ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​រិះគន់​ថា​អភិបាលខេត្ត​កំពង់ធំ​ជំនាន់​មុន បើកដៃ​ឲ្យ​ឈ្មួញ​ទារ​ភាស៊ី​ពី​ការ​នាំ​ជ្រូក គោ ក្របី ថ្លៃ​ខ្ពស់កប់ពពក

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ​មួយ​ចំនួន ដែល​ពួក​លោក​ប្រកប​របរ​ចិញ្ចឹមសត្វ​ជ្រូក គោ ក្របី បច្ចុប្បន្ន​នេះ មាន​ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ថោក ក៏​ដោយសារ​តែ​លោក​អភិបាលខេត្ត​ជំនាន់​មុន

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ​មួយ​ចំនួន ដែល​ពួក​លោក​ប្រកប​របរ​ចិញ្ចឹមសត្វ​ជ្រូក គោ ក្របី បច្ចុប្បន្ន​នេះ មាន​ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ថោក ក៏​ដោយសារ​តែ​លោក​អភិបាលខេត្ត​ជំនាន់​មុន បើកដៃ​ឲ្យ​អ្នក​ទារ​ភាស៊ី​ក្នុង​ការ​នាំ​សត្វ​ជ្រូក គោ ក្របី ចេញ​ទារ​ថ្លៃ​ខ្ពស់កប់ពពក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផលិតផល​មាន​ដើម​កំណើត​ជា​សត្វ​ក្នុងស្រុក​មាន​តម្លៃ​ថោក​។​ប្រភព​ព័​ត៌​ពី​ក្រុម​អាជីវករ​ដែល​នាំ​គ្នា​ធ្វើ​អាជីវកម្ម​ទិញ​ជ្រូក គោ ក្របី នាំ​ចេញ​ក្រៅ​ខេត្តកំពង់ធំ​បាន​ប្រាប់​ថា ៖

ផលិតផល​មាន​ដើម​កំណើត​ជា​សត្វ​ក្នុងស្រុក​មាន​តម្លៃ​ថោក​នេះ​ទី​១.​ដោយសារ​តែ​អាជ្ញាធរ​ខេត្តកំពង់ធំ​ជំនាន់ លោក អ៊ុត សំ​អន នៅ​ជា​អភិបាលខេត្ត បាន​ចេញ​សេចក្តីសម្រេច​ប្រគល់​សិទ្ធិ​ជូន​អ្នកស្រី ផាត សុខ​ហឿ​ន ធ្វើ​អាជីវកម្ម​យក​កម្រៃ​ពី​សត្វ​នាំ​ចេញ​ក្រៅ​ខេត្ត​មាន​តម្លៃ​ខ្ពស់​ពេក​គឺ​គោ​,​ក្របី​១ ថ្លៃ​១២.០០០​រៀល ថ្លៃ​ជ្រូក​១​ក្បាល ៨.០០០​រៀល ស្បែក​គោ ក្របី​១​គីឡូ​២០០​រៀល ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​លុប​បំបាត់​ការ​យក​ភាស៊ី​ពី​ពលរដ្ឋ​ក្រីក្រ​ដែល​លក់ដូរ​តាម​កញ្ច្រែង​ល្អី​នោះ បែរជា​អាជ្ញាធរ​ខេត្ត​ប្រគល់​សិទ្ធិ​ឲ្យ​ឈ្មួញ​យក​ភាស៊ី​ថ្លៃ​ខ្ពស់​ពី​ការ​នាំ​ចេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ទិញ​ត្រូវ​ចុះថោក​។

