ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​គន្លឹះ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅ​កាន់​វិនិយោគិន ធុរជន​ទាំង​ថ្នាក់​ជាតិ ក្នុង​តំបន់ និ​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ដែល​បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​២០១៧ នៅ​

រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅ​កាន់​វិនិយោគិន ធុរជន​ទាំង​ថ្នាក់​ជាតិ ក្នុង​តំបន់ និ​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ដែល​បាន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​២០១៧ នៅ​សណ្ឋាគារ​អាំ​ទែ​រ​កុង​ទី​ណ​ង់ តា​ល់ នា​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ម្សិលមិញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​មានការ​ចូលរួម​ជា​ដៃគូ​នៅ​ក្នុង​កិច្ចការ​រៀបចំ​អនាគត​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ ជាមួយ​គ្នា​នេះ កម្ពុជា​នៅ​តែ​មាន​ជំហរ​បន្ត​ស្វាគមន៍ និង​បន្ត​ជំរុញ​លើក​ទឹក​ចឹ​ត្ត​ចំពោះ​បណ្ដា​គម្រោង​វិនិយោគ​បរទេស​នានា​មក​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការ​បើក​ទូលាយ ព្រមទាំង​ការ​បង្កើត​នូវ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ កាន់តែ​មាន​ភាព​ទាក់ទាញ មាន​លក្ខណៈ​ទុក​ចឹ​ត្ត​បាន​សម្រាប់​វិនិយោគិន និង​ធុរជន​ទាំងអស់ ។

សម្តេច​តេ​ជោ​ថ្លែង​បន្ដ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ និង​កំពុង​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ ដែល​ជា​យុទ្ធសាស្ត្រ​កំណើន​ថ្មី គឺជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​កសាង​មូលដ្ឋាន​ផលិតកម្ម​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន ហើយ​មាន​លក្ខណៈ​សមាហរណកម្ម​ជាមួយនឹង​ខ្សែ​សង្វា​ក់​តម្លៃ​ក្នុង​តំបន់ និង​ពិភពលោក ។ ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស គឺជា​ចំណុច​គន្លឹះ​នៃ​គោលនយោបាយ​នេះ ដែល​បាន​ផ្តោត​ការ​យក​ចឹ​ត្ត​ទុកដាក់​លើ​ចង្កោម​នៃ​វិស័យ​អា​ទី​ភាព ដូច​ជា ឧស្សាហកម្ម​កម្ម​ន្តសាល​ថ្មី​ៗ​សម្រាប់​បើក​ច្រកចូល​ទីផ្សារ​ផ្តល់​តម្លៃបន្ថែម​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត និង​ការ​ប្រកួត ប្រជែង​ខ្ពស់ ។ សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិតកម្ម​ឧស​ថ និង​បរិក្ខារ​ពេទ្យ សម្ភារ​សំណង់ សម្ភារ​ដំណើរការ​វេច​ខ្ចប់ ការ​នាំ​ចេញ គ្រឿងសង្ហារិម និង​ឧបករណ៍​សម្ភារ​បម្រើ​ឲ្យ​ឧស្សាហកម្ម កសិ​ឧស្សាហ​កម្ម​ដែល​បម្រើ​ឲ្យ​ការ​នាំ​ចេញ និង​ទីផ្សារ​ក្នុងស្រុក ប្រភេទ​ឧស្សាហកម្ម​ដែល​គាំទ្រ​ដល់​កសិកម្ម ទេសចរណ៍ និង​វាយ​ន​ភណ្ឌ ក៏​ដូច​ជា​ខ្សែបម្រើ​ឲ្យ​សង្វា​ក់​ផលិតកម្ម​តំបន់ និង​សង្វា​ក់​តម្លៃ​ពិភពលោក​។ ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឲ្យ​ខ្សែ​សង្វា​ក់​ផលិតកម្ម​តំបន់ ដែល​មាន​ចរិត​ជា​យុទ្ធសាស្ត្រ​ដូច​ជា បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរសារ​គមនាគមន៍ ថាមពល ឧស្សាហកម្ម​ធុន​ធ្ងន់ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និង​បច្ចេកវិទ្យា​បៃតង ។

ជាមួយនឹង​កិច្ច​ខិ​ខំប្រឹង​ប្រែង​នេះ សម្តេច​តេ​ជោ​បាន​គូ​សប​ពា្ជ​ក់ថា ក្នុង​ក្រប​ខណ្ឌ​គោលនយោបាយ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​ចំណុច​គន្លឹះ​ចំនួន​៤​គឺ៖

១-​ការ​បញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​តំបន់ឧស្សាហកម្ម រួម​ទាំង​វិសាលភាព​គ្របដណ្តប់​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​ភាព​ជឿ​ទុកចិត្ត​នៃ​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​។
២-​រៀបចំ និង​អនុវត្តន៍​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​ពហុ​នយោបាយ ។
៣-​ពង្រឹង និង​អភិវឌ្ឍន៍​យន្តការ​គ្រប់គ្រង​ទីផ្សារពលកម្ម និង​ការ​បណ្តុះបណ្តាល​ជំនាញ ។
៤-​អភិវឌ្ឍន៍ និង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ។

ទន្ទឹម​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​ខិតខំ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​រយៈពេល​វែង​ព្រមទាំង​កិច្ចសហការ​ល្អជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក គួប​ផ្សំ​នឹង​វឌ្ឍនភាព និង​សមិទ្ធផល​សំខាន់​ៗ​ធំ​ៗ​ជា​ច្រើន​ក្នុង​ពេល​កន្លង​មក ព្រមទាំង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ប្រកបដោយ​ភាព​ប្រក​ដ​និយម ប៉ុន្តែ​មាន​មហិច្ឆតា​ខ្ពស់ មាន​គោលនយោបាយ​ត្រឹមត្រូវ​មាន​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ច្បាស់លាស់ ក៏​ដូច​ជា​ឆន្ទៈ​មុត​ស្រួច​ឥត​រា​ថយ​ក្នុង​ការ​អនុវត្ត ។ ក្នុង​នោះ​ដែរ កម្ពុជា​កំពុង​តែ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អាស៊ាន​សំដៅ​ប្រែក្លាយ​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​ទៅ​ជា​កាតាលីករ ឬ​ផ្កាយ​កំពុង​រះ​មួយ​ឌួ​ង ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ។

ផ្អែក​លើ​មូលដ្ឋាន​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ខ្ញុំ​សូម​អញ្ជើញ​អស់លោក​ទាំងអស់​គ្នា​ចូលរួម​ជា​ដៃគូ​ជាមួយ​យើងខ្ញុំ តាម​រយៈ​វិភាគទាន​ជាក់ស្តែង​នានា​នៅ​ក្នុង​កិច្ចការ​រៀបចំ​អនាគត​កាន់តែ​ល្អ​ប្រសើរ​ឡើង​សម្រាប់​កម្ពុជា ។ រាជរដ្ឋាភិបាល នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការ​បើក​ទូលាយ ព្រមទាំង​ការ​បង្កើត​នូវ​បរិយាកាស​វិនិយោគ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​កាន់តែ​មាន​ភាព​ទាក់ទាញ មាន​លក្ខណៈ​ទុកចិត្ត​បាន​សម្រាប់​វិនិយោគិន និង​ធុរជន​ទាំងអស់ » ៕