ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ដដែល​…​ដឹកឈើ​កណ្តាលអធ្រាត្រ​បំបាក់​ស្ពានដែក​ទៀត​ហើយ

7 ឆ្នាំ មុន

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​កែន ស្រុក​ឈូកបាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​កែន ស្រុក​ឈូកបាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌ស ចំណុះ​៨​តោន ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៥៧៤៥ ដែល​ដឹកឈើ​ពេញ​ទ្រុង​ឆ្លងកាត់​ស្ពានដែក​ស្ទឹង​កោះ​ស្លា ស្ថិត​ក្នុងភូមិ​ស្រកានាគ ឃុំ​តា​កែន ស្រុក​ឈូក បាន​បណ្តាល​ឲ្យ​បាក់​ស្ពាន​ទៅ​មុខ​លែង​រួច​នៅ​ជាប់​គាំង​លើ​ស្ពាន និង​បណ្តាល​ឲ្យ​កកស្ទះ​ដល់​ចរាចរណ៍​លើ​ផ្លូវលំ​ក្រួស​ក្រហម​មួយ​ខ្សែ​នេះ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា មក​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ កម្លាំង​សមត្ថកិច្ច​ខាង​រដ្ឋបាល​ព្រៃឈើ​កំពត កំពុង​រើ​ឈើ​ដែល​នៅ​លើ​រថយន្ត​ដើម្បី​ស្ទូច​យក​រថយន្ត​ចេញ​ពីលើ​ស្ពាន នាំ​យក​មក​កាន់​រដ្ឋបាល​ព្រៃឈើ​កំពត ។ ឈើ​ដែល​ផ្ទុក​លើ​រថយន្ត​នេះ បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថា មាន​ជា​ច្រើន​ម៉ែត្រគូប ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ បាន​ខ្សឹប​ប្រាប់​កោះសន្តិភាព​ដោយ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា មុន​ពេល​កើតហេតុ​ឃើញ​រថយន្ត​ធំ​ៗ ដឹកឈើ​ចេញ​ទៅ​មុន​រួច​អស់ពីរ​គ្រឿង​ហើយ និង​បាន​ឆ្លង​ផុត​ពី​ស្ពានដែក​នេះ​ដោយ​សុវត្ថិភាព ។ បន្ទាប់​មក ទើប​រថយន្ត​មួយ​គ្រឿង​នេះ​បើក​មក​តាម​ក្រោយ ដោយ​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​នាំ​ផ្លូវ​ផង​ដែរ ។ លុះ​មក​ដល់​លើ​ស្ពានដែក​បេ​ឡេ​តន៍​នេះ​ក៏​ស្រុត​ស្ពាន បណ្តាល​ឲ្យ​រថយន្ត​ចំតិត​គូទ​ជាប់​លើ​ស្ពាន​ទៅ​មុខ​លែង​រួច ។ ភ្លាម​ៗ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​នាំ​ផ្លូវ​ប្រ​កូក​ប្រកាស​ថា ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​បាន​មួយ​គ្រឿង ដែល​ដឹក​ឲ្យ​បាក់​ស្ពានដែក​នៅ​ចំណុច​ខាងលើ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ កោះសន្តិភាព​បាន​ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក ជួន សា​រ៉ា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ដើម្បី​សុំ​ឲ្យ​បំភ្លឺ​ករណី​ដែល​បាន​កើតឡើង តែ​លោកនាយ​រង​ខណ្ឌ​ប្រាប់​ថា លោក​ជាប់​ប្រជុំ​មិន​អាច​បំភ្លឺ​បាន​ទេ សុំ​ឲ្យ​ទាក់ទង​ទៅ​លោក កង គឹ​ម​លី នាយ​ខណ្ឌ​វិញ  តែ​ទូរស័ព្ទ​លោកនាយ​ខណ្ឌ​រូប​នេះ ហៅ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល ។