ចំណែក​ក្រុម​អាជីវកម្ម​ទិញ​ជ្រូក គោ ក្របី ពី​ខេត្ត​ផ្សេង​ៗ​មាន​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​វិញ​នោះ​នាំ​គ្នា​រិះគន់​ថា ពួក​គាត់​មិនមែន​ជា​អ្នក​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្តកំពង់ធំ​ផង គ្រាន់តែ​ដឹក​ឆ្លងកាត់​ហេតុ​អ្វី​បានជា​ខាង​ភាស៊ី​នៅ​កំពង់ធំ ដែល​ដាក់​ប៉ុស្តិ៍​នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្លូវ​វាង​ក្រុង​ស្ទឹង​សែន ស្ថិត​ក្នុងភូមិ​កំពង់​សំរោង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ បែរជា​កាក់​រថយន្ត​ដឹកគោ​ក្របី និង​ដកហូត​លិខិត​នាំ​ចេញ​របស់​ពួក​គាត់​ដែល​ចេញ​ដោយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប យក​ទៅ​ទុក​មួយសន្ទុះ​ធំ ធ្វើ​តាមតែ​អំពើ​ចិត្ត ដោយ​ពុំ​មាន​ខាង​សមត្ថកិច្ច​ជំនាញ​ចូលរួម​យ៉ាង​ដូច្នេះ​។

ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គោក្របី​របស់​ពួក​គាត់​ក្តៅ​ដង្ហក់​យ៉ាង​ខ្លាំង​ចុះបើសត្វ​របស់​គាត់​ស្លាប់​តើ​ខាង​ណា​ជា​អ្នក​ទទួលខុសត្រូវ​។ ពួក​គាត់​បន្ត​រថា បច្ចុប្បន្ន​នេះ អ្នកម៉ៅការ​ភាស៊ី​សត្វ​ក្នុង​ខេត្តកំពង់ធំ​ដោយ​បាន​សេចក្តីសម្រេច​ពី​លោក អ៊ុត សំ​អន បាន​ដាក់​ប៉ុស្តិ៍​ចំនួន​៣​កន្លែង​រង់ចាំ​ដេញ​កាក់​រថយន្ត​ដឹក​សត្វ​មិន​ថា​សត្វ​នាំ​ចេញពី​ក្នុង​ខេត្ត ឬ​ក៏​គ្រាន់តែ​ឆ្លងកាត់​ខេត្ត​នោះ​ឡើយ ប៉ុស្តិ៍​ទី​១.​ស្ថិត​នៅ​ព្រំប្រទល់​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​ក្នុងភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក ស្ទោង ប៉ុស្តិ៍​ទី​២.​ស្ថិត​នៅ​ព្រំប្រទល់​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ក្នុងភូមិ​អណ្តា​ស ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក និង​ប៉ុស្តិ៍​ទី​៣.​ស្ថិត​នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្លូវ​វាង​ក្រុង​ស្ទឹង​សែន ស្ថិត​ក្នុងភូមិ​កំពង់​សំរោង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន​នេះ​។

ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ខាងលើ​នេះ​លោក ខាត់ រ៉ា ជា​ប្តី​របស់​អ្នកស្រី ផាត សុខ​ហឿ​ន ម្ចាស់​អាជីវកម្ម​ភាស៊ី​សត្វ​ក្នុង​ខេត្តកំពង់ធំ និង​ជា​អ្នក​ចាំ​ទារ​ភាស៊ី​ពី​ការ​នាំ​ចេញ​គោក្របី​ជ្រូក​ក្នុង​ខេត្ត​បាន​ប្រាប់ កោះសន្តិភាព នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ថា កូនចៅ​របស់​លោក​ពិតជា​បាន​កាក់​រថយន្ត​ដឹក​សត្វ​ខាងលើ​នោះ​មែន តែ​ការ​កាក់​នេះ​គឺ​គ្រាន់តែ​ត្រួតពិនិត្យ​មើល​លិខិត​ស្នាម​តែ​ប៉ុណ្ណោះ តែ​ក្នុង​លិ​ត​ខិត​នោះ​ឃើញ​មាន​លុប​ថ្ងៃ​ទី​១៥ ដាក់​ថ្ងៃ​ទី​១៦ ដោយ​មានការ​សង្ស័យ​ខ្លាច​បន្លំ​ដឹក​២​ជើង​នោះ​បានជា​កែ​ថ្ងៃ​យ៉ាង​ដូច្នេះ​ទើប​បានជា​កូនចៅ​លោក​យក​លិខិត​នេះ​ទៅ​ឲ្យ​គេ​ថតចម្លង​ដើម្បី​ប្រគល់​ឲ្យ​ខាង​ជំនាញ​។ ពេល​នោះ​កន្លែង​ថតចម្លង​ដែល​នៅ​ជិត​វា​ខូច ទើប​យក​ទៅ​ថតចម្លង​ដល់​ផ្សារ​កំពង់ធំ​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​យូរ​បន្តិច​នោះ ហើយ​ការ​ឃាត់​នេះ​ក៏​ពុំ​បាន​តម្រូវ​ឲ្យ​បង់លុយ​អ្វី​នោះ​ដែរ​។

