ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​តាម​ចាប់​បាន​បុរស​ម្នាក់ រួច​សារភាព​ថា មក​ពី​ជន​រង​គ្រោះ​ទុក​ម៉ូតូ​ចោល​ទំនង​ពេក

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ជូន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ជូន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​មិន​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅ​ត្រង់​ចំណុច​ក្បែរ​បណ្ណាគារ IBC តាម​បណ្ដោយ ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហេង ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ ពេជ្រ សារស់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​នៅ​ក្នុង​ខារ៉ាអូខេ​មួយ​កន្លែង ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ គឺ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1P-4182​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់ (​ជន​រង​គ្រោះ​) ទើបតែ​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើការ ហើយ​ក៏​បាន​ទៅ​ឈប់​ចត​ចោល​នៅ​ខាង​មុខ​បន្ទប់​ជួល​របស់​ខ្លួន​។ បន្ទាប់​មក​រូប​គាត់​ក៏​បាន​ចូល​ទៅ​អង្គុយ​ហូប​មីឆា​នៅ​ក្នុង​បន្ទប់​ជួល ដោយ​ទុក​ម៉ូតូ​នៅ​ខាងក្រៅ​បន្ទប់​។

ជន​រង​គ្រោះ​បន្ត​ថា មួយ​ស្ទុះ​ក្រោយមក គាត់​ក៏​បានលឺ​សំឡេង «​គ្រេះ​គ្រោះ​» ចេញពី​ខាងក្រៅ​បន្ទប់ ខណៈ​ពេល​នោះ គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​បើកទ្វារ​បន្ទប់​ជួល​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​រត់​ចេញពី​កន្លែង​ម៉ូតូ​របស់​គាត់ (​ជន​រង​គ្រោះ​)​។ ហើយ​គាត់​ក៏​បាន​រត់​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» រហូត​ដល់​ចំណុច​កើតហេតុ ក៏​មាន​ប្រជាពលរដ្ឋ​បានលឺ​រូប​គាត់ (​ជន​រង​គ្រោះ​) ស្រែក ហើយ​ក៏​បាន​ជួយ​ស្ទាក់​ចាប់​ជនសង្ស័យ​បាន​ភ្លាម​ៗ​តែ​ម្ដង​។ ហើយ​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន បន្ទាប់​មក​ក៏​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ចុះ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន តែ​មិន​បាន​សម្រេច​ទេ ចំណែក​មូលហេតុ គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​ទុក​ម៉ូតូ​ចោល​ទំនង​គួរ​ឲ្យ​ចង់​លួច​ពេក​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ នាំ​ខ្លួន​យក​ទៅ​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត ទៀត​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