ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​ធនាគារ​អេ​ស៊ី​លី​ដា​ប្តូរ​រូប​ហង្ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃ​ទី​១៧ ខែកុម្ភៈ មាន​ខ្លឹមសារ​ថា នៅ​វិមាន​សន្តិភាព​មាន​បើក​កិច្ចប្រជុំ​

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃ​ទី​១៧ ខែកុម្ភៈ មាន​ខ្លឹមសារ​ថា នៅ​វិមាន​សន្តិភាព​មាន​បើក​កិច្ចប្រជុំ​ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី​៥​ដើម្បី​ឆ្លង ៖

១-​គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិស​នី​២៣០​គីឡូវ៉ុល ពី​ស្ថានីយ​វា​រី​អគ្គិសនីស្ទឹង​តា​តៃ​មក​ភ្នំពេញ និង​គម្រោង​វិនិយោគបន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​១៣៥​មេ​ហ្គា​វ៉ា​ត់ ខេត្ត​ព្រះ​សីហ​នុ ។

២-​បញ្ហា​ផ្សេង​ៗ ៖ សំណើរ​សុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ ៖ «​ពិធីសារ​ទី​៣​ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ ក្នុង​ចំណោម​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ​» ។

ក្រោយ​ពី​បាន​ស្តាប់​របាយការណ៍ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួច​មក អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត ៖

១-​គម្រោង​វិនិយោគ​ខ្សែ​បញ្ជូន​អគ្គិសនី២៣០​គីឡូវ៉ុល ពី​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​មក​ភ្នំពេញ និង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព​១៣៥​មេ​ហ្គា​វ៉ា​ត់ ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ការ​សាងសង់​បណ្តាញ​ជាតិ​មួយ​ដែល​មាន​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ធំ​ៗ និង​អនុ​ស្ថានីយ​ត​ភ្ជាប់​គ្នា​ជាមួយនឹង​ការ​សាងសង់ប្រភព​អគ្គិសនី​ត​ភ្ជាប់​គ្នា​ជាមួយនឹង​ការ​សាងសង់​ប្រភព​អគ្គិសនី​បន្ថែម​ជា​បន្តបន្ទាប់ ដើម្បី​ផ្តល់​ប្រភព​អគ្គិសនី​ឱ្យ​បាន​គ្រប់គ្រាន់ និង​ទាន់តាម​កំណើន​នៃ​សេចក្តី​ត្រូវការ​ប្រើប្រាស់និង​ការ​សាងសង់​បណ្តាញ​រង និង​ចែកចាយ​អគ្គិសនី​នៅ​តាម​តំបន់​នានា​ទូ​ទាំង​ប្រទេស​ដើម្បី​បញ្ជូន និង​ចែកចាយ​ប្រភព​អគ្គិសនី​ដែល​បាន​សាងសង់​ទៅ​ផ្គត់ផ្គង់​ឱ្យ​អ្នក​ប្រើប្រាស់​អគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី វិស័យ​អគ្គិសនី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​អភិវឌ្ឍ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​លឿន ទាំង​ប្រភព​អគ្គិសនី អនុ​ស្ថានីយ ទាំង​បណ្តាញ​បញ្ជូន​រង បណ្តាញ​ចែកចាយ និង​ទាំង​ការ​ភ្ជាប់​ចរន្ត​ជូន​ដល់​លំនៅ​ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​ទី​ជនបទ ។

គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​២៣០​គីឡូវ៉ុល ភ្ជាប់​ពី​ស្ថានីយ​ស្ទឹង​តា​តៃ​មក​អនុ​ស្ថានីយ​បែក​ចាន​ភ្នំពេញ​នេះ មិន​ត្រឹមតែ​ជា​កា​រត​ភ្ជាប់​បណ្តាញ​ពី​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​មក​កាន់​អនុ​ស្ថានីយ​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​គឺជា​អភិវឌ្ឍ​មួយ​ដែល​ភ្ជាប់​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​អគ្គិសនី​ភាគ​ខាង​និរតី​កម្ពុជា ឲ្យ​ក្លាយជា​ប្រព័ន្ធ​បណ្តាញ​កង​ជាមួយ​ភ្នំពេញ ដើម្បី​បង្កើន​នូវ​ស្ថិរភាព ភាពរឹងមាំ និង​សមត្ថភាព​ក្នុង​ការ​បញ្ជូនប្រភព​អគ្គិសនី​ពី​ស្ថានីយ​វា​រី​អគ្គិសនី​ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់ត្រីកោណ​កំពង់ស្ពឺ កោះកុង និង​ពោធិ៍សាត់ និង​បង្កើន​នូវ​ស្ថិរភាព និង​លំនឹង​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ការ​វិនិយោគ​គម្រោង​នេះ ធ្វើ​ឡើង​តាម​រូបភាព​គម្រោង​វិនិយោគ​គឺ សាងសង់ ដំណើរការ ផ្ទេរ (BOT) ដែល​មាន​ទំហំ​ទុន​វិនិយោគ​សរុប​១៣៦,៦៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​រយៈពេល​សម្បទាន​២៨​ឆ្នាំ ក្នុង​នោះ​៣​ឆ្នាំ​សម្រាប់​ធ្វើការ​សាងសង់ និង​២៥​ឆ្នាំ​សម្រាប់​ធ្វើ​អាជីវកម្ម ។

ម្យ៉ាងវិញទៀត សម្រាប់​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​នេះ គឺ​ធ្វើ​ឡើង​តាម​រូបភាព​វិនិយោគ​គឺ សាងសង់ ធ្វើ​ម្ចាស់​អាជីវកម្ម​(BOO) ដែល​មាន​ទំហំ​ទុន​វិនិយោគ​សរុប​២៥៩,៩​លាន​ដុល្លារ​អា​មេ​រិ​ក ។

២-​បញ្ហា​ផ្សេង​ៗ ៖ អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​បញ្ជូន «​ពិធីសារ​ទី​៣​ដើម្បីធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ ក្នុង​ចំណោម​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ​» ទៅ​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ណែនាំ ៖

១-​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធនាគារជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចេញ​វិធានការ​ណែនាំ​ដ៏​ម៉ឺងម៉ាត់ និង​ជា​បន្ទាន់ ឱ្យ​ធនាគារឯកជន និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជា​ពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​ទូរគមនាគមន៍​ទាំងអស់ ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​បានដឹង​ច្បាស់​ថា​«​ធនាគារឯកជន មីក្រូហិរញ្ញវត្ថុ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​ឯកជន​មួយ​រយ​ភាគរយ ហើយ​មិនមែន​ជា​របស់​រដ្ឋ​» ឡើយ ។

២-​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ជាទី​បំផុត​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​រួម​មាន​៖ អាជ្ញាធរ​រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ឃុំ សង្កាត់ និង​ភូមិ ទាំង​ស៊ី​វិល នគរបាល និង​កងរាជអាវុធហត្ថ ត្រូវ​បញ្ឈប់​និង​ដកខ្លួន​ជា​បន្ទាន់ ពី​ការ​ចូលរួម​ធ្វើ​សកម្មភាព​ណាមួយ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​ថា​ជា​របស់​រដ្ឋ​ដែល​ការ​ពិត​គឺជា​របស់​ឯកជន​សុទ្ធសាធ ។

៣-​ក្រសួងពាណិជ្ជកម្ម ត្រូវ​ធ្វើការ​ជា​បន្ទាន់​ជាមួយ​ធនាគារ​អេ​ស៊ីលី​ដា ដែល​បាន​និង​កំពុង​ប្រើ​រូប​សញ្ញា «​ហង្ស​» ជា​និមិត្តសញ្ញា​ពាណិជ្ជកម្ម​របស់​ខ្លួន​ឱ្យធ្វើ​ការ​ផ្លាស់​ប្តូរ​រូប​សញ្ញា​ហង្ស​នេះ​ជា​បន្ទាន់ ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍​យ៉ាង​យូរ ពីព្រោះ​«​រូប​ហង្ស​» គឺជា​រូប​សញ្ញា​របស់​ជាតិ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និង​កំពុង​ប្រើប្រាស់ ចៀសវាង​ការ​យល់​ច្រឡំ​របស់​ប្រជាពលរដ្ឋ ។

ទន្ទឹម​នឹង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​កំពុង​ឈរជើង​តាម​បណ្តោយ​ព្រំដែន សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ក្រើនរំឭក​ផង​ដែរ​ឱ្យ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ក្នុង​ពេល​ដែល​អាកាសធាតុ​កំពុង​ចុះ​ត្រជាក់​នេះ ៕