ចំណែក​ការ​យក​ថ្លៃ​ភាស៊ី​លើ​ការ​នាំ​ចេញ​ជ្រូក​គោក្របី​នេះ​គឺ​ខាង​លោក​យក​ទៅ​តាម​តម្លៃ​របស់​អភិបាលខេត្ត​មុន​សម្រេច​ឲ្យ​យក​តែ​ប៉ុណ្ណោះ បើ​មិន​ឲ្យ​យក​ទេ​នោះ​លោក​ក៏​គ្មាន​ប្រាក់​ចំណូល​យក​ទៅ​បង់​ឲ្យ​ខេត្ត​ដែរ​។ ពាក់ព័ន្ធ​ករណី​ខាងលើ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ប្រាប់ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​ថា លោក​ក៏​មិន​បាន​យល់​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ទេ​អំពី​បញ្ហា​នេះ សូម​សួរនាំ​ទៅ​ខាង​មន្ទីរ​កសិកម្ម​ដែល​ជា​មន្ទីរ​ជំនាញ​ចុះ​។

លោក ចាន់ បញ្ញា​វ័​ន្ត ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ប្រាប់​ថា ការ​កាក់​រថយន្ត​ដឹក​ផលិតផល​ដើម​កំណើត​ពី​សត្វ​ដែល​តែ​ឆ្លងកាត់​ខេត្តកំពង់ធំ​ដោយ​ពុំ​មានការ​ចូលរួម​ពី​ខាង​មន្ត្រី​ជំនាញ​នោះ​គឺជា​ការ​ខុសច្បាប់ ខាង​លោក​ក៏​មិន​យល់​ដែរ​ពី​ទ​ង្វើ​រ​ខាងលើ​នេះ​។​ប្រ​សិន​ណា​សត្វ​ទាំង​អស់នោះ​គេ​បាន​ទិញ​ពី​កសិករ​នៅ​ក្នុង​ខេត្ត​ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ខេត្ត​ខាង​ជំនាញ​របស់​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​អំពី​សុខភាព​សត្វ និង​តម្រូវ​ឲ្យ​បង់ថ្លៃ​ជ្រូក​១​ក្បាល​១០០០​រៀល គោក្របី​១​ក្បាល​២០០០​រៀល​តែ​ប៉ុណ្ណោះ​។​

ចំណែក​ការ​ទារ​ភាស៊ី​ថ្លៃ​ជ្រូក​៨.០០០​រៀល គោក្របី​១២.០០០​រៀល​១​ក្បាល​ដើម្បី​យក​ទៅ​បង់​ឲ្យ​ខេត្ត​នោះ​គឺ​មិន​មាន​ពាក់ព័ន្ធ​ជាមួយនឹង​ខាង​ជំនាញ​របស់​លោក​នោះ​ទេ​។ ទ​ង្វើ​ទាំង​អស់នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ថា​កេងប្រវ័ញ្ច​លើ​ខ្នង​រាស្ត្រ​នោះ ពួក​គាត់​សូម​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ចាត់វិធានការ​ចំពោះ​មន្ត្រី​ពុក​រលួយ​ខិលខូច​ខាងលើ​នេះ​ផង​ដែល​បាន​ឃុបឃិត​គ្នា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។ ពីព្រោះ​តែ​អំពើ​ពុក​រលួយ​ទាំង​អស់នេះ​ហើយ​ព្រមទាំង​វប្បធម៌​អន្តរាគមន៍ ដែល​ជា​ហេតុ​នាំ​ឲ្យ​តម្លៃ​សត្វ​ចិញ្ចឹម​របស់​ពួក​គាត់​ធ្លាក់​ចុះ​មាន​តម្លៃ​ថោក​យ៉ាង​ដូច្នេះ​៕