ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​សមត្ថកិច្ច​ត្រូវ​ថ្នាំ​សណ្ដំ​អស់ហើយ​មើល

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក​ច្រើន​សារ​ប្រាប់​ដល់​នគរបាល ខណៈ​មាន​ករណី …

ខេត្ត​ប៉ៃលិន ៖ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក​ច្រើន​សារ​ប្រាប់​ដល់​នគរបាល ខណៈ​មាន​ករណី​បើក​លេងល្បែង​ហ្គេ​ម​អ៊ី​ន​ធើ​ណេ​ត​នៅ​ក្បែរ​របង​សាលារៀន​ឯកជន​មួយ​កន្លែង ដែល​ធ្វើ​ឱ្យ​កូន​ៗ​របស់​ពួក​គាត់​ភ្លេច​ការ​រៀនសូត្រ ភ្លេច​បាយ​ភ្លេច​ទឹក ទើប​នៅ​វេលា​ម៉ោង​៣ និង​១៧​នាទី ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រុម​បង្ការ​បង្ក្រាប នៃ​នគរបាល​ស្នងការ​ខេត្ត បាន​ចុះ​បង្ក្រាប​កន្លែង​លេងល្បែង​២​កន្លែង ទី​១-​ហ្គេ​ម​អ៊ី​ន​ធើ​ណេ​ត នៅ​ខាងក្រោយ​ផ្សារ​តា​ប៉ាច ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​រឹបអូស​បាន​ទូ​ហ្គេ​ម​៩​គ្រឿង ឃាត់ខ្លួន​ក្មេង​សិស្សសាលា​លេង​ហ្គេ​ម​៩​នាក់ និង​ម្ចាស់ផ្ទះ​ម្នាក់ ឈ្មោះ អ៊ឹ​ង ចេ​ង​លេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ។ ទី​២-​ល្បែង​លេងបៀរ​នៅ​ខាងក្រោយ​ផ្សារ​តា​ប៉ាច ចម្ងាយ​១០​ម៉ែត្រ ដកហូត​បៀ​១​ហ៊ូ និង​ឃាត់ខ្លួន​៣​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ ស្រី​ម្នាក់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​នគរបាល​មិន​ទាន់​ចុះ​បង្ក្រាប ល្បែង​ហ្គេ​ម​មាន​រហូត​ដល់​ទៅ​៥-៦​កន្លែង ស្ថិត​នៅ​ក្បែរ​របង​សាលារៀន​ឯកជន​មួយ​កន្លែង​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កំពុង​ពង្វក់ស្មារតី​ក្មេង​តូច​ៗ​ជា​សិស្សសាលា ឱ្យ​ភ្លេច​ការ​រៀនសូត្រ តែ​ពេល​សួរនាំ​ខាង​ម្ចាស់​ហ្គេ​ម​ប្រាប់​ថា បង់លុយ​ឱ្យទៅ​នគរបាល​ខេត្ត​ប៉ៃលិន​រួចរាល់​អស់ហើយ បើ​ចង់​ថតរូប​ភាព​យក​ទៅ​ចាក់​ផ្សាយ​យ៉ាងណា​ក៏​មិន​ខ្លាច​ឡើយ ។

ចំណែក​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ភូមិ​ខាងលើ មានការ​ព្រួយបារម្ភ​ពី​កូន​របស់​ខ្លួន បើ​ទោះបីជា​ស្ថិត​នៅ​ក្នុង​ម៉ោង​សិក្សា​យ៉ាងណា​ក៏​មាន​អ្នកខ្លះ​គេច​មិន​ចូល​រៀន ដោយ​វក់​នឹង​ល្បែង​ហ្គេ​ម​កុំ​ព្យូ​រ​ទ័​រ ដែល​ឈ្មួញ​កំពុង​ដាក់​ឱ្យ​លេង​យ៉ាង​គគ្រឹកគគ្រេង ។

ចំណែក​អ្នកខ្លះ​ទៀត​បាន​រអ៊ូរទាំ​ថា បើសិនជា​មានការ​បើក​ឱ្យ​លេងល្បែង​មួយ​នេះ គួរតែ​ដាក់​ឱ្យ​ស្ថិត​នៅ​ឆ្ងាយ​ពីរ​បង​សាលា ទើប​មិន​បង្ក​បញ្ហា​ដល់​សិស្ស​ដែល​កំពុង​រៀនសូត្រ ព្រោះ​ល្បែង​មួយ​នេះ​នៅ​ក្បែរ​ខ្លាំង​ពេក ធ្វើ​ឱ្យ​អារម្មណ៍​ពួក​គេ​មិន​ដក់​ជាប់​ក្នុង​ការ​រៀនសូត្រ​ឡើយ គឺ​នឹកឃើញ​តែ​ការ​លេងល្បែង​នេះ​ប៉ុណ្ណោះ ។

មិន​ត្រឹមតែ​ល្បែង​ហ្គេ​ម​អ៊ី​ន​ធើ​ណេ​ត និង​ល្បែង​បៀ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ល្បែង​កន្ទុយលេខ​(​ឆ្នោត​)​ក៏​កំពុង​ត្រូវ​បាន​គេ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី និង​នៅ​ក្នុង​ផ្សារ​ទាំងអស់​ទូ​ទាំង​ខេត្ត​ប៉ៃលិន ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ ចោរលួច ឆក់ ប្លន់ និង​អំពើ​ឃាតកម្ម​ចាក់​សម្លាប់​ថែម​ទៀត​ផង ។ តែ​គេ​មិនឃើញ​នគរបាល​ចុះ​បង្ក្រាប​នោះ​ឡើយ សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​របស់​មេ​ឆ្នោត​អស់ហើយ​មើលទៅ ៕