​យក​បណ្ដឹង​មួយ​ថ្មី​ទៀត ប្ដឹង​លោក គឹ​ម សុខ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ ។ បណ្ដឹង​ដាច់​ដោយឡែក​មួយទៀត​នេះ ត្រូវ​បាន​លោក គី តិច បញ្ជាក់​ថា លោក​ប្ដឹង​ពី​បទ​ថា លោក គឹ​ម សុខ បរិហារកេរ្តិ៍​រាជរដ្ឋាភិបាល​ថា បាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស ។

ថ្លែង​ក្រោយ​ចេញពី​តុលាការ​វិញ លោក គី តិច ប្រាប់​អ្នកកាសែត​ថា បណ្ដឹង​ទី​២​នេះ មានការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​លានរៀល ។

លោក​បន្ត​ថា ប្រសិនបើ​លោក គឹ​ម សុខ ពុំ​មាន​លទ្ធភាព​សង​ទេ តុលាការ​នឹង​ប្រើប្រាស់​វិធានការ​តាម​ផ្លូវច្បាប់ ។

លោក​បន្ត​ទៀតថា «​មិន​អាច​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ហើយ​ គាត់​ចេះ​តែ​គេចខ្លួន​រួច​ដោយសារ​តែ​មូលហេតុ​ឥត​មានអី​សង​ទេ ។ តែ​ឥត​មានអី​សង អាហ្នឹង​គេ​មាន​នីតិវិធី​គេ​អាច​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បង្ខំ​លើ​រូប​កាយ​ទាមទារ​សំណង​» ។

ចំណែកលោក គឹ​ម សុខ បាន​ថ្លែង​នៅ​មុខ​អគារ មុនចូល​តុលាការថា កម្លាំង​ស្លៀកពាក់​ស៊ី​វិល​ជា​ច្រើន​នាក់​បាន​តាមដាន​លោក​រាល់ថ្ងៃ ។ លោកបញ្ជាក់​ជំហរ​ថា លោក​នឹង​នៅ​តែ​វិភាគ​ពី​ព្រឹត្តិការណ៍​សង្គម ប្រសិនបើ​លោក​នៅ​មានឱកាស ។ បន្ថែម​ពីលើ​នេះ អ្នកវិភាគ​សង្គម និង​នយោបាយ​រូប​នេះ​ស្នើ​សុំ​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក​ដែល​មិនដឹង​រឿង​អ្វី​ទាល់តែ​សោះ ស្ថិត​នៅ​ឆ្ងាយ​ពី​បញ្ហា​ជុំវិញ​រឿង​ក្តី​ដ៏​ចម្រូងចម្រាស​មួយ​នេះ ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ លោក សៀង សុខ តំណាង​អយ្យការ​បាន​ចេញ​ដីកាកោះ​ឲ្យ​លោក គឹ​ម សុខ ចូលខ្លួន​បំភ្លឺ​តប​ទៅ​នឹង​បណ្ដឹង​សម្តេច​តេ​ជោ ហ៊ុន សែន ។ លោក គី តិច ដែល​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី បាន​ប្ដឹង​លោក គឹ​ម សុខ ដោយ​សំអាង​ថា លោក គឹ​ម សុខ បាន​ចោទ​ថា បក្ស​ប្រជាជន​កម្ពុជា ជា​អ្នកបញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​លោក គឹ​ម សុខ លើក​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ។ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ដែរ លោក​មេធាវី គី តិច ដោយ​អាណត្តិ​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ៕