ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​មាន​ចំណុច​មួយ​ចំនួន​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​វិនិយោគ​ពី​បរទេស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចំណុចកណ្ដាល​នៃ​អាស៊ាន និង​ត្រូវ​បាន​រំពឹង​ថា អាច​នឹង​ទាក់ទាញ​វិនិយោគិន មក​បណ្ដាក់ទុន​ច្រើន នៅ​ពេល​អាស៊ាន​ចាប់ផ្ដើម​ដំណើរការ តែ​យ៉ាងណា

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ចំណុចកណ្ដាល​នៃ​អាស៊ាន និង​ត្រូវ​បាន​រំពឹង​ថា អាច​នឹង​ទាក់ទាញ​វិនិយោគិន មក​បណ្ដាក់ទុន​ច្រើន នៅ​ពេល​អាស៊ាន​ចាប់ផ្ដើម​ដំណើរការ តែ​យ៉ាងណា​អ្នក​វិនិយោគ​មក​បណ្ដាក់ទុន​នៅ​តែ​មាន​កម្រិត​នៅឡើយ ដែល​តម្រូវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ផ្សព្វផ្សាយ និង​រៀបចំ​វេទិកា​ធុរកិច្ច​ជា​បន្តបន្ទាប់ ដើម្បី​ទាក់ទាញ​វិនិយោគិន​ធំ​ៗ​មក​បណ្ដាក់ទុន​បន្ថែម​ទៀត ស្រប​ពេល​មាន​អ្នក​វិនិយោគ​មួយ​ចំនួន​ហើយ​បាន​ចាប់អារម្មណ៍ និង​ចាប់ផ្ដើម​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា ក្នុង​នោះ ចិន និង​ជប៉ុន ក៏​មាន​កំណើន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។ តើ​កម្ពុជា​គួរតែ​ត្រៀម​អ្វីខ្លះ និង​ត្រូវធ្វើ​អ្វី​បន្ថែម​ទៀត ដើម្បី​ធានា​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពី​សំណាក់​វិនិយោគិន​បរទេស ?

លោក Brettong G. Sciaroni ប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (IBC ) ដែល​ជា​អ្នក​រៀបចំ​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ឆ្នាំ​២០១៧ រយៈពេល​២​ថ្ងៃ នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ ពី​ថ្ងៃ​ទី​១៥ និង​១៦ កុម្ភៈ បានឱ្យ​ដឹង​ថា ឆ្លងកាត់​តាម​បទ​ពិសោធន៍​អស់​រយៈពេល​ជាង​២០​ឆ្នាំ នៅ​កម្ពុជា ឃើញ​ថា កម្ពុជា​បាន​ព្យាយាម​ធ្វើ​បច្ចុប្បន្នភាព​នូវ​ច្បាប់ ក៏​ដូច​ជា​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ​របស់​ខ្លួន ធ្វើ​យ៉ាងណា​ដើម្បី​ទាក់ទាញ​វិនិយោគទុន មក​បណ្ដាក់ទុន ។ មួយវិញទៀត កម្ពុជា ក៏​បាន​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង និង​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​ផង​ដែរ ។

ទោះបី​យ៉ាងណា​ក៏​ដោយ Brettong G. Sciaroni បញ្ជាក់​ថា កម្ពុជា​ក៏​នៅ​មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​វិនិយោគិន​ក្រៅប្រទេស​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ ដូច​ជា ការ​រៀបចំ​ឯកសារ​មួយ​ចំនួន​ដើម្បី​វិនិយោគ​មាន​ភាព​ស្មុ​គ្រ​ស្មាញ ថ្លៃ​ចំណាយ​ក្នុង​ដំណើរការ​ធ្វើ​អាជីវកម្ម និង​ថ្លៃ​អគ្គិសនី​ជាដើម​គឺ​នៅ​មាន​កម្រិត​ខ្ពស់។ លោក​និយាយ​ថា​៖ « ទាក់ទិន​នឹង​កត្តា​នេះ​យើង​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ថ្លៃ​ចំណាយ​ទាំងនោះ​ធ្លាក់​មក​នៅ​ទាប ដើម្បី​ទាក់ទាញ​បន្ថែម​ទៀត​នូវ​វិនិយោគិន​មក​បណ្ដាក់​ទុន​​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នោះ ក្នុង​វិស័យ​កសិកម្ម​ដែល​មាន​សក្ដានុពល​ខ្ពស់ » ។

