ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មាន​គម្រោង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​វិនិយោគ​ចិន​ចំនួន​១៧​រូប​បាន​ចូល​ជួប​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ កន្លង​មក ដើម្បី​រាយការណ៍​អំពី​គម្រោង​វិនិយោគ​ដ៏​ធំ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។ នេះ

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​វិនិយោគ​ចិន​ចំនួន​១៧​រូប​បាន​ចូល​ជួប​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ កន្លង​មក ដើម្បី​រាយការណ៍​អំពី​គម្រោង​វិនិយោគ​ដ៏​ធំ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ ។

នៅ​ក្នុង​ជំនួប​នោះ គណៈប្រតិភូ​ចិន​បាន​ស្នើ​សុំ​ក្រសួងទេសចរណ៍​ចំនួន​៣​ចំណុច រួម​មាន ៖
១-​សូម​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា ។
២-​សូម​អញ្ជើញលោក​រដ្ឋមន្ត្រី និង​ប្រតិភូ​ទៅ​ចូលរួម​សន្និសីទ​ទេសចរណ៍​ពិភពលោក នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១៧ ខាង​មុខ ។
៣-​សូម​អញ្ជើញលោក​រដ្ឋមន្ត្រី​ធ្វើ​ជា​ប្រធានកិត្តិយស​នៃ​សហព័ន្ធ​អន្តរជាតិ​អភិបាលក្រុង ។

ជា​ការ​ឆ្លើយ​តប លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​សម្ដែង​នូវ​សេចក្តី​រីករាយ និង​សូម​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន ។ ទោះបី​យ៉ាងណា លោក​ក៏​បាន​អំពាវនាវ​ដល់​ក្រុម​វិនិយោគ​ចិន ធ្វើការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ជំរុញ និង​អនុវត្ត​គម្រោង​វិនិយោគ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖ « រាល់​គម្រោង​វិនិយោគ​គឺ​ត្រូវ​ធានា និង​គោរព​ឲ្យ​បាន​នូវ​គោលការណ៍​បរិស្ថាន ភាព​ស្អាត និង​បៃតង ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក ប្រកបដោយ​ភាព​ទាក់ទាញ ភាព​ស្អាត និង​បៃតង »​។

ទន្ទឹម​នឹង​នោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៥​លាន​នាក់ កើនឡើង​៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៥ ក្នុង​នោះ​ទទួល​បាន​ទេសចរ​ចិន​ចំនួន​៨៣​ម៉ឺន​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​២​នៃ​ទីផ្សារ​ទេសចរ​សំខាន់​ៗ ទាំង​១០ ។ តាម​ការ​ព្យាករ ឆ្នាំ​២០២០​កម្ពុជា​នឹង​អាច​ទទួល​បាន​ទេសចរ​អន្តរជាតិ​យ៉ាងតិច ៧​លាន​នាក់ និង​ទាក់ទាញ​ទេសចរ​ចិន​ឲ្យ​បាន​យ៉ាងតិច​២​លាន​នាក់ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ដើម្បី​សម្រេច​តាម​ផែនការ​នេះ ក្រសួងទេសចរណ៍​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ ២០១២-២០២០ និង​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​កម្ពុជា ។ ចំពោះ​ទីផ្សារ​ទេសចរ​ចិន ក្រសួង​ក៏​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ក្នុង​ការ​ទទួល​ទេសចរ​ចិន និង​អ្នក​វិនិយោគ​ចិន ដោយ​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ចិន និង​សៀវភៅ​ស​ស្តី​ពី «China Ready» ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ ឲ្យ​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ទាមទារ​ឲ្យ​មានការ​បង្កើត​និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ជា​ច្រើន​ទៀត ហើយ​ការងារ​នេះ​ចាំបាច់​ត្រូវ​មានការ​វិនិយោគ​ពី​បរទេស ពិសេស​ពី​ប្រទេស​ចិន លើ​វិស័យ​ទេសចរណ៍ ដូច​ជា មណ្ឌល​កម្សាន្ត​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ សណ្ឋាគារ រី​ហ្សត ភោជនីយដ្ឋាន កន្លែង​ទិញ​ទំនិញ (Shopping) មធ្យោបាយ​ដឹក​ជញ្ជូន​ទេសចរណ៍ អាកាសយានដ្ឋាន​អន្តជាតិ កំពង់​ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ជា​ច្រើន​ទៀត ធ្វើ​យ៉ាងណា​ទាក់ទាញ​ទេសចរ​ឲ្យ​ស្នាក់​នៅ​បាន​យូរ ចាយ​ច្រើន និង​មក​ទស្សនា​ច្រើន​ដង ។ ទេសចរ​អន្តរជាតិ​ដែល​មក​កម្ពុជា គេ​ចង់​ចាយវាយ​ច្រើន តែ​កន្លែង​ខ្លះ គឺ​យើង​នៅ​ពុំ​ទាន់​មាន​លទ្ធភាព​ទាក់ទាញ​ទេសចរ​ឲ្យ​ចាយ​ច្រើន​នៅឡើយ ។

ក្នុង​នោះ​ដែរ ក្រសួងទេសចរណ៍​ក៏​បាន​បង្ហាញ​ជូន​គណៈប្រតិភូ​ចិន​អំពី​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្តកំពត​ផង​ដែរ ៕