ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​ច្រាន​ចោលការ​សុំ​ពន្យារពេល​ចូល​បំភ្លឺ​របស់​លោក គឹ​ម សុខ ដែល​កំណត់​នៅ​ថ្ងៃនេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ សម្រេច​ច្រានចោល​សំណើ​របស់​អ្នកវិភាគ​បញ្ហា​សង្គម

រាជធានី​ភ្នំពេញ ៖ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ សម្រេច​ច្រានចោល​សំណើ​របស់​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​លោក​គឹ​ម សុខ ដែល​សុំ​ពន្យារពេល​ចូល​ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​បណ្តឹងរបស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តាម​ការ​កោះហៅ​ឱ្យ​ចូលខ្លួន​នៅ​ថ្ងៃ​១៧ កុម្ភៈ ។

ការ​សម្រេច​ច្រានចោល​នេះ ធ្វើ​ឡើង​ភ្លាម​ៗ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ បន្ទាប់​ពី​លោក​គឹ​ម សុខ បាន​បង្ហាញ​វត្ត​មាននៅ​សាលាដំបូង​ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​សាលាដំបូង​រាជធានី​ពន្យារពេល​ចូល​ឆ្លើយ​បំភ្លឺ ដោយសារ​លោក​មិន​ទាន់​បាន​ពឹងពាក់​រក​មេធាវី ដើម្បី​ការពារ​រឿង​ក្តី​នេះ​បាន​នៅឡើយ ។

ព្រះរាជអាជ្ញា​រង លោក សៀង សុខ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បដិសេធ​លើ​សំណើសុំ​លើក​ពេល​របស់​លោក គឹ​ម សុខ បាន​នោះ​ទេ​ដោយ​គ្រាន់តែ​ចារ​បន្ថែម​លើ​លិខិត​របស់​លោក គឹ​ម សុខ ដែល​មាន​ស្រាប់​ថា «​យើង សៀង សុខ មិន​អនុញ្ញាត​លើ​ការ​ស្នើ​សុំ​នេះ​ទេ សាមីខ្លួន​ត្រូវ​តែ​ចូល​មក​កាន់​អយ្យការ តាម​កាលកំណត់​»​។

ថ្លែង​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ នេះ លោក គឹ​ម សុខ អះអាង​ថា មូលហេតុ​នៃ​ការ​សុំ​ពន្យារពេល ដោយសារ​តែ​លោក​រក​មេធាវី​ការពារ​ក្ដី ដែល​មិន​យក​ថ្លៃ​មិន​ទាន់​បាន ។

ជា​ថ្មី​ទៀត​លោក គឹ​ម សុខ បាន​បង្ហាញ​ជំហរ​មិន​គេចខ្លួន​ទៅ​ក្រៅប្រទេស និង​ប្រកាស​នៅ​តតាំង​នឹង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តាម​ផ្លូវ​តុលាការ ។ លោក​ក៏​បាន​ថ្លែង​ដែរ​ថា លោក​មិន​ដូរ​ដាច់ខាត​នូវ​ជំហរ​អត្ថាធិប្បាយ រឿង​សង្គម និង​នយោបាយ ទោះ​មាន​បណ្ដឹង ១០០​ទៀត ត្រូវ​គេ​ដាក់​ទម្លាក់​សង្កត់​លើ​រូប​លោក​ក៏​ដោយ ។

សូម​បញ្ជាក់​ថា មេធាវី​តំណាង​ឱ្យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ពាក្យ​ប្ដឹង​លោក​គឹ​ម សុខ ទាមទារ​សំណង​ជំងឺ​ចិត្ត​៥០​ម៉ឺន​ដុល្លារ​ទាក់ទង​ការ​ធ្វើ​អត្ថាធិប្បាយ​ចោទប្រកាន់​រាជរដ្ឋាភិបាល​ជា​អ្នក​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។ តាម​រយៈ​ដីកា​បង្គាប់ ព្រះរាជអាជ្ញា​រង​សៀង សុខ បានឱ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ​ច្រកព្រំដែន​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស និង​ហាមឃាត់​ឈ្មោះ គឹ​ម សុខ ជា​ជនសង្ស័យ​មិន​ឱ្យទៅ​ក្រៅប្រទេស ។

បន្ថែម​ពីលើ​បណ្ដឹងទាមទារ​សំណង​ជំងឺ​ចិត្ត ៥០​ម៉ឺន​ដុល្លារ​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដឹង​លោក​គឹ​ម សុខ មួយ​ករណី​ថ្មី​បន្ថែម​ទៀត ពី​បទ​ចោទ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​មួយ ដែល​មានការ​សម្លាប់​មនុស្ស​ហើយ​រកមុខ​ឃាតករ​មិនឃើញ​ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០​លាន​រៀល​ផង​ដែរ​។
តាម​អ្នក​តាមដាន​សភាពការណ៍ ករណី​ចោទ​ពី​បទ​ព្រហ្មទណ្ឌ​នេះ លោក គឹ​ម សុខ ទំនងជា​គេច​មិន​រួច​ពី​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​នោះ​ទេ បើ​តុលាការ​រក​ឃើញ​កំហុស ។

លោក គឹ​ម សុខ បាន​ប្រកាស​ថា នៅ​តែ​ប្រកាន់​ជំហរ​ដដែល ក្នុង​ការ​អត្ថាធិប្បាយ​ពី​សង្គម​កម្ពុជា​មិន​ឈប់​ទេ ទោះបី​មានរឿង​ក្តី​ត្រូវ​បាន​ប្តឹង​ចំនួន​ពីរ ឬ​រាប់រយ​ក៏​ដោយ ក៏​មិន​ផ្លាស់​ប្តូរ​ជំហរ​ដែរ ។ លោក​បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកកាសែត​ដែល​ចោមរោម​នៅ​មុខ​សាលាដំបូង មាន​កម្លាំង​តាមដាន​លោក​ជា​ច្រើន​នាក់ និង​មាន​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​មាន​គេ​ចង់ឱ្យ​មានការ​សម្របសម្រួល​គ្នា ។ លោក​និយាយ​ថា សារ​នោះ​គេ​សរសេរ​មើល​មិន​យល់​ទេ និង​មាន​គេ​ទូរស័ព្ទ​មក​លោក​ថា «​បើ​គេ​ចង់​ធ្វើ​ៗ​បាន​» ៕