ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​របស់​លោក គឹ​ម សុខ ឆ្ពោះ​មក​សាលាដំបូង​តាម​ដីកាកោះ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាំងពី​ម៉ោង​៨​ព្រឹក លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី វត្ត​ចាស់

រាជធានីភ្នំពេញ ៖ តាំងពី​ម៉ោង​៨​ព្រឹក លោក គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វា បំណង​ឆ្ពោះទៅ​តុលាការ​រាជធានី​ភ្នំពេញ តាម​ដីកាកោះ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ដោយ​មាន​ព្រះសង្ឃ​ជាង​ដប់​អង្គ រួម​ទាំង​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុ​តិ្ត​ធម៌​សង្គម ព្រះ​តេជគុណ ប៊ុត ប៉ុន​តិ​ញ និង​ពលរដ្ឋ​នៅ​តាម​ដងផ្លូវ​រាប់​សិប​នាក់​ផ្សេង​ទៀត​ក៏​ចូលរួម​អមដំណើរ​អ្នកវិភាគ​រូប​នេះ​ដើរ​ឆ្ពោះទៅ​តុលាការ​ដូច​គ្នា ។

តាម​គន្លង​ផ្លូវ​ថ្មើរជើង​ប្រមាណ​ជិត​៦​គីឡូម៉ែត្រ លោក គឹ​ម សុខ បាន​ចំណាយពេល​ជិត​៣​ម៉ោង​ទម្រាំ​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយនៅ​តាម​ផ្លូវលោក​ត្រូវ​ដើរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា មុខ​ស្ថានទូត​អា​មេ​រិ​ក និង​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ខណៈ​លោក​បាន​ឈប់​សម្រាក​នៅ​លើ​សួនច្បារ ទល់មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​ឈប់​សម្រាក​នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​បន្តិច​ផង​ដែរ មុន​ពេល​ទៅ​ដល់​តុលាការ​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ។ ដែល​ការ​ធ្វើ​ដំណើរ​របស់​លោក​ក៏​មានការ​រារាំង​ពី​ក្រុម​សន្តិសុខ​ខណ្ឌ​ជ្រោយចង្វា​ផង​ដែរ ។ នៅ​ទីនោះ​មាន​មនុស្ស​រាប់រយ​នាក់​កំពុង​រង់ចាំ​នៅ​មុខ​តុលាការក្រុង ដោយ​ស្រែក​អបអរ​លើកទឹកចិត្ត​ជូន​លោក គឹ​ម សុខ រហូត​ដល់​តុលាការក្រុង​បិទ​របង​ទ្វារ​ដែក ញែក​ហ្វូង​អ្នកគាំទ្រ​ឲ្យ​នៅ​ខាងក្រៅ និង​លោក គឹ​ម សុខ ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​តុលាការ ។

សំឡេង​គាំទ្រ និង​ហ្វូង​មហាជន​អមដំណើរ​ដ៏​ច្រើន​បែប​នេះ ត្រូវ​បាន​លោក គឹ​ម សុខ ថ្លែង​ថា ជា​ការ​សបញ្ជាក់​ពី​ការ​យល់​ដឹង​របស់​ពលរដ្ឋ ដែល​គាំទ្រ​គំនិត​រួម​រួប​ជាតិ​របស់​លោក ផ្ទុយ​បញ្ច្រាស​ពី​ផ្នត់គំនិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ សម្រាប់​លោក គឹ​ម សុខ ដំណើរ​ចូល​ច្រក​តុលាការ​ត្រូវ​បាន​អ្នក​តាមដាន​ថា អាច​ប្រឈម​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ ព្រោះ​លោក​គ្មាន​ថវិកា និង​គ្មាន​ចេតនា​បង់ប្រាក់​សងជំងឺចិត្ត​រាប់​ម៉ឺន​ដុល្លារ​តាម​ការ​ទាមទា​ឡើយ ។ លោក គឹ​ម សុខ បញ្ជាក់​ថា លោក​បាន​ត្រៀមខ្លួន​រួច​ហើយ ប្រសិនបើ​លោក​អាច​នឹង​បាត់បង់​ជីវិត ក្នុង​បុព្វហេតុ ទាមទារ​ឲ្យ​មានដំណើរ​ផ្លាស់​ប្តូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ លោក​យល់​ថា ការ​ស្លាប់​នឹង​រំលាយ​ត្រឹមតែ​រូប​កាយ​លោក​ប៉ុណ្ណោះ តែ​គំនិត​នៃ​ការ​ផ្លាស់​ប្តូរ​កម្ពុជា នឹង​មិន​ស្លាប់​ទៅ​ជាមួយ​លោក​នោះ​ទេ ៕