ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែង​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​អនុវត្ត​ទោស​បាន​១​ឆ្នាំ​កន្លះ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ បន្ទាប់​ពី​ទណ្ឌិត​រូប​នេះ

ខេត្តកណ្ដាល ៖ លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ បន្ទាប់​ពី​ទណ្ឌិត​រូប​នេះ អនុវត្ត​ទោស​បាន​១​ឆ្នាំ​កន្លះ និង​មានការ​លើកលែងទោស​៦​ខែ​។ លោក លឹ​ម សុ​គ​ន្ថា ព្រះរាជអាជ្ញា​ខេត្តកណ្តាល បាន​ចេញ​ដីកា​ដោះ​លែង នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧​។ ដីកា​បង្គាប់​ឱ្យ​ដោះ​លែង​របស់ លោក លឹ​ម សុ​គ​ន្ថា បាន​បញ្ជាក់​ថា បង្គាប់​មក​លោក​ប្រធាន​ពន្ធ​គារ​ខេត្តកណ្តាល ឱ្យ​ដោះ​លែង​ជា​បន្ទាន់​ឈ្មោះ អាំង មាលតី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជាតិខ្មែរ មុខរបរ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​ទីលំនៅ មុន​ពេល​ឃុំខ្លួន​នៅផ្ទះ​លេខ​៩៤៧​អា ផ្លូវ​កាលី​ហ្វ័​រ​ញ៉ា សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ  មាន​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ​/១៨៦៥/​ដក​ប​ឃ​ខ​/ ចុះ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៥ បើសិនជា​ឈ្មោះ​នេះ​មិន​ត្រូវ​បាន​ឃុំខ្លួន​ពី​បទល្មើស​ផ្សេង​ទៀត​ទេ​។

សូម​បញ្ជាក់​ថា លោក អាំង មាលតី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច ធ្វើការ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៥ ពី​បទ​កិបកេង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ប្រព្រឹត្ត នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អំឡុង​ខែធ្នូ ឆ្នាំ​២០១៤ តាម​មាត្រា​៣២ នៃ​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​មាត្រា​៥៩៧ មាត្រា​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ​។

ក្រោយមក​សំណុំរឿង​របស់​លោក អាំង មាលតី ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ហើយ​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៦ ចៅក្រម​បាន​បើក ធ្វើការ​ជំនុំជម្រះ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ តែ​អនុវត្ត​នៅ​ក្នុង​ពន្ធនាគារ​២​ឆ្នាំ ទោស​នៅ​សល់​ព្យួរ និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល​។ លុះ​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ​ធ្វើការ​បន្ធូរ​បន្ថយទោស ចំនួន​៦​ខែ ដោយនៅ​អនុវត្ត​ទោស​តែ​១៦​ខែ​ប៉ុណ្ណោះ​។ គេ​នៅ​ចាំ​ថា​លោក អាំង មាលតី ធ្លាប់​មាន​តួនាទី​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ  និង​ត្រូវ​បាន​ផ្ទេរ​មក​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ អំឡុង​ឆ្នាំ​២០១៤​។

ក្នុងអំឡុងពេល​លោក​កាន់​តំណែង​នេះ មានរឿង​អាស្រូវ​ជា​ច្រើន នៅ​ក្នុង​សាលាដំបូង ដែល​លោក​បាន​យក​តួនាទី  ទៅ​ប្រព្រឹត្ត​ខុសឆ្គង​រឿងអាស្រូវ​ធំ​បំផុត​នោះ​គឺ​លោក អាំង មាលតី បាន​ដោះ​លែង​ឪពុក​ម្ដាយ លោក ថោ​ង សា​រ៉ាត់ ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​នគរបាល​តាម​ចាប់​ត្រលប់​មក​វិញ​។ ក្រោយមក​ទៀត លោក អាំង មាលតី ត្រូវ​បាន​ផ្ទេរ​ទៅ​បម្រើ​ការងារ នៅ​ក្រសួងយុត្តិធម៌ បាន​មួយ​រយៈ​ក៏​ត្រូវ​បាន អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ ស្រាវជ្រាវ​រក​ឃើញ​បទល្មើសក៏ចាប់ខ្លួន​តែ​ម្ដង​៕