លោក​បន្ថែម​ថា កត្តា​ដែល​សំខាន់​មួយ ក្នុង​ការ​ទាក់ទាញ​វិនិយោគទុន​ក្រៅប្រទេស​ប្រទេស​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា នោះ​គឺ​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ដូច​ជា​ការ​លុប​បំបាត់​ការិយាធិបតេយ្យ​នៅ​តាម​ស្ថាប័ន​ក្រសួង​មួយ​ចំនួន ព្រោះថា ការិយាធិបតេយ្យ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ស្នើ​សុំ​បើក​អាជីវកម្ម​អ្វីមួយ​នៅ​ក្នុង​ប្រទេស​។ លោក​និយាយ​ថា​៖ « ក្នុង​នាម​យើង​ជា​អ្នកសម្របសម្រួល​វិនិយោគិន យើង​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​វិនិយោគិន​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាព​ងាយស្រួល​ជាង​មុន ដូច​ជា​ការ​សម្រប​សម្រួលការ​បង់ពន្ធ និង​ការ​ស្នើ​សុំ​បើក​ក្រុមហ៊ុន​ថ្មី​ៗ​នៅ​កម្ពុជា ជាដើម​» ។

លោក​បញ្ជាក់​ថា កំណើនសេដ្ឋកិច្ច​ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈពេល​ជាង​មួយ​ទស្សវត្សរ៍​កន្លង​ក​មកនេះ គឺ​ផ្អែក​លើ​មូលដ្ឋាន​នៃ​កំណែទម្រង់​ច្បាប់ និង​លិខិត​បទដ្ឋាន​ដែល​សំខាន់​ចាំបាច់ ដើម្បី​ទាក់ទាញ​វិនិយោគ និង​លើក​ស្ទួយ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក ប៉ុន្តែ​វា​ក៏​ផ្អែក​ផង​ដែរ​ទៅ​លើ​គោលការណ៍​ម៉ាក្រូសេដ្ឋកិច្ច រឹង​មាំ ដូចដែល​បាន​ឆ្លុះ​បញ្ចាំង​​នៅ​ក្នុង​របាយការណ៍ IMF និង​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ។ លោក​ថា ៖ « រយៈពេល​នេះ កំណើន​នេះ​ត្រូវ​បាន​រំខាន​តែ​ម្ដង​គត់​ប៉ុណ្ណោះ ពោល​គឺ​នៅ​ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ទស្សវត្សរ៍​ចុង​ក្រោយ ។ ជា​កុសល វិបត្តិ​ហិរញ្ញវត្ថុ​ទាំងនោះ មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​ដូចដែល​មនុស្ស​ជា​ច្រើន​បារម្ភ​នោះ​ឡើយ ។ វិស័យ​ទាំងអស់​ដែល​បាន​រង​ផល​ប៉ះពាល់​ដូច​ជា វិស័យ​ទេសចរណ៍ កាត់ដេរ​សម្លៀក​បំពាក់ និង​អចលនទ្រព្យ បាន​ងើបឡើង​វិញ​យ៉ាង​ល្អ​ប្រសើរ និង​ក្លាយជា​ផ្នែក​ដ៏​អំណោយផល​នៃ​សេដ្ឋកិច្ច​កម្ពុជា​ជា​ថ្មី​ម្ដងទៀត » ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​ថា ក្នុង​រយៈ ពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ កម្ពុជា​បាន ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ទិដ្ឋភាព​នយោបាយ សន្តិសុខ និង​សង្គម​សេដ្ឋកិច្ច​។ កម្ពុជា​បាន​ក្លាយទៅជា​កោះសន្តិភាព និង​ទិស​ដៅ​ដ៏​ល្បីល្បាញ​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ សម្រាប់​ភ្ញៀវ​ទេសចរ​តំបន់ និង​អន្តរជាតិ មក​កម្សាន្ត ដែល​ក្នុង​ឆ្នាំ ២០១៦​កន្លង​ទៅ កម្ពុជា​បាន​ទទួល ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ ៥​លាន​នាក់ ក្នុង​អត្រាកំណើន​ប្រមាណ​៥% ។

សម្ដេច​បន្ត​ថា ៖ « ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​វិញ កម្ពុជា​បាន​ឆ្លង​ផុត​ពី​ប្រទេស​ដែល​មាន​ចំណូល​ទាប ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​ជាប់​ចំណាត់​ល្អ ជា​ប្រទេស​មាន​កំណើន​ដ៏​រឹង​មាំ ពោល​គឺ​កម្ពុជា​សម្រេច​បាន​កំណើន​ក្នុង​អត្រា​ជា​មធ្យម​៧,៧%​ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លង​មក» ៕