គួរ​រំឭក​ថា កន្លង​មក​ដោយសារ​តែ​រថយន្ត​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​នៅ​លើ​ផ្លូវលំ​មួយ​ខ្សែ​នេះ ក៏​ធ្លាប់​បាក់​ស្ពានដែក​អស់​មួយ​មក​ហើយហើយ​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​ស្ពាន​បាក់​ដោយសារ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ផ្ទុក​ឈើ​លើស​ចំណុះ ។ លើក​នេះ​ទៀត ប្រជាពលរដ្ឋ​ចាំ​មើល​ថា តើ​សមត្ថកិច្ច​ជំនាញ​មាន​វិធានការ​យ៉ាងណា​ចំពោះ​ជនល្មើស ដែល​ធ្វើ​ឲ្យ​ខូចខាត​ស្ពាន​ដោយសារ​តែ​ការ​រកស៊ី​ខុសច្បាប់​នេះ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ក្បួន​រថយន្ត​ដឹកឈើ​បំផ្លាញ​ស្ពាន​នេះ​ក៏​មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​នៅ​ចំណុច​ខាងលើ នាំ​ផ្លូវ​រថយន្ត​នេះ​ដែរ ។ ក្រោយ​ពី​មាន​ករណី​បាក់​ស្ពាន​លើក​ទី​១ គេ​ឃើញ​ការ​ដឹកឈើ​ដោយ​រថយន្ត​ធំ​ៗ​បាន​ផ្អាក​សកម្មភាព​ដឹក​ឆ្លងកាត់​តំបន់​នេះ​តែ​១៥​ថ្ងៃ​គត់ ។

បន្ទាប់​មក​នៅ​តែ​មាន​សកម្មភាព​ដឹកឈើ​តាម​ផ្លូវ​នេះ​ដដែល ដោយសារ​មានការ​បើកភ្លើង​ខៀវ​ពី​កម្លាំង​ស្នាក់​ការ​សន្តិសុខ​កងរាជអាវុធហត្ថ​នៅ​ទីនោះ ។

ប្រភព​ពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត បានឱ្យ​ដឹង​ថា តាម​ការ​បញ្ជា​ពី​លោក កង គឹ​មលី នាយ​ខណ្ឌ ដែល​ទទួល​សេចក្តីរាយការណ៍​ពី​កម្លាំង​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​មក​ថា នៅ​យប់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ អាច​មាន​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចេញពី​ខេត្តកំពង់ស្ពឺ​មក​កាន់​ខេត្តកំពត​ឆ្ពោះទៅ​ច្រក​តន់​ហន់ ដើម្បី​លក់​ឱ្យ​ឈ្មួញ​វៀតណាម កម្លាំង​រដ្ឋបាល​ព្រៃឈើ​កំពត ក៏​បាន​ចាំ​ឃ្លាំមើល​នៅ​ជិត​វត្ត​អង្គ​ចក ស្រុក​ជុំ​គិរី ដើម្បី​បង្ក្រាប ។ ប៉ុន្តែ​ទំនងជា​បែក​ការណ៍ ក្រុម​ឈ្មួញ​បាន​គេច​ពី​កន្លែង​លាក់ខ្លួន​របស់​មេព្រៃ​កំពត ដោយ​ឱ្យ​រថយន្ត​ដឹកឈើ​នោះ​បើក​គេច​ពី​កន្លែង​ស្ទាក់​ចាប់​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ដោយ​បើក​សំដៅ​ទៅ​ត្បូង រួច​ឆ្លងស្ពាន​ដែក​មួយ​នៅ​ជិត​សាលាឃុំ​តា​កែន បណ្តាល​ឱ្យ​បាក់​ទៅ​មុខ​មិន​រួច ។

ក្រោយ​ពី​បាក់​ស្ពាន ក្រុម​ឈ្មួញ​មិន​បាន​នៅ​ទទួលខុសត្រូវ​ទេ គឺ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ បន្សល់​ទុក​តែ​វត្ថុ​តាង​នៅ​លើ​ស្ពាន​ដែល​បាក់ ។
តាម​ការ​ប៉ាន់​ប្រមាណ ឈើ​នៅ​លើ​រថយន្ត​មាន​ចំនួន​ប្រមាណ​១៣​ម៉ែត្រគូប ជា​ប្រភេទ​ម្រេញ ។

