រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាកាមរី ស៊េរីឆ្នាំ១៩៩០ មួយគ្រឿងត្រូវគេយកទៅប្លុងចោលរយៈពេល២យប់ និង៣ថ្ងៃមកហើយដោយពុំដឹងពីមូលហេតុទេ ។ ដោយមានការសង្ស័យថា រថយន្តនោះមានបញ្ហាមិនប្រក្រតីទើបសមត្ថកិច្ចប៉ូលិសចរាចររាជធានីភ្នំពេញស្ទូចដឹកយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ជាបណ្តោះអាសន្នរង់ចាំស្រាវជ្រាវបន្តទៀត។ រថយន្តនោះត្រូវគេយកទៅប្លុងចោលលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីទល់មុខអាជ្ញាធរជាតិប្រេងកាតភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចស្ទូចចេញកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០១១ ដោយពុំឃើញម្ចាស់ចេញមុខតវ៉ាឡើយ ។
តាមប្រភពព័ត៌មានឱ្យដឹងថា រថយន្តនោះម៉ាកតូយ៉ូតាកាមរី ស៊េរីឆ្នាំ១៩៩០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2B 0859 ត្រូវគេបើកយកទៅប្លុងទុកចោលនៅ ចំណុចនោះអស់រយៈពេល២យប់ និង៣ថ្ងៃមកហើយ ។ មុនពេលចាកចេញទៅម្ចាស់រថយន្តបានចាក់សោទ្វារជាប់។គេពុំដឹងថា រថយន្តនោះជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីមួយទេ ហើយក៏ពុំដឹងថា ម្ចាស់របស់វាមានបញ្ហាអ្វីដែរ ទើបបានជាបើកយកទៅប្លុងចោលបែបនេះ ។ ដោយសារតែបែបនោះ ម្យ៉ាងចតនៅលើផ្លូវបង្កការប៉ះពាល់ដល់ក្បួនគណៈប្រតិភូអន្តរជាតិផង ទើបប៉ូលិសសម្រេចចិត្តស្ទូចរថយន្តនោះដឹកយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាន ខណ្ឌដង្កោ ដើម្បី ស្រាវជ្រាវរកម្ចាស់ និងមូលហេតុនៃការប្លុងចោល ។
សមត្ថកិច្ចឱ្យដឹងទៀតថា រថយន្តនោះយ៉ាងហោចណាស់ក៏លក់បានតម្លៃ២០០០ដុល្លារដែរ បើគ្មានបញ្ហាទេ ប្រាកដជាម្ចាស់មិនយកទៅប្លុងចោលឡើយ ។ ប្រជាពលរដ្ឋនិយាយថា កន្លងមកគេធ្លាប់ឃើញរថយន្តនោះត្រូវគេប្លុងចោលនៅជិតសាកលវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ហើយបន្ទាប់មកឃើញយកទៅប្លុងចោលនៅចំណុចមុខអាជ្ញាធរជាតិប្រេងកាតវិញ ម្តង ពិតជាធ្វើឱ្យមានការសង្ស័យខ្លាំងណាស់ ៕
ចែករំលែកព័តមាននេះ