ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Putin ជួប​ជា​មួ​យ​នាយក​ប្រតិបត្តិ Volkswagen ដើម្បី​ជំរុញ​ការ​លក់

7 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ លោក​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin បាន​ជួប​ជាមួយ​លោក Matthias Mueller នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Volkswagen ក្នុង​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​ពុធ និង​និយាយ​ថា លោក​បាន​ត្រៀមខ្លួន​ជា​ស្រេច

ប្រទេស​រុ​ស្ស៊ី ៖ លោក​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin បាន​ជួប​ជាមួយ​លោក Matthias Mueller នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Volkswagen ក្នុង​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​ពុធ និង​និយាយ​ថា លោក​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​ដល់​ក្រុមហ៊ុន​រថយន្ត​អា​ល្លឺ​ម៉​ង់​នេះ ដើម្បី​អភិវឌ្ឍន៍​អាជីវកម្ម​នៅ​រុ​ស្ស៊ី ខណៈ​ការ​លក់ និង​តម្រូវការ​កំពុង​ធ្លាក់​ចុះ ។
លោក Putin ឲ្យ​ដឹង​ថា លោក​យល់​ពី​ឧបសគ្គ​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ជួប​ប្រទះ​ក្នុង​ប្រទេស​រុ​ស្ស៊ី គឺ​ទីផ្សារ​យានយន្ត​ធ្លាក់​ចុះ ព្រោះតែ​ភាព​អន់​ថយ​នៃ​សេដ្ឋកិច្ច ។ លោក​ថ្លែង​ថា ៖ « ពួក​យើង​ពិតជា​សប្បាយ​រីករាយ​ណាស់​ដែល​អាជីវកម្ម​របស់​អ្នក​កំពុង​តែ​ល្អ​ប្រសើរ ប៉ុន្តែ​នៅ​មាន​ឧស​គ្គ​មួយ​ចំនួន​ទៀត ។ ពួក​យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចរចា​ពី​សំណួរ​ណាមួយ​របស់​អ្នក ដើម្បី​ជួយ​ដល់​អ្នក​អាច​អភិវឌ្ឍន៍​បន្ថែម​ក្នុង​ប្រទេស​រុ​ស្ស៊ី » ។

VW Group ផលិត​រថយន្ត​យីហោ Volkswagen, Audi, Seat និង Skoda គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​ធំ​ជាងគេ​របស់​រុ​ស្ស៊ី បើ​គិត​ពី​ការ​លក់ និង​ប្រាក់​ចំណូល ប៉ុន្តែ​ចំនួន​លក់​របស់​ក្រុមហ៊ុន​នេះ​បាន​ធ្លាក់​ចុះ​៥%​ក្នុង​ប្រទេស​រុ​ស្ស៊ី​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​តាម​សមាគម​អាជីវកម្ម​អឺរ៉ុប (AEB) ។

ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​មួយ​ចំនួន​ដូច​ជា General Motors បាន​បោះបង់​ចោល​ប្រទេស​រុ​ស្ស៊ី ប៉ុន្តែ Volkswagen នៅ​តែ​រក្សា​ការ​វិនិយោគ និង​និយាយ​ថា ការ​លក់​នឹង​ប្រសើរ​ឡើង​វិញ​នៅ​ថ្ងៃ​ណាមួយ​ដូច​ឆ្នាំ​២០១២ ដែល​បាន​លក់​រថយន្ត​៣​លាន​គ្រឿងក្នុង​១​ឆ្នាំ (​បច្ចុប្បន្ន បាន​តែ​១,៤​លាន​គ្រឿង​) ។

ក្រុមហ៊ុន​នេះ​ផលិត​រថយន្ត​ក្នុង​រោងចក្រ​មួយ​នៅ Kaluga មាន​ចម្ងាយ​១៧០​គីឡូម៉ែត្រ​ទៅ​ទិស​នីរ​តី​ពី​ទីក្រុង​មូ​ស្គូ និង​បាន​ចាប់ផ្តើម​ផលិតកម្ម​ក្នុង​រោងចក្រ​ថ្មី​មួយ​នៅ​ឆ្នាំ​២០១៥ ។ ក្រុមហ៊ុន​ក៏​មាន​រោងចក្រ​២​ផ្សេង​ទៀត​ផង​ដែរ ។

តាម​ប្រភព​មួយ​និយាយ​ថា ការ​ជួប​គ្នា​រវាង​លោក Mueller និង​លោក Putin គឺ​ទាក់ទិន​នឹង​អត្ថប្រយោជន៍​ផ្តាច់មុខ​សម្រាប់​ក្រុមហ៊ុន​ខាងលើ ។

Volkswagen បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​គេ​ប្តេជ្ញា​ចិត្ត​ចំពោះ​ទីផ្សារ​រុ​ស្ស៊ី ដែល​បាន​ផ្តល់​ការងារ​ផ្ទាល់​ចំនួន​៦.៨០០ និង​មិន​ផ្ទាល់​៥​ម៉ឺន ហើយ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​អភិវឌ្ឍន៍​បន្ត​ក្នុង​ប្រទេស​នេះ​ទៀត​ផង ។ Volkswagen ឲ្យ​ដឹង​ថា ៖ « ពួក​យើង​គិតដល់​អនាគត និង​ចង់​ស្វែងរក​វិធី​អនុម័ត​យុទ្ធសាស្ត្រ​ពិភពលោក ក្នុង​ទីផ្សារ​រុ​ស្ស៊ី » ។

លោក Putin បាន​ប្រាប់​ដល់​អ្នកកាសែត​ថា អត្ថប្រយោជន៍​ផ្នែក​ពន្ធ​បាន​ជួយ​ដល់​ការ​លក់​របស់​ក្រុមហ៊ុន Volkswagen ។

AEB មើលឃើញ​ថា ការ​លក់​រថយន្ត​នៅ​រុ​ស្ស៊ី នឹង​កើនឡើង​៤%​ក្នុងឆ្នាំនេះ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ជាប់​ៗ​គ្នា​អស់​៤​ឆ្នាំ ។ AEB និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​លក់​បាន​ធ្លាក់​ចុះ​៥%​ក្នុង​ខែមករា​។ ទោះជា​យ៉ាងណា ការ​លក់​របស់ VW Group បាន​កើនឡើង​២%​ក្នុង​ខែមករា ៕