បើ​តាម​មន្ត្រី​អាវុធហត្ថ​មួយ​រូប​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា តាម​ពិត​ឈើ​ទាំងនេះ​ក្រុម​ឈ្មួញ​មុន​ពេល​ដឹក​ចេញពី​ខេត្តកំពង់ស្ពឺ គឺ​សុទ្ធតែ​បាន​ទាក់ទង​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​រួច​អស់ហើយ ក្នុង​នោះ​មាន​ទាំង​មេព្រៃ​ខេត្តកំពត​ផង​ដែរ ។ បើ​គ្មាន​ការ​បើកដៃ​ពី​សំណាក់​មេព្រៃ​ទេ ក្រុម​ឈ្មួញ​ក៏​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដែរ ។

នេះ​ចាត់​ទុក​ថា​ជា​រឿង​ស៊យ​របស់​ឈ្មួញ​ព្រោះតែ​ដឹក​បាក់​ស្ពាន បើ​មិន​បាក់​ស្ពាន​ទេ ម្ល៉េះ​សម​ឈើ​ទាំង​អស់នេះ​នឹង​ទៅ​ដល់​ច្រក​តន់​ហន់​តាំងពី​យប់ ហើយ​ឆ្លង​ចូល​ទៅ​វៀតណាម​បាត់​ទៅ​ហើយ ។

បើ​តាម​មន្ត្រី​ដែល​មិនសូវ​បាន​សើម​មាត់​សើ​មក​នឹង​គេ​បាន​បង្ហើប​ថា តាម​ពិត​ក្រុម​រដ្ឋបាល​ព្រៃឈើ​កំពត មិន​បាន​ឃ្លាំមើល​ចាំ​បង្ក្រាប​ឡើយ គឺ​នាំ​គ្នា​ចាំ​មើលផ្លូវ​ឱ្យ​ឈ្មួញ​ទៅ​វិញ​ទេ ហើយ​នៅ​ពេល​ដែល​មាន​ហេតុការណ៍​បាក់​ស្ពាន​កើតឡើង ក៏​តាំង​នាំ​គ្នា​ចេញ​មុខ​ធ្វើ​ជា​មក​បង្ក្រាប ហើយ​ធ្វើ​របាយការណ៍​ដាក់​ជូន​ថ្នាក់លើ​ថា ចាំ​បង្ក្រាប​ទៅ​វិញ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ដោះ​បន្ទុក​ខ្លួន​តែ​ប៉ុ​ណ្ពោះ ។

មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​អះអាង​ឱ្យ​ប្រាកដ​ថា រថយន្ត​និង​ឈើ​ទាំងនេះ​ជា​របស់​ឈ្មួញ​ម្នាក់​ណា​ឡើយ តែបើ​ចង់​ដឹង​ថា​ម្ចាស់​រថយន្ត​នេះ​ជា​អ្នក​ណា សួរ​តែ​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​ទៅ​ប្រាកដជា​ដឹង​ហើយ បើ​លោក​មិន​អនុញ្ញាត​ក្រុម​ឈ្មួញ​ក៏​មិន​ហ៊ាន​ចេញ​ឈើ​រហូត​ធ្វើ​ឱ្យ​បាក់​ស្ពាន​ដែរ ។

ទោះជា​យ៉ាងណា​ក្តី នេះ​គ្រាន់តែ​ជា​ព័ត៌មាន​ក្រៅផ្លូវការ​ប៉ុណ្ណោះ​មិន​អាច​យក​ជា​ការ​បាន​ឡើយ ឯ​រឿងរ៉ាវ​ពិត​យ៉ាងណា​នោះ អាស្រ័យ​លើ​សមត្ថកិច្ច​មេព្រៃ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ។ បើ​ថ្នាក់លើ​ចង់​ដឹង​ប្រាកដ​ថា រឿងរ៉ាវ​យ៉ាងណា​នោះ ទាល់តែ​បង្កើត​ក្រុម​ស្រាវជ្រាវ​ចុះ​មក​អង្កេត​ទើប​ដឹង​ច្បាស់ បើ​មើល​និង​ស្តាប់​តាម​សេចក្តីរាយការណ៍ គឺ​មើលទៅ​ថ្នាក់​ក្រោម​ដូច​ជា​ប្រឹងប្រែង​ខ្លាំង​ណាស់ ៕