ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គឹ​ម សុខ ត្រូវ​បាន​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៧ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៧ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ បន្ទាប់​ព្រះរាជអាជ្ញា​រង​លោក សៀង សុខ បាន​ចោទប្រកាន់​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​តាមមាត្រ​៤៩៤. មាត្រា​៤៩៥  និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​មាត្រា​៣០៥​នៃ​ច្បាប់ព្រហ្មទណ្ឌ ។

តុលាការ​បាន​ចំណាយពេល​ប្រមាណ​ជាង​៣ ម៉ោង​ក្នុង​ការ​សាកសួរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ហើយ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​លោក គឹ​ម សុខ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ បន្ទាប់​ពី​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ សម្រេច ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស ។

លោក លី សុ​ផា​ន់​ណា បញ្ជាក់​ថា អយ្យការ​បាន​បញ្ជូន​សំណុំរឿង និង​ជនសង្ស័យ​ទៅ​ចៅក្រម​ស៊ើបសួរ និង​បាន​បញ្ចប់​នីតិវិធី​បង្ហាញខ្លួន លើក​ដំបូង និង​ពិភាក្សា​ដេញដោល​រួច​មក ចៅក្រម​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ គឹ​ម សុខ  ។

មានការ​កត់​សម្គាល់ថា មាន​អ្នកគាំទ្រ​លោក គឹ​ម សុខ រាប់រយ​នាក់​មក​ប្រមូលផ្តុំ​គ្នា​ឃ្លាំមើល​ការ​សម្រេច​របស់​តុលាការ​នៅ​ជុំវិញ​អគារ​សាលាដំបូង ។ ទោះបី​បែប​ណា ក្រុម​សមត្ថកិច្ច បាន​ប្រើ​ល្បិច​ដើម្បី​បាន​នាំ​ខ្លួន​លោក គឹ​ម សុខ ទៅ​ពន្ធនាគារ​ដោយ​បាន​យក​រថយន្ត​ចំនួន​២​គ្រឿង មក​ដាក់​បញ្ឆោត​នៅ​ទ្វារ​មុខ​មួយ​គ្រឿង និង​ទ្វារ​ក្រោយ​មួយ​គ្រឿង ។ នៅ​ពេល​លោក គឹ​ម សុខ ត្រូវ​បាន​នាំ​ខ្លួន​ចុះ​ពី​បន្ទប់​ចៅក្រម​តាម​ជណ្តើរយន្ត​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនជាប់ចោទ​ចូល​រថយន្ត​ខាង​ទ្វារ​ក្រោយ តែ​បើក​ចេញ ដោយ​រថយន្ត​ដាក់​នៅ​ទ្វារ​មុខ​ឆ្ពោះទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ។ ពេល​សមត្ថកិច្ច​បញ្ជូន​ចូល​រថយន្ត​លោក គឹ​ម សុខ មិន​បាន​និយាយ​អ្វី​ទេ ក្រៅ​តែ​ពី​អ្នកគាំទ្រ​នៅ​ខាងក្រៅ​ស្រែក​ឡូឡា ។

ការ​ចូល​បំភ្លឺ​នៅ​តុលាការ​របស់​លោក គឹ​ម សុខ នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ​នេះ គឺ​បន្ទាប់​ពី​បរាជ័យ​ដាក់​លិខិត​សុំ​ពន្យារពេល​ចូល​ឆ្លើយ​បំភ្លឺ​មុន​មួយ​ថ្ងៃ​នៃ​ដីកាកោះ​ឲ្យ​បង្ហាញខ្លួន ។ ប៉ុន្តែ​សំណើ​របស់​លោក​ត្រូវ​តុលាការ​ច្រានចោល​ភ្លាម​ៗ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ លោក សៀង សុខ តំណាង​អយ្យការ​បាន​ចេញ​ដីកាកោះ​ឲ្យ​លោក គឹ​ម សុខ ចូលខ្លួន​បំភ្លឺ​តប​ទៅ​នឹង​បណ្ដឹង​សម្តេច​តេ​ជោ ហ៊ុន សែន ។ លោក គី តិច ដែល​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​នាយក​រដ្ឋមន្ត្រី បាន​ប្ដឹង​លោក គឹ​ម សុខ ដោយ​សំអាង​ថា លោក គឹ​ម សុខ បាន​ចោទ​ថា បក្ស​ប្រជាជន​កម្ពុជា ជា​អ្នកបញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​លោក គឹ​ម សុខ លើក​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ។ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ដែរ លោក​មេធាវី គី តិច ដោយ​អាណត្តិ​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ ។

លោក គឹ​ម សុខ ដែល​រង​ការ​ប្ដឹងផ្ដល់​បាន​លើក​ឡើង​ថា មូលហេតុ​នៃ​សំណើសុំ​ពន្យារពេល គឺ​ដោយសារ​លោក​រក​មេធាវី​តតាំង​តាម​ផ្លូវច្បាប់​មិន​ទាន់​បាន ។ ម្យ៉ាងទៀត ដីកាកោះ​របស់​លោក សៀង សុខ នេះ បង្គាប់​ដោយ​ប្រញាប់​ពេក ដែល​មិន​អាច​ទុក​ពេល​ឲ្យ​លោក​រក​មេធាវី​បាន​ទាន់​ពេល ។

លោក គឹ​ម សុខ បាន​ថ្លែង​នៅ​មុខ​អគារ​តុលាការ​ថា កម្លាំង​ស្លៀកពាក់​ស៊ី​វិល​ជា​ច្រើន​នាក់​បាន​តាមដាន​លោក​រាល់ថ្ងៃ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​យក​បណ្ដឹង​មួយ​ថ្មី​ទៀត ប្ដឹង​លោក គឹ​ម សុខ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ ។ បណ្ដឹង​ដាច់​ដោយឡែក​មួយទៀត​នេះ ត្រូវ​បាន​លោក គី តិច បញ្ជាក់​ថា លោក​ប្ដឹង​ពី​បទ​ថា លោក គឹ​ម សុខ បរិហារកេរ្តិ៍​រាជរដ្ឋាភិបាល​ថា បាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស ៕