ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កម្មករ​ចៀរ​ជ័រកៅស៊ូ កើតរោគ​សរសៃប្រសាទ ចាក់​សាំង​ដុត​ខ្លួន​ទាំង​រស់

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​ម្នាក់​ឈ្មោះ ជួន ម៉ុ​ន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​៨៧ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ បាន​ធ្វើ​អត្តឃា.ត​ដោយ​យក​សាំង​១​ប៊ីដុង​ចំណុះ​៣០​លី​ត្រ

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​ម្នាក់​ឈ្មោះ ជួន ម៉ុ​ន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​៨៧ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ បាន​ធ្វើ​អត្តឃាត​ដោយ​យក​សាំង​១​ប៊ីដុង​ចំណុះ​៣០​លី​ត្រ មកចាក់​ស្រោច​លើ​ខ្លួនប្រាណ​ហើយ​ដុត បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយសារ​តែ​រោគ​សរសៃប្រសាទ​ធ្វើទុក្ខ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ហើយ​ភ្លាម​ៗ​នោះ​ក៏​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ផៃ គឹ​ម​ស៊ា អាយុ​៣៨​ឆ្នាំ បាន​ក្រោក​ទៅ​សា​ជ័រ​នៅ​វេលា​ទៀប​ភ្លឺ​ជាមួយនឹង​កូន​តូច​ម្នាក់​អាយុ​ជាង​៣​ឆ្នាំ ឯ​បុរស​ជា​ប្តី​រូប​នេះ​កំពុង​ដេក​លង់លក់​នៅផ្ទះ​តែ​ម្នាក់ឯង ។ លុះ​នៅ​វេលា​ព្រលឹម​ស្រាង​ៗ ស្រាប់តែ​គេ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ក្រហមច្រាល នៅ​ក្នុងផ្ទះ​តៀម​សាងសង់​អំពី​បេតុង សម្រាប់​ឱ្យ​កម្មករ​ស្នាក់​នៅ​នោះ ។

លោក​អធិការរង​បន្ត​ថា ខណៈ​ឃើញ​ដូច្នេះប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ទៅ​ជួយ​ពន្លត់ភ្លើង តែ​ដោយ​ទ្វារផ្ទះ​ខាង​មុខ​ខ្ទាស់​ជាប់​មិន​អាចចូល​ទៅ​បាន​ទេ គឺ​ត្រូវ​នាំ​គ្នា​ទម្លាយ​ទ្វារ​ខាងក្រោយ និង​ដងទឹក​ពាង​មក​ជះ​ពន្លត់​ដោយ​ប្រើ​ពេល​ជិត​កន្លះ​ម៉ោង​ទើប​ភ្លើង​រលត់ តែ​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ជួន ម៉ុ​ន បាន​ស្លាប់​រួញ​ក្រញ​ង់​ទៅ​ហើយ​។ តាម​ការ​ត្រួតពិនិត្យ​ឃើញ​ថា​បុរស​រូប​នេះ​ពិតជា​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ចាក់សាំង​ដុត​សម្លាប់​ខ្លួន​មែន និង​បាន​ប្រគល់​សព​ឱ្យទៅ​ប្រពន្ធ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។   

លោក​វរ​ស​នី​យ៍​ត្រី ឡុ​ង សា​រិ​ន បាន​រំឭកថា កាលពី​៣​ឆ្នាំ​មុន​បុរស​រូប​នេះ​ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ប៉ះទង្គិច​ត្រូវ​ក្បាល​ពីក្រោយរបួសធ្ងន់ លុះ​ជា​សះស្បើយ​ក៏​ចេះ​តែ​ធ្វើទុក្ខ​ក្បាល​និង​កើតរោគ​សរសៃប្រសាទ ហើយ​ប្រពន្ធ​នាំ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​រហូត​ជា​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។ ប៉ុន្តែ​នៅ​ពេល​មុន​កើតហេតុ​៣​ថ្ងៃ បុរស​រូប​នេះ​ចេះ​តែ​រវើរវាយ​ឃើញ​គេ​មក​ដេញចាប់ លុះ​មក​ដល់​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ក៏​បាន​យក​សាំង​មក​ចាក់​ដុត​ខ្លួនឯង​ធ្វើ​អត្តឃាត​តែ​ម្តង ។ បុរស​រូប​នេះ​មានកូន​ចំនួន​៤​នាក់​ក្នុង​នោះ​ស្រី​២​នាក់ តែ​កូន​ដែល​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​មាន​តែ​កូន​តូច​ម្នាក់​ប៉ុណ្ណោះ ក្រៅពី​នេះ​រស់នៅ​ឆ្ងាយ​និង​មាន​ប្តី​ប្រពន្ធ​អស់ហើយ